ជាតិ
ផ្កាអង្គាសីលរបស់លោក ស្អាង យ៉ុង មួយដើមអាចលក់បាន៤០០ដុល្លារ
× ភ្នំពេញោ៖ លោក ស្អាង យ៉ុង អ្នកលក់ផ្កាអង្គាសីលតាមបណ្តាយផ្លូវរថភ្លើង ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានផ្កាអង្គាសីលធំមួយដើមលក់ក្នុងតម្លៃ៤០០ដុលារ។ លោក យ៉ង ថា ទម្រាំបានដើមផ្កាដ៏ធំដែលមានផ្កាច្រើន និងស្រស់ស្អាតនេះមួយ ត្រូវចំណាយកម្លាំងពលកម្មអស់ច្រើន។
មានបទពិសោធលក់ផ្កាអង្គាសីលជាង២០ឆ្នាំ លោក ស្អាង យ៉ុង បានរៀបរាប់ថា ដើមផ្កាដែលលក់ក្នុងតម្លៃ៤០០ដុល្លារនេះ គឺកាប់មកពីភ្នំក្រវាញដោយត្រូវការមនុស្ស៤នាក់ ដើម្បីយកចុះពី លើភ្នំ។ លោកបានរៀបរាប់យ៉ាងដូចច្នេះ៖«ពិសេសបំផុត គឺកាប់ពីលើភ្នំវាពិបាក ត្រូវជួលគេសែងទម្រាំដល់ក្រោម មួយវិញទៀត បាននាំយីអ៊ុនដល់អ្នកទិញ ហើយស្អាតមានផ្កាច្រើន»។
អាជីវករវ័យ៦១ឆ្នាំរូបនេះ បន្តថា មុននឹងបានដើមផ្កាដ៏ស្រស់សា្អតនេះ គាត់ត្រូវជួលគេបេះស្លឹកចេញឱ្យស្អាត និងដឹកពីខេត្តពោធិ៍សាត់ មកជួលកន្លែងលក់នៅភ្នំពេញ។ ដោយអាកាសធាតុក្តៅធ្វើឱ្យផ្កាពុំសូវល្អ និងពិបានថែទាំ ប៉ុន្តែ សម្រាប់ដើមផ្កាដែលធំជាងគេនេះ គឺលោក យ៉ុង ប្រឹងថែយ៉ាងយកចិត្តទុកដាក់ ហើយវាមានផ្កាច្រើនដែលនឹងរីកចាប់រីកពីថ្ងៃទី២៣ មករានេះទៅ និងអាចរស់បានរយៈពេល៦-៧ខែ ប្រសិនមានការថែទាំបានត្រឹមត្រូវ។
ក្រៅពីដើមផ្កាអង្គាសីលមួយដើមដែលមានតម្លៃ៤០០ដុល្លារនេះ នៅទីតាំងរបស់លោក យ៉ុង ក៏មានដើមផ្កាតម្លៃជិត២០០ដុល្លារ រហូតចុះមកដល់៥ដុល្លារក៏មាន។ ដ្បិតឆ្នាំ២០២០នេះ ហាក់ស្ងាត់អ្នកទិញបន្តិចមែន តែអ្នកលក់ផ្កា ស្អាង យ៉ុង រំពឹងថា នឹងលក់អស់ដូចឆ្នាំមុន ដែលលោកទទួលបានប្រាក់ចំណេញជាង៣លានរៀល៕
Tag:
ផ្កាអង្គាសីល
ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com