ជាតិ
ចិន ជំទាស់​នឹង​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប លើ​បញ្ហា​EBA​របស់​កម្ពុជា​
13, Feb 2020 , 7:39 pm        
រូបភាព
រូបពីវេបសាយក្រសួងការបរទេសចិន
រូបពីវេបសាយក្រសួងការបរទេសចិន
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន ជំទាស់​នឹង​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប ដែល​បាន​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arms) ពី​កម្ពុជា​។ ចិន​នឹង​បន្ត​ជួយ​ដល់​ការអភិវឌ្ឍ​កម្ពុជា ។​


 
​រដ្ឋាភិបាល​ចិន មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប លើ​បញ្ហា​EBA​របស់​កម្ពុជា​ឡើយ​។ ចិន​គាំទ្រ​ជំហរ និង​ការសម្រេច​របស់​កម្ពុជា​កន្លងមក ប៉ុន្តែ​មិន​គាំទ្រ​ការសម្រេចចិត្ត​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​នោះទេ​។  
 
​ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​ជុំវិញ​បញ្ហា​EBA​កម្ពុជា កាលពី​ថ្ងៃទី​១១ កុម្ភៈ  អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​និយាយ​ដូច្នេះ​ថា​៖«​ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃទៀត​ហើយ​ប្រឆាំងនឹង​ការប្រើប្រាស់​វិធានការ​ពាណិជ្ជកម្ម​ដើម្បី​ជ្រៀតជ្រែក​។ យើង​គាំទ្រ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ក្នុងការ​លើកស្ទួយ​អធិបតេយ្យភាព​ឯករាជ្យភាព​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រទេស​ខ្លួន​ហើយ​ត្រៀមខ្លួន​ជួយ​ដល់​ប្រទេស​កម្ពុជា​ឱ្យមាន​ការអភិវឌ្ឍ​ថេរ​និង​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​។ យើង​សង្ឃឹមថា​សហគមន៍​អន្តរជាតិ​ក៏​អាច​ចូលរួមចំណែក​ក្នុងន័យ​ស្ថាបនា​បន្ថែមទៀត​លើ​បញ្ហា​នេះដែរ​»​។​
 
​គណៈកម្មការ​អឺរ៉ុប បាស​ម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA ពី​កម្ពុជា ក្រោម​ហេតុផល​ថា កម្ពុជា មានការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ និង​ជា​លក្ខណ​ប្រព័ន្ធ ទៅលើ​សិទ្ធិមនុស្ស​ដែលមាន​ចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។​
 
​តាមរយៈ​ការសម្រេច​នេះ កម្ពុជា រង​ផលប៉ះពាល់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង រួមទាំង​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​ធ្វើដំណើរ (​ដូចជា​វ៉ា​លី និង កាបូប ជាដើម​) ព្រមទាំង​ស្ករស​ផងដែរ​។​ទំនិញ​ដែល​ត្រូវ​គណៈកម្មការ​អឺរ៉ុប​ដាក់​ពន្ធ​លើ​នោះ​មាន​ទំហំ​ប្រមាណ ១​ពាន់​លាន​អឺរ៉ូ ឬ​ប្រហាក់ប្រហែល​នឹង ១,១ ពាន់​លាន​ដុល្លារ​អាមេរិក​។ យ៉ាងណា​វា​មិនមាន​ការវាយតម្លៃ​ជាក់លាក់​ណាមួយ​ពី​ការខាតបង់​ដែល​កម្ពុជា​នឹង​ជួបប្រទះ ក្រោយ​ការអនុវត្ត​ពន្ធ​លើ​ទំនិញ​នាំចេញ​នេះឡើយ ប៉ុន្តែ​កន្លងមក​ការវាយតម្លៃ​ជាបឋម​ថា កម្រិត​ពន្ធ ១២ ភាគរយ​អាច​នឹងធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​រហូតដល់​ជាង ១២០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​។​ការសម្រេច​យកពន្ធ​នេះ នឹង​ចូល​ជាធរ​មាននៅ​រយៈពេល​៦​ខែក្រោយ ដែល​មានន័យថា ទាល់តែ​ដល់​ខែសីហា ឆ្នាំ​២០២០ ទើប​កម្ពុជា ចាប់ផ្តើម​បង់ពន្ធ ពេល​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។​
 
​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការសម្រេច​ដក​ផ្នែក​ខ្លះ​នៃ​EBA​ពី​កម្ពុជា​នេះ កើតចេញពី​ការយល់ច្រឡំ និង​ទំនើងចិត្ត​របស់​អឺរ៉ុប​។ សម្រាប់​រដ្ឋាភិបាល អឺរ៉ុប​កំពុង​អនុវត្ត​ស្តង់ដារ​ពីរ និង​សម្រេចចិត្ត​ទាំង​អយុត្តិធម៌​ដល់​កម្ពុជា​។​
 
​តែ​យ៉ាងណា​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប​បន្ថែមទៀត ដោយ​ឈរលើ​ស្មារតី​នៃ​ការគោរព និង​ការទទួល​ផលប្រយោជន៍​ទៅវិញទៅមក ជាពិសេស​អនុវត្តតាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅក្នុង​តំបន់ បើទោះជា​គណៈកម្មការ​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​EBA​ពី​កម្ពុជា​ក្តី​។​នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស​៕

Tag:
 EBA
  EU
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com