អន្តរជាតិ
ចិន​៖ បុរស​ម្នាក់​បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​រលាក​សួត​
11, Jan 2020 , 10:29 pm        
រូបភាព
រូបភាព៖ Lauren DeCicca
រូបភាព៖ Lauren DeCicca
​បន្ទាប់ពី​ផ្ទុះ​ជំងឺ​រលាក​សួត​នៅក្នុង​ប្រទេស​ចិន​តាំងពី​ខែធ្នូ​មក អាជ្ញាធរ​សុខភាព​ក្រុង​វ៉ូ​ហាន នៅ​ថ្ងៃទី​១១ ខែមករា អះអាងថា បុរស​ម្នា​ក់វ័យ ៦១​ឆ្នាំ បាន​បាត់​បង់ជីវិត​ដោយសារតែ​ជំងឺ​រលាក​សួត នា​ក្រុង​វ៉ូ​ហាន ខេត្ត​ហ៊ុយ​បេ ប្រទេស​ចិន ខណៈពេល​វីរុស​នៃ​ជំងឺ​នេះ មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​។ ចំណែក​មនុស្ស​ចំនួន ៧​នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។



​រហូតមកទល់​ពេលនេះ មានតែ​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ បានទទួល​មរណភាព​ដោយសារ​ជំងឺ​រលាក​សួត ស្របពេល​អ្នកជំនាញ មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​នៃ​វីរុស​ថ្មី​បាន​។ បើតាម​ការអះអាង​រប​ស់​គណៈកម្មការ​សុខភាព​ក្រុង​វ៉ូ​ហាន បុរស​វ័យ ៦១​ឆ្នាំ​រូបនេះ គឺជា​ភ្ញៀវ ដែល​ចូលចិត្ត​ទិញ​គ្រឿង​សមុទ្រ​នៅ​ផ្សារ​មួយកន្លែង​ក្នុង​ក្រុង​វ៉ូ​ហាន​។ ផ្សារ​លក់​គ្រឿង​សមុទ្រ​នេះហើយ ត្រូវ​គែ​សង្ស័យថា​គឺជា​កន្លែង​ដែលមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការរីក​សាយភាយ​វីរុស​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។ បើតាម​គណកម្មកា​រដ​ដែល បុរស​រូបនេះ ក៏​ធ្លាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជុំវិញ​បញ្ហា​សាច់​ដុះ​ក្នុង​ពោះ និង​ជំងឺ​រាំ​រ៉ៃ​របស់គាត់​ដែរ​។ 
 
​តាម​ការចុះផ្សាយ​ទីភ្នាក់ងារសារព័ត៌មាន Reuters ជនរងគ្រោះ​វ័យ​៦១​ឆ្នាំ​រូបនេះ មិនអាច​ជួយសង្គ្រោះ​បាន​ទេ បើទោះបីជា​គេ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ក៏ដោយ​។ បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​ចិន បុរស​រូបនេះ បានទទួល​មរណភាព​នៅ​ថ្ងៃទី​៩ ខែមករា ពេល​ល្ងាច​។ 
 
​ជាការ​ពិត​អ្នកជំងឺ​រលាក​សួត​សរុប ចំនួន ៤១​នាក់​ត្រូវគេ​ធ្វើ​រោគវិនិច្ឆ័យ ដើម្បី​ពិនិត្យ​មើលថា​តើ វីរុស​ថ្មី​នេះ អាច​បង្ក​ឲ្យ​កើត​ជំងឺ SARS បានទេ​។ ក្នុងចំណោម​មនុស្ស​៤១​នាក់​នេះ មាន​ពីរ​នាក់​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទី​ពេទ្យ​ហើយ ចំណែក​សុខភាព​របស់​គេ​ទាំងពីរ​ក៏បាន​ធូរស្បើយ​ដែរ​។ 
 
​កន្លងមក​អាជ្ញាធរ​សុខភាព​ក្រុង បាន​អះអាងថា អ្នកជំងឺ​រលាក​សួត​ភាគច្រើន គឺជា​អ្នកលក់ និង​អ្នកទិញ​គ្រឿង​សមុទ្រ នៅក្នុង​ផ្សារ​មួយកន្លែង​ក្នុង​ក្រុង​វ៉ូ​ហាន​។ ប៉ុន្តែ​អាជ្ញារ​សុខភាព​ចិន នៅតែ​មិនទាន់​រកឃើញ​ទេ​ថា​តើ​វីរុស​នេះ អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ អ្វីដែល​អាជ្ញាធរ​កាន់តែ​ឆ្ងល់​ទៀត​នោះ គឺ​គ្មាន​បុគ្គលិក​ពេទ្យ​ណា​ម្នាក់​ឆ្លង​ជំងឺ​នេះ​ទេ​។ 
 
​យ៉ាងណាក៏ដោយ តាម​របាយការណ៍​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក ជំងឺ​រលាក​សួត​នៅ​ចិន​បច្ចុប្បន្ន អាចមាន​ផ្ទុក​វីរុស​ថ្មី ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺ SARS និង MERS និង​ជំងឺឆ្លង​។ ប៉ុន្តែ​យ៉ាងណា​ដ៏​ដោយ អ្នកជំនាញ​ត្រូវការ​ព័ត៌មាន​ជាច្រើន​ទៀត​ទាក់ទង​ទៅនឹង​វីរុស​ប្រភេទ​ថ្មី​នេះ​។​
 
​សូមបញ្ជាក់ថា បញ្ហា​វីរុស​ថ្មី​នៃ​ជំងឺ​រលាក​សួត​នេះ បានធ្វើ​ឲ្យ​អាជ្ញាធរ​សុខភាព​ចិន​ឈឺក្បាល​យ៉ាងខ្លាំង ខណៈពេល​ប្រទេស​មួយចំនួន នៅ​អាស៊ីអាគ្នេយ៍​ដូចជា កម្ពុជា ថៃ បានចេញ​សេចក្តីថ្លែងការណ៍​ព្រួយបារម្ភ​ពី​បញ្ហា​នេះ និង​ឲ្យ​ប្រជាជន​ពលរដ្ឋ​ប្រុ​ញ​ប្រ​យ​ត្ន​ចំពោះ​ជំងឺ​នេះ​។ អ្វីដែល​ធ្វើ​ឲ្យ​ចិន កាន់តែ​ព្រួយបារម្ភ​ជាង​នេះ នោះ​គឺ ជំងឺ​នេះ គឺ​ផ្ទុះឡើង​នៅ​ជិត​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន នៅ​ចុង​ខែម​ករានេះ​។ ក្នុងឱកាស​ចូលឆ្នាំ ប្រជាជន​ចិន​ជាច្រើន នឹងធ្វើ​ដំណើរ​ទៅលេង​ស្រុក ទៅលេង​ក្រៅប្រទេស​ជាដើម ហើយ​វា​ក៏​អាច​នាំ​ជំងឺ​នេះ ទៅជា​មួយ​ផងដែរ ៕

© រក្សាសិទ្ធិដោយ thmeythmey.com