អន្តរជាតិ
ដើម្បី​ចរចា អាជ្ញាធរ​ថៃ បាន​នាំ​ម្តាយ​ខ្មាន់កាំភ្លើង​មក​កន្លែងកើតហេតុ​
10, Feb 2020 , 4:46 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ប៉ូលិស​ថៃ បាន​បង្ហើប​ថា ពួកគេ​បាន​ព្យាយាម​ជាច្រើនលើក​ដើម្បី​បញ្ចុះបញ្ចូល​ទាហាន​ថៃ​ម្នាក់​ដែល​បានសម្លាប់​មនុស្ស​ជាង​២០​នាក់ ឲ្យ​ចេញមក​សារភាព​ទោសកំហុស ។​ ​ក្នុងនោះ​​​ ក្រុមប៉ូលិសក៏បាន​នាំ​ម្តាយបង្កើត​របស់​ខ្មាន់កាំភ្លើង​មក​លួងលោមកូនប្រុស​ថែមទៀត​ផង​។

 
​ហេតុការណ៍​បាញ់ប្រហារ​នេះ បានកើត​ឡើង​នៅ​ម៉ោង ៣ រសៀល ថ្ងៃ​សៅរ៍ ៨ ខែកុម្ភៈ ដោយ​ជន​ជា​ខ្មាន់កាំភ្លើង​ជា​ទាហាន មាន​ឈ្មោះថា Jakrapanth Thomma វ័យ ៣២ ឆ្នាំ បាន​បាញ់សម្លាប់​មេបញ្ជាការ​ខ្លួន មុន​បន្ត​លួច​អាវុធ​ពី​បន្ទាយ​ដើម្បី​ទៅធ្វើ​សកម្មភាព​បាញ់ប្រហារ ក្នុង​ទីតាំង​ផ្សារ​ទំនើប​មួយកន្លែង ឈ្មោះថា Terminal 21​។ 
 
​ក្រោយមក ខ្មាន់កាំភ្លើង​រូបនេះ ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​នៅ​ម៉ោង ៩ ព្រឹក ថ្ងៃអាទិត្យ ៩ កុម្ភៈ​។ ក្នុង​ហេតុការណ៍​នេះ មនុស្ស ៥៧ នាក់​ផ្សេងទៀត បាន​រងរបួស និង​ស្លាប់ ២៩​នាក់​។  នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ ។​
 
​អំឡុងពេល​ប្រតិបត្តិ​ការហ៊ុមព័ទ្ធ អាជ្ញាធរ​ថៃ បាន​នាំ​ម្តាយ​របស់​ខ្មាន់កាំភ្លើង​មកពី​ស្រុកកំណើត​គាត់​ក្នុង​ខេត្ត Chaiyaphum មកកាន់​ទីតាំង​ក្បែរ​ផ្សារ​ទំនើប​នោះ ក៏ប៉ុន្តែ​លោកស្រី ពុំ​អាច​ចូលទៅ​ខាងក្នុង​អគារ​នោះបាន​ឡើយ ។ លោក​ឧ​ត្ត​ម​សេនីយ៍ Jirapob Puridet ដែល​ដឹកនាំ​កម្លាំង​សន្តិសុខ​បើក​ប្រតិបត្តិការ​ក្នុង​អគារ​នេះ អះអាង​បែបនេះ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ដែល​ដកស្រង់​យកទៅ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន CNN ។ 
 
​ម្តាយ​របស់​បុរស​ជា​ខ្មាន់កាំភ្លើង​រូបនេះ ដែល​ឈ្មោះ​លោកស្រី​ពុំ​ត្រូវបាន​បង្ហាញ បាន​លើកឡើងថា វា​សឹងតែ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​ក្នុង​ការចរចា​ជាមួយ​កូនប្រុស​លោកស្រី​នោះ ព្រោះថា​រូបគេ​មាន​បញ្ហា​ផ្លូវចិត្ត និង​ជាម​នុស្ស​ឆាប់​ខឹង​ខ្លាំងណាស់ ។​
 
​សូមបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ចន្ទ អូ​ចា កាលពី​ថ្ងៃអាទិត្យ ទី​៩ កុម្ភៈ បាន​អះអាងថា ដើមចម​នៃ​ការបាញ់ប្រហារ​ដ៏​ផ្សៃ​ព្រៃ​នេះ​ ​គឺ​ផ្តើម​មកពី​បញ្ហា​ផ្ទាល់ខ្លួន​។ លោក​អះអាង​ទៀតថា បញ្ហា​ផ្ទាល់ខ្លួន​របស់​បុគ្គល​ជា​ខ្មាន់កាំភ្លើង​នោះ​គឺ ពាក់ព័ន្ធ​នឹង​ការលក់​ផ្ទះមួយ​កន្លែង​។ ប៉ុន្តែ​រឿងរ៉ាវ​លម្អិត​បែបណា​នោះ​មិនត្រូវ​បាន​លោក លាតត្រដាង​បន្ថែម​ឲ្យ​ច្បាស់លាស់​ឡើយ​៕

Tag:
 ថៃ​
  នគររាជ​សី​ម៉ា​
  យោធា​
  Jakrapanth Thomma
© រក្សាសិទ្ធិដោយ thmeythmey.com