អន្តរជាតិ
បង់​ក្លា​ដែសលុប​គម្រោង​ជម្លៀស​ពលរដ្ឋ ព្រោះ​បុគ្គលិកយន្តហោះ​បដិសេធ​ធ្វើដំណើរ​ទៅ​វូ​ហាន​
10, Feb 2020 , 9:39 am        
រូបភាព
មន្ត្រីសុន្តិសុខបង់ក្លាដេស ទទួលពលរដ្ឋដែលជម្លៀសពីវូហាន កាលពីថ្ងៃ ១ កុម្ភៈ នៅព្រលានយន្តហោះ. (ប្រភពរូប៖ AFP)
មន្ត្រីសុន្តិសុខបង់ក្លាដេស ទទួលពលរដ្ឋដែលជម្លៀសពីវូហាន កាលពីថ្ងៃ ១ កុម្ភៈ នៅព្រលានយន្តហោះ. (ប្រភពរូប៖ AFP)
ដោយ:
បុគ្គលិក​យន្តហោះ​មកពី​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិរ​បស់បង់​ក្លា​ដែស Biman បាន​បដិសេធ​ទៅ​បម្រើការ​លើ​ជើងហោះហើរ​មួយ ដែលមាន​គោលដៅ​ដឹក​ជម្លៀស​ពលរដ្ឋ​ខ្លួន​ពី​ក្រុង​វូ​ហាន ខេត្ត ហ៊ូ​ប៉ី ប្រទេស​ចិន​។ ការណ៍​នេះ បង្ខំ​ឲ្យ​រដ្ឋាភិបាល​សម្រេច​លុបចោល​ផែនការ​ជម្លៀស​វិញ​។

«​យើង​ពុំ​អាច​នាំយក​ពួកគេ (​ពលរដ្ឋ​បង់​ក្លា​ដែ​ស​) មកវិញ ព្រោះថា​យើង​មិនអាច​បញ្ជូន​ជើងហោះហើរ​ណា​ទៀត​បាន​»​។ រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែស AK Abdul Momen បាន​ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កុ​ម្កៈ​។ 
 
​លោក បន្តទៀតថា​៖«​គ្មាន បុគ្គលិក​យន្តហោះ​ណាមួយ ចង់ទៅ​កាន់​ទីនោះ​ឡើយ​»​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក សង្កត់ធ្ងន់ថា សូម្បីតែ​ក្រុម​នាវិក​យន្តហោះ​ដែល​ធ្លាប់បាន​ទៅ​តំបន់​រងគ្រោះ​ដោយសារ​វីរុស​នេះ​កាលពី​លើក​មុន ក៏​មិន​ចង់​ធ្វើដំណើរ​ទៅ​ទីនោះ​ទៀត​ដែរ ។ 
 
​កាលពី​សប្តាហ៍​មុន ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​ដឹក​ជម្លៀស​ពលរដ្ឋ​ខ្លួន ៣១២ នាក់ ភាគច្រើន​សុទ្ធតែជា​និស្សិត​ពី​ទីក្រុង​វូ​ហាន ដែលជា​ចំណុច​ផ្តើម​នៃ​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ ហើយ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បានរៀបចំ​ជើងហោះហើរ​ជា​លើក​ទី​២ សម្រាប់​ជនជាតិ​បង់​ក្លា​ដែស​ចំនួន ១៧១​នាក់​ផ្សេងទៀត ។​
 
​ពលរដ្ឋ​បង់​ក្លា​ដែ​ស​ដែល​ត្រូវបាន​ជម្លៀស​នៅ​ជើងហោះហើរ​ទី​១ និង​នាវិក​យន្តហោះ ដែល​បាន​ត្រលប់​ទៅដល់​ទីក្រុង Dhaka កាលពី​ថ្ងៃទី​១ ខែកុម្ភៈ កំពុង​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ​។ មន្ត្រី​សុខាភិបាល​បង់​ក្លា​ដែ​ស បាន​បញ្ជាក់ថា គ្មាន​នរណា​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​វីរុស​នេះឡើយ​។ 
 
​គិត​ត្រឹម​ថ្ងៃ​១០ ខែកុម្ភៈ​នេះ វា​ពុំទាន់​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ដែល​បាន​រកឃើញ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​នៅឡើយ​ទេ ខណៈ​តួលេខ​អ្នកស្លាប់​បាន​ឡើង​ជាង​៩០០​នាក់ ហើយ​អ្នកជំងឺ​ឡើងដល់​៤​ម៉ឺន​នាក់​៕

Tag:
 បង់​ក្លា​ដេ​ស​
  វូ​ហាន​
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com