ភ្នំពេញ៖ «កុមារហូបស្អាត ផឹកស្អាត រស់នៅស្អាត និង ហាត់ប្រាណ» គឺជាពាក្យស្លោកមួយ ដែលក្រសួងអប់រំ បង្កើតឡើង ដើម្បីណែនាំដល់អាណាព្យាបាល លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្ស ឲ្យប្រកាន់ខ្ជាប់ ដើម្បីធានាពីសុខភាពរបស់សិស្សានុសិស្ស។ ពាក្យស្លោកនេះ ត្រូវបានលើកឡើងដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារនៅក្នុងសាលារៀន នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។
លោក រស់ សុវាចា ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៧ ខែមករា ដូច្នេះថា៖«អាហារូបត្ថម្ភល្អ និង អនាម័យបុគ្គលល្អ ទ្រទ្រង់ជីវិតកុមារ និងមនុស្សគ្រប់វ័យ។ អាហារូបត្ថម្ភល្អ និង អនាម័យបុគ្គលល្អ ចូលរួមលើកកម្ពស់គុណភាពរៀន និងបង្រៀន ថែមទាំងបណ្តាលឲ្យជីវិតរឹតតែមានគុណភាព»។
បឋមសិក្សាព្រះនរោត្តម ត្រូវបានក្រសួងអប់រំ ចាត់ទុកជាសាលាមួយ ដែលផ្តល់គំរូដល់សាលាដទៃទៀត ក្នុងការរៀបចំបរិវេណសាលាស្អាត និងមានអនាម័យ ជាពិសេស ធ្វើជាគំរូ ក្នុងការគ្រប់គ្រង និងហាមប្រាមការលក់ដូរនំចំណី ដែលហួសកាលបរិច្ឆេទ នំចំណីដែលភាពជាតិផ្អែម និងគ្រឿងស្រវឹង។ បឋមសិក្សាព្រះនរោត្តម បានជាប់ជ័យលាភីលេខមួយទូទាំងប្រទេសកម្ពុជា ខាងផ្នែកបរិស្ថានស្អាត ហើយត្រូវបានលោក ហង់ ជួន ណារ៉ុន ជ្រើសរើសធ្វើកន្លែងបើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារក្នុងសាលារៀន។
កុមារា និងកុមារី ដែលសិក្សានៅក្នុងសាលាបឋមសិក្សា ព្រះនរោត្តម ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ
ក្រសួងអប់រំ បង្កើតយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារក្នុងសាលារៀននេះ ក្នុងគោលបំណង ធានាបានថា ចំណីអាហារនៅក្នុងសាលារៀនទូទាំងរាជធានី-ខេត្ត និងតំបន់ដាច់ស្រយាល មិនមានសារធាតុគីមី និងមានអនាម័យល្អ។
ចំណីអាហារដែលក្រសួង ហាមមិនឲ្យលក់ក្នុងសាលា និងហាមសិស្សមិនឲ្យបរិភោគនោះ មានដូចជា ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍ ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូ ចាហួយ នំដូណាត់ គ្រឿងស្រវឹង និង ថ្នាំជក់ ជាដើម។ ចំណាត់ការនេះ ក្រសួងមានការរឹតបន្តឹងក្នុងបរិវេណសាលារៀន បានតឹងរ៉ឹងហើយ តែក្រសួង នៅមានក្តីបារម្ភចំពោះការលក់នំណីនៅក្រៅបរិវេណសាលា។
ក្រសួងអប់រំ មានគោលការណ៍បង្ការជំងឺឆ្លង និងលើកកម្ពស់គុណភាពចំណីអាហារ បរិស្ថានអនាម័យ នៅតាមសាលារៀនទាំងរដ្ឋ និងឯកជន។ រដ្ឋមន្ត្រីអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំបង្កើតឲ្យមានសាលារៀនគំរូ សាលារៀនស្អាត និង សាលារៀនជំនាន់ថ្មី ដើម្បីឆ្លើយតបនឹងយុគសម័យបច្ចេកវិទ្យាទំនើប និងដើម្បីធានាបាននូវគុណភាពសិក្សា។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ដើម្បីរុញច្រានឲ្យកុមារមានសុខុមាលភាព ក្រសួងអប់រំ បានពង្រឹងគណៈគ្រប់គ្រងសាលារៀន ដែលគ្រប់គ្រងលើបរិស្ថាន និងអនាម័យក្នុងសាលារៀន និងពង្រឹងគ្រូបង្រៀន ទៅលើវិធីសាស្ត្រក្នុងការបង្រៀន និង កត្តាឪពុកម្តាយ ដែលមានតួនាទីណែនាំកូនខ្លួនឯង។
រដ្ឋមន្ត្រីរូបនេះ បន្តថា ក្នុងករណីមានអាហារដែលដាក់លក់មានបញ្ហា គណៈគ្រប់គ្រងសាលានឹងបញ្ឈប់ការលក់។ បើតាមលោករដ្ឋមន្ត្រី អគារសិក្សានានាដែលមានលក្ខណៈទ្រុឌទ្រោម ក្រសួងមិនអនុញ្ញាតឲ្យសិក្សាឡើយ ដើម្បីការពារកុំឲ្យមានឧបទ្ទវហេតុកើតឡើងណាមួយជាយថាហេតុ។
ក្រសួងអប់រំ នឹងបន្តប្រារព្ធយុទ្ធនាការនេះ នៅតាមបណ្តាខេត្តមួយចំនួនទៀត ដូចជាសាលាបឋមសិក្សាផ្សារ ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែមករា រួចបន្តទៅសាលាបឋមសិក្សាឃ្លាំងលើក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១៧ ខែមករា ហើយនៅថ្ងៃទី២០ ខែមករា ក្រសួង នឹងប្រារព្ធនៅសាលាបឋមសិក្សាបាគូរ ក្នុងខេត្តកណ្តាល។
ដើម្បីឲ្យយុទ្ធនាការនេះជោគជ័យទៅបាន ក្រសួងអប់រំ នឹងអនុវត្តតាមរយៈការបិទខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាវែង និង បង្កើតជាវីដេអូ ស្តីពីអាហារដែលហាមលក់ ឬបរិភោគនៅក្នុងសាលារៀន៕