ជាតិ
ទូតបារាំង អរគុណកម្ពុជាដែលជួយសម្រួលការផ្ទេរអ្នកដំណើរពីនាវា Westerdam លោកស្រីឯកអគ្គរដ្ឋទូតបារាំង Eva Nguyen Binh ជាមួយអាជ្ញាធរកម្ពុជា នៅខេត្តព្រះសីហនុ។ រូបថត ទូតបារាំង
× ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានសរសេរសារអរគុណសម្រាប់អនុញ្ញាតឲ្យនាវា Westerdam ចុះចតនៅកំពុងផែព្រះសីហនុ មុននឹងឈានដល់ការផ្ទេរអ្នកដំណើរចេញពីនាវា។ លោកស្រីឯកអគ្គរដ្ឋទូតបារាំង Eva Nguyen Bihn ក៏បានដឹកនាំក្រុមការងារទៅកាន់ក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ នេះផងដែរ។
«សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរកម្ពុជាចំពោះជំនួយដ៏មានតម្លៃក្នុងការផ្ទេរអ្នកដំណើរចេញពីនាវានេះ»។ ស្ថានទូតបារាំង បានសរសេរយ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ទាំងភាសាអង់គ្លេស បារាំង និងខ្មែរ។
ពលរដ្ឋបារាំង៣នាក់ ស្ថិតក្នុងចំណោមអ្នកដំណើរសរុប១៤៥៥នាក់ និងបុគ្គលិកនាវា៨០២នាក់ ដែលធ្វើដំណើរលើនាវា Westerdam ដោយចេញពីហុងកុងកាលពីដើមខែកុម្ភៈ។ ក្រោយមក ប្រទេស និងកោះជាបន្តបន្ទាប់រួមមាន ជប៉ុន តៃវ៉ាន់ ហ្គាម ហ្វីលីពីន និងថៃ បានបដិសេធការចូលចុះចត ដោយសារភ័យខ្លាចករណីជំងឺរលាកសួត COVID-19 មុនពេលដែលនាវានៃក្រុមហ៊ុន Holland America Line ទទួលបានការស្វាគមន៍នៅផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
លោកស្រីឯកអគ្គរដ្ឋទូតបារាំង Eva Nguyen Binh បានធ្វើដំណើរទៅដល់ក្រុងព្រះសីហនុ ជាមួយក្រុមការងាររបស់ខ្លួន ដើម្បីជួយដល់អាជ្ញាធរកម្ពុជា ក៏ដូចជាពលរដ្ឋបាំង៣នាក់ អ៊ីតាលី៥នាក់ អេស្ប៉ាញ៧នាក់ និងលុចសំបួរ៣នាក់ ដែលកំពុងស្ថិតនៅក្នុងនាវាទេសចរណ៍ MS Westerdam ។
ទូតបារាំងបានអះអាងថា៖ «ក្រុមការងារស្ថានទូតត្រៀមខ្លួនជានិច្ចក្នុងការជួយដល់ក្រុមនាវឹក និងអាជ្ញាធរកម្ពុជា»។ អ្នកដំណើរទាំងនោះ ក៏អាចទាក់ទងទៅកាន់ស្ថានទូតផ្ទាល់តាមរយៈអ៊ីម៉ែល [email protected] បានផងដែរ៕
Tag:
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com