ជាតិ
បច្ចុប្បន្ន កម្ពុជាមិននាំចូលជ្រូកពីវៀតណាម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកឡើយ ប្រភពរូប៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
× ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជា ពុំបាននាំចូលសត្វជ្រូកពីវៀតណាម ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋក្នុងស្រុកឡើយ។ ការបិទនាំចូលនេះ បានធ្វើឡើងបន្ទាប់ ពីមានការផ្ទុះជំងឺបេស្តជ្រូកអាហ្វ្រិកនៅវៀតណាម ហើយបានឆ្លងរាលដាលដល់ខេត្តមួយចំនួននៅកម្ពុជា កាលពីដើមឆ្នាំ២០១៩ មក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សត្វជ្រូកដែលដឹកនៅកម្ពុជានោះ គឺជាជ្រូករបស់ប្រទេសថៃឆ្លងកាត់ទៅវៀតណាម ប៉ុណ្ណោះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលរបស់អគ្គនាយកដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយ នាព្រឹកថ្ងៃទី១៧មករានេះ បានបញ្ជាក់ថា បច្ចុប្បន្នតម្លៃជ្រូករស់នៅប្រទេសវៀតណាម មានតម្លៃខ្ពស់ជាងរបស់កម្ពុជា។ ដោយជ្រូកវៀតណាមមានតម្លៃពី១៤,០០០ទៅ១៦,០០០រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងជ្រូករបស់កម្ពុជា មានតម្លៃត្រឹម១១,០០០ ទៅ១២,០០០រៀល ប៉ុណ្ណោះ។
កាលពីថ្ងៃទី១៦មករា ឆ្នាំ២០២០ មានជ្រូក៤,៥០០ក្បាល ត្រូវបានឡានដឹកជញ្ជូនពីប្រទេសថៃ ឆ្លងកាត់ខេត្តនានា ទៅប្រទេសវៀតណាម។ នេះជាការអះអាងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ សូមបញ្ជាក់ថា កម្ពុជាមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកលើកដំបូង ដោយឆ្លងពីប្រទេសវៀតណាម កាលពីថ្ងៃទី២២មីនា ឆ្នាំ២០១៩ នៅខេត្តរតនគិរី រួចបន្តមកខេត្តត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល ដែលបណ្តាលឲ្យងាប់ជ្រូកសរុបប្រមាណ២៥០០ក្បាល។ ទោះជាយ៉ាងណា មិនទាន់ដឹងពីចំនួនខាតបង់ជាទំហំទឹកប្រាក់ប៉ុន្មានទេ គ្រាន់តែដឹងថាជ្រូកក្នុងមួយក្បាលអាចលក់ចេញក្នុងតម្លៃ២០០ដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com