អន្តរជាតិ
សភា​តំណាង​អាមេរិក អនុម័ត​កំណត់​អំណាច​សង្គ្រាមលោក​ត្រាំ​ប្រឆាំង​អ៊ីរ៉ង់​
10, Jan 2020 , 7:19 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​សភា​តំណាង​អាមេរិក នៅ​ថ្ងៃទី​៩ ខែមករា បានអនុម័ត​សេចក្តីសម្រេច​មួយ ដោយ​កំណត់​អំណាច​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស អ៊ីរ៉ង់​។ គោលដៅ​នៃ​សេចក្តីសម្រេច​នេះ គឺ​ដើម្បី​លោក​ប្រធានាធិបតី​ស្នើសុំ​ការអនុម័ត​ពី​សភា​អាមេរិក មុននឹង​បង្កជម្លោះ​ណាមួយ​ប្រឆាំង​អ៊ីរ៉ង់  ខណៈ​ភាព​តានតឹង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​យ៉ាប់យ៉ឺន​។

 
​សេចក្តីសម្រេច​ដែល​ហៅថា «​អំណាច​សង្គ្រាម​» ត្រូវបាន​អនុម័ត​ក្នុង​សភា​តំណាង​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជា​ធិ​តេ​យ្យ​ក្នុង​សំឡេង ២២៤ ទល់នឹង​១៩៤ ។ ក៏ប៉ុន្តែ​វា​ពិបាក​នឹង​ចេញរួច​ក្នុង​ព្រឹទ្ធសភា​ដែល​កាន់កាប់​ដោយ​បក្ស​សាធារណរដ្ឋ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ AFP សេចក្តីសម្រេច​នេះ ទទូច​ឲ្យ​ប្រធានាធិបតី​លុបចោល​ការប្រើ​កងកម្លាំងប្រដាប់អាវុធ​អាមេរិក​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់ ប្រសិន​មិន​ទទួលបាន​ការអនុញ្ញាត​ពីស​ភា​។ ការប្រើ​កម្លាំងយោធា អាចធ្វើ​ទៅបាន លើកលែងតែ​ករណី​ចាំបាច់​ដើម្បី​ការពារ​ប្រឆាំងនឹង​ការវាយប្រហារ​ជាក់ស្តែង​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​អនុម័ត​សេចក្តីសម្រេច​នេះ លោកស្រី​ប្រធានសភា​តំណាង ណាន់​ស៊ី ផេ​ឡូ​ស៊ី អះអាងថា សេចក្តីសម្រេច​នេះ មាន​ធ្មេញ​ពិត​ដើម្បី​ត្រួតពិនិត្យ​។ លោកស្រី សង្កត់ធ្ងន់ថា​៖«​យើង ត្រូវ​រក្សា​សុវត្ថិភាព​ជូន​ប្រជាជន​អាមេរិក​»​។​
 
​មែនទែនទៅ​ភាព​តានតឹង​ក្នុង​តំបន់​មជ្ឈិមបូព៌ា កើតឡើង​ក្រោយពី​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន បានសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់​អ៊ីរ៉ង់ ហើយ​ជាការ​ឆ្លើយតប ក្រុង​តេ​ហេ​រ៉ង់ ក្នុង​សប្តាហ៍​នេះ បាន​បាញ់​មី​ស៊ី​ល​លើ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ក្នុងប្រទេស​អ៊ីរ៉ាក់ ។ ជា​សំណាងល្អ គ្មាន​ទាហាន​អាមេរិក​ណាមួយ​ស្លាប់​ក្នុង​ហេតុការណ៍​នេះឡើយ​។ បើ​មើល​តាម​ជំហរ​នៃ​ប្រទេស​ទាំងពីរ គ្មាន​ប្រទេស​ណាមួយ ចង់​ធ្វើ​សកម្មភាព​យោធា​វែងឆ្ងាយ​បន្តទៀត​ឡើយ​។ 
 
​សូមបញ្ជាក់ថា សេចក្តីសម្រេច​របស់​ស​ភា​តំណាង​នេះ គឺ​យកតាម «​ច្បាប់​អំណាច​សង្គ្រាម​ឆ្នាំ ១៩៧៣» ដែល​ផ្តល់​អំណាច​ដល់​សភា​អាមេរិក​ក្នុងការ​ត្រួតពិនិត្យ​អំណាច​ធ្វើសង្គ្រាម​របស់​ប្រធានាធិបតី​។ ក៏ប៉ុន្តែ​សំណួរ​ផ្នែក​ច្បាប់ លើកឡើង​ផងដែរ​ថា​តើ​សភា​អាមេរិក អាច​ប្រើ​សេចក្តីសម្រេច​នេះ​ដើម្បី​ចាប់បង្ខំ​ឲ្យ​ប្រធានាធិបតី​ធ្វើតាម​ខ្លួន​៕

Tag:
 សហរដ្ឋអាមេរិក​
  អ៊ីរ៉ង់​
 ​សភា​តំណាង​
  ដូ​ណា​ល់​ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com