សុខភាព
អន្តរជាតិ
WHO ព្រមាន​ថា ការ​រាលដាល​វីរុស​នៅ​ចិន​ថ្មី អាចទៅរួច ទោះ​ការចម្លង​មាន​កម្រិត​
15, Jan 2020 , 12:01 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​អង្គការ​សុខភាព​ពិភពលោក ឬ​ហៅ​កាត់​ថា WHO បាន​ព្រមាន​ថា ទោះបី​មាន​ប៉ាន់​ស្មានថា ការចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៃ​វីរុស​ប្រភេទ​ថ្មី  (Coronaviruses) មាន​កម្រិត​ក៏ដោយ​ក្តី វា​នៅតែ​អាចទៅរួច​ដែលថា វីរុស​នេះ អាច​ផ្ទុះ​រាលដាល់​កាន់តែ​ធំ​។

 
​កូ​រ៉ូ​ណាវី​រុស (Coronaviruses) គឺជា​អំបូរ​នៃ​វីរុស​ធំ​មួយ ដែល​អាច​បង្ក​ឲ្យ​អ្នកជំងឺ​មាន​អកា​រៈ ក្តៅខ្លួន ផ្តាសាយ ឈឺក្បាល ជាដើម​។ ទោះ​អកា​រៈ​នៃ​ជំងឺ​នេះ​មាន​លក្ខណៈសាមញ្ញ​មែនពិត អ្នកជំងឺ អាច​ប្រឈម​ការស្លាប់ កាលណា​វីរុស​នេះ បំផ្លាញ​ប្រព័ន្ធ​ផ្លូវដង្ហើម​។ មន្ត្រី​សុខាភិបាល​ចិន បាន​អះអាងថា អំបូរ​វីរុស ស្រដៀង​នឹង​វីរុស SARS ដែល​កាលពី​ឆ្នាំ ២០០២ និង​២០០៣ សម្លាប់​មនុស្ស​អស់​ប្រមាណ​៦០០​នាក់​។ 
 
«​ផ្អែក​តាម​ព័ត៌មាន​ដែល​យើង​មាន​ក្នុង​ដៃ វា​មានលទ្ធភាព​ដែលថា វា​មាន​កម្រិត​ក្នុងការ​ចម្លង​វីរុស​នេះ​ពី​មនុស្ស​ទៅ​មនុស្ស ដែល​លទ្ធភាព​ខ្ពស់បំផុត ក្នុងចំណោម​គ្រួសារ​អ្នកជំងឺ​ផ្ទាល់​។ ក៏ប៉ុន្តែ ពេលនេះ វា​ច្បាស់​ណាស់​ថា យើង​មិនមាន​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Maria Van Kerkhove ប្រធាន​ផ្នែក​ជំងឺ​កើត​ថ្មី​របស់​អង្គការ WHO នៅ​ថ្ងៃទី​១៤ ខែមករា ។ 
 
​ទោះជា​បែបនេះ​ក្តី អង្គារ​សុខភាព​ពិភពលោក កំពុង​រៀបចំ​សម្រាប់​លទ្ធភាព​ដែល​អាចមាន​ការរីក​រា​ល​ដាល​កាន់តែ​ធំ​។ អ្នកស្រី​ប្រធាន បញ្ជាក់​បែបនេះ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកស្រី Maria សង្កត់ធ្ងន់ថា ភ្លាមៗ​នេះ អង្គភាព​អ្នកស្រី ពុំទាន់​មាន​រូបភាព​ផ្នែក​វេជ្ជសាស្ត្រ​ច្បាស់​នៅឡើយ​ទេ​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ជំងឺ​ពាក់ព័ន្ធ​ប្រព័ន្ធ​ផ្លូវដង្ហើម (pneumonia) ចំនួន ៤១ ករណី ត្រូវបាន​រាយការណ៍​ក្នុង​ទីក្រុង វូ​ហាន ភាគ​កណ្ដាល​នៃ​ប្រទេស​ចិន ។  ការធ្វើ​តេស្ត​បឋម​នៅ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ដែល​ចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​រកឃើញថា ករណីនេះ អាច​បង្កឡើង​ដោយ​ក៉ូ​រូ​ណា​វីរុស​ប្រភេទ​ថ្មី​។ អ្នកជំងឺ​ម្នាក់ ត្រូវបាន​រាយការណ៍​ថា បាន​បាត់​បង់ជីវិត​។ 
 
​ដោយឡែក អាជ្ញាធរ​ថៃ បាន​រកឃើញ​ករណី​ជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​ផ្ទុះ​នៅ​ទីក្រុង Wuhan លើ​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​ធ្វើដំណើរ​មកពី​ចិន​។ បើតាម​ការអះអាង​រប​ស់​ក្រសួងសុខាភិបាល​ថៃ​នៅ​ថ្ងៃទី​១៣ ខែមករា អ្នកជំនាញ​ពិតជា​រកឃើញថា ស្ត្រី​រូបនេះ​ពិត​ជាមាន​ផ្ទុក​វី​វុ​ស​ថ្មី ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នេះ​មែន​។ ករណីនេះ គឺជា​លើកទីមួយ​ហើយ ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ក្រៅប្រទេស​ចិន​៕

Tag:
 WHO
  វីរុស​ចិន​ថ្មី
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com