កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករៀបចំ​អូឡាំពិក​តូ​ក្យូ ត្រៀម​ទប់ទល់ Fake News ជុំវិញ​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​ក្នុង​ព្រឹត្តិការណ៍​
07, Feb 2020 , 9:19 pm        
រូបភាព
អ្នករៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ បាន​ចេញមក​អះអាង​ជាថ្មី​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ថា​កីឡា​នេះ​នឹង​ដំណើរការ​ទៅមុខ​តាម​ការគ្រោងទុក​ដដែល ទោះបី​មានការ​បារម្ភ​ខ្លាំង​ពី​ការរីក​រាលដាល់​នៃ​មេរោគ​កូ​រ៉ូ​ណាវី​រុស​។ អ្នករៀបចំ​ក៏​ចូលរួម​ប្រឆាំងនឹង​ព័ត៌មាន​បំភិតបំភ័យ​ជុំវិញ​បញ្ហា​មេរោគ​នេះ​ផងដែរ​។​



​នាយក​ប្រតិបត្តិ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​លោក Toshiro Muto និយាយថា អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ បាន​បង្កើត​ក្រុមការងារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​កូ​រ៉ូ​ណា​វីរុស​ដែល​បានសម្លាប់​មនុស្ស​ជា​បន្ត​បន្តា​ប់​។ លោក​សន្យាថា​ការប្រកួត​កីឡា​នេះ​នឹងមិន​ត្រូវ​បង្អាក់​ឡើយ​។​
 
​លោក Muto ធ្លាប់​លើកឡើង​ម្តង​រួចមកហើយ​អី​ពី​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​នៃ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី (2019-NoCv) ដែល​អាច​សម្លាប់​មនុស្ស​អំឡុង​ការប្រកួត​កីឡា​រដូវក្តៅ​នៅក្នុង​ប្រទេស​ជប៉ុន​នេះ​។ លោក​ថែមទាំង​សង្ឃឹមថា វីរុស​ថ្មី​ក្នុងប្រទេស​ចិន​នេះ នឹង​អាច​រក​វិធី​ទប់ស្កាត់បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុងការ​ឈានទៅ​កាន់ការ​ប្រកួត​កីឡា​លំដាប់​ពិភពលោក​នា​ខែកក្កដា ខាងមុខ​។​


លោក Toshiro Muto នាយកប្រតិបត្តិកីឡាអូឡាំពិកក្រុងតូក្យូ
 
​យ៉ាងណាក៏ដោយ បន្ទាប់ពី​ការពិនិត្យ​លើ​គម្រោង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រួចរាល់ លោក Muto បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​កីឡា​អូឡាំពិក​រដូវក្តៅ ឆ្នាំ​២០២០ នឹង​ដំណើរការ​ទៅតាម​ការគ្រោងទុក​។​
 
«​ជា​រឿង​សំខាន់​ក្នុង​ការរក្សា​គោលបំណង​របស់​យើង និង​ផ្តោតអារម្មណ៍​ឲ្យ​បាន​ស្ងប់​។ យើង​មិន​ចង់​ប្រកាស​ភាពអាសន្ន​ជា​សាធារណ​នោះទេ​។ ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស​នៅមានកម្រិត ហើយ​មិនមាន​បញ្ហា​ក្នុងការ​ដំណើរការ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នោះដែរ​»​។ នាយក​ប្រតិបត្តិ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ អះអាង​ដូច្នេះ​។​
 
​ដោយឡែក អ្នកនាំពាក្យ​គណៈកម្មាធិការ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ (IPC) លោក Craig Spence បាន​ត្អូញត្អែរ​ជុំវិញ​ការបន្លំ និង​ការបង្កើត​«​ព័ត៌មាន​មិន​ច្បាស់ការ​» អំពី​មេរោគ​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នេះ​។ លោក​យល់ឃើញថា​ព័ត៌មាន​ទាំងនោះ អាច​រារាំង​ការយល់ឃើញ​របស់​សាធារណជន​ក្នុង​ដំណើរ​ឆ្ពោះទៅ​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​។​
 
​លោក Spence បង្ហាញ​កង្វល់​ថា​៖«​ការភ័យខ្លាច​កំពុងតែ​រីក​រាលដាល​លឿន​ជាង​កូ​រ៉ូ​ណាវី​រុស​ទៅទៀត​។ វា​សំខាន់​ណាស់​ដែល​យើង​ត្រូវតែ​កម្ចាត់​ភាពភ័យខ្លាច​នេះ​។ មានតែ​១៩១​ករណី​ប៉ុណ្ណោះ​ដែល​កើតមាន​នៅក្រៅ​ប្រទេស​ចិន ដូច្នេះ​យើងទាំងអស់គ្នា​គួរ​គិត​ឲ្យ​បាន​វែងឆ្ងាយ​។ ប្រសិនបើ​អ្នក​ប្រៀបធៀប​អត្រា​ទាំងនោះ​ជាមួយនឹង​ជំងឺ​ផ្តាសាយ​ធម្មតា ពួកគេ​នៅតែមាន​ចំនួន​តិចតួច​នៅឡើយ​»​។​
 
​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​នៅ​មិនបាន​ប្រកាស​ពី​ការរីក​រាលដាល​នៃ​កូ​រ៉ូ​ណា​វីរុស​ក្នុង​កម្រិត​ខ្លាំងក្លា​នោះដែរ​។ កាលពី​កីឡា​អូ​ឡាំ​ពិ​ក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៦ ក៏​អ្នករៀបចំ​អាច​ដោះស្រាយ​ជាមួយ​វីរុស​ហ្សី​កា (Zika) បាន​ផងដែរ​ដោយ​ត្រូវ​ពឹង​ផ្អែកលើ​អ្នកជំនាញ មិនមែន​លើ​ព័ត៌មាន​ទាំងស្រុង​ឡើយ​៕
 

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com