កីឡាជាតិ
ជាតិ
បឹងកេត​នៅតែ​បើកភ្លើង​បៃតង​ឲ្យ​កីឡាករ ម៉ាត់ យ៉ា​មីន បើសិន​រូបគេ​កែខ្លួន​
13, Feb 2020 , 8:39 pm        
រូបភាព
លោក បែ មករា និងកីឡាករ ម៉ាត់ យ៉ាមីន (រូបក្នុងរង្វង់)
លោក បែ មករា និងកីឡាករ ម៉ាត់ យ៉ាមីន (រូបក្នុងរង្វង់)
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត​នៅតែ​បើកភ្លើង​បៃតង​ជានិច្ច​សម្រាប់​កីឡាករ ម៉ាត់ យ៉ា​មីន បើសិន​ចង់​ចូលរួម​ជាមួយ​បឹងកេត​នៅ​ថ្ងៃ​ខាងមុខ​។ តែ​ការអនុញ្ញាត​ឲ្យ​ចូលរួម​សាជាថ្មី​នេះ គឺ​ទាមទារ​ឲ្យ​កីឡាករ​ខ្មែរ​-​អ៊ិ​ស្លាម​រូបនេះ កែប្រែ​ខ្លួន និង​បោះបង់​ទម្លាប់​មិនល្អ ដែល​ក្លិប​ហាមឃាត់​។ សម្រាប់​បឹងកេត​គ្មាន​អ្នកណាម្នាក់ ដែល​មិន​ធ្លាប់​ខុស​នោះទេ​។

 
​ភ្លើង​បៃតង​សម្រាប់​កីឡាករ ម៉ាត់ យ៉ា​មីន នៅតែ​បើក​ជានិច្ច ប្រសិនបើ​រូបគេ​ចង់​ត្រឡប់មក​ចូលរួម​ជា​ក្លិប​បឹងកេត​សាជាថ្មី​។ ប៉ុន្តែ​ទាមទារ​ឲ្យ រូបគេ កែប្រែ​ខ្លួន​និង​បោះបង់​ទម្លាប់​មិនល្អ​មួយចំនួន ដែល​ប្រាសចាក​ពី​វិធាន​របស់​ក្លិប ដែល​បាន​ដាក់ចេញ​ឲ្យ​អនុវត្ត​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​បឹងកេត​។ 
 
​លោក​បាន​អះអាងថា ក្លិប​បឹងកេត​មិន​ចង់​បោះបង់​កីឡាករ ម៉ាត់ យ៉ា​មីន នោះទេ តែ​ពេលខ្លះ​កាលៈទេសៈ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ ព្រោះ​ក្លិប​ចង់​អនុវត្ត​វិធានការ​ឲ្យ​មាន​ប្រសិទ្ធិភាព​។ សម្រាប់​លោក បែ មករា គ្មាន​អ្នកណាម្នាក់​មិន​ធ្លាប់​ប្រព្រឹត្ត​ខុស​នោះទេ ហើយ​ឱកាស​កែខ្លួន​សម្រាប់​អ្នក​ខុស​នៅតែមាន​ជានិច្ច ទោះ​អ្នកនោះ​ខុស​តិចតួច ឬ​ច្រើន​ក៏ដោយ​។  
 
«​យើង​មិន​ចង់​បិទ​ឱកាស​កីឡាករ​នោះទេ មនុស្ស​ដែល​ធ្លាប់ធ្វើ​ខុស ធ្លាប់​ញៀន​ថ្នាំ ក៏​គេ​យកមក​កែប្រែ​ដើម្បី​ឲ្យ​មនុស្ស​នឹង​ក្លាយជា​មនុស្ស​ល្អ​បានដែរ​។ យើង​ក៏​អ៊ីចឹង​ដែរ គឺ​យើង​ក៏​មិន​ចង់​បោះបង់​គាត់​(​យ៉ា​មីន​)​ចោល​ដែរ តែ​ពេលខ្លះ​យើង​ត្រូវតែ​អនុវត្ត​វិធានការ​របស់​យើង ហើយ​នៅពេល​ណាមួយ​គាត់​ល្អប្រសើរ​ឡើងវិញ ឬ​ដឹងខ្លួន​ខុស យើង​នៅតែ​ផ្តល់ឱកាស​ឲ្យ​គាត់​»​។ លោក បែ មករា លើកឡើង​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ នេះ​។ 
 
​អ្នកចាត់ការ​ទូទៅ​រូបនេះ មិន​ចង់​ឲ្យ​សម្រេច​របស់ខ្លួន ក្លាយជា​វិប្បដិសារី​សម្រាប់​ក្លិប​ទៅ​ថ្ងៃ​អនាគត​នោះទេ​។ ក្លិប​ក៏​មិន​ចង់​ឲ្យ​ការសម្រេច​របស់ខ្លួន​ក្លាយជា​ចលករ​ជំរុញ​កីឡាករ ម៉ាត់ យ៉ា​មីន ឲ្យ​បន្ត​ប្រព្រឹត្ត​កំហុស​កាន់តែ​ធ្ងន់ធ្ងរ​នោះដែរ​។ ក្នុងន័យនេះ ក្លិប​ជំរុញ​ឲ្យ​ខ្សែបម្រើ​ខ្មែរ​-​អ៊ិ​ស្លាម​រូបនេះ ត្រូវ​សិក្សា​ពី​កំហុស និង​កែប្រែ​ខ្លួន ដើម្បី​បន្ត​រួមចំណែក​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ 
 
«​បើ​យើង​បោះបង់​គាត់​(​យ៉ា​មីន​)​ស្មើនឹង​យើង​ជំរុញ​គាត់​បន្ថែម តែបើ​គាត់​មិន​កែខ្លួន​នោះ​ការ​រុញ​បន្ថែម​មិនមែនជា​ការសោកស្តាយរ​បស់​យើង​នោះទេ​។ ប៉ុន្តែ​បើ​គាត់​ត្រឡប់​មកជា​មនុស្ស​វិញ យើង​នៅតែ​ចង់​ផ្តល់ឱកាស​ឲ្យ​គាត់ តែ​អ្វីៗ​អាស្រ័យ​លើ​ភាពជាក់ស្តែង​»​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់លោក បែ មករា ដែល​អះអាងថា ការដាក់​វិធាន​ការហាម​មិន​ឲ្យ​សេព​គ្រឿង​ស្រវឹង ឬ​សារធាតុ​ហាមឃាត់ ដើរលេង​យប់​ចូល​ក្លិប និង​លក់​គ្រាប់​បាល់​ជាដើម​របស់​ក្លិប គឺ​ចង់​ឲ្យ​កីឡាករ​ល្អ​។  
 
​គួរ​បញ្ជាក់ថា កីឡាករ ម៉ាត់ យ៉ា​មីន ត្រូវបាន​ក្លិប​បាល់ទាត់​បឹងកេត​បញ្ចប់​កិច្ចសន្យា​ទាំង​មិន​បើក​រដូវ​កាល ក្រោម​ហេតុផល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​ពី​ក្រមសីលធម៌​កីឡាករ​អាជីព កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​។ ការបញ្ចប់​កិច្ចសន្យា​នេះ ធ្វើឡើង​ក្រោយ​បែកធ្លាយ​រូបថត​កីឡាករ ម៉ាត់ យ៉ា​មីន ស្ថិតក្នុង​ចំណោម​មនុស្ស​ជាង​៤០​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ការជួយ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ផ្លា​យ​(Fly)​នៅ​យប់​រំលង​អា​ធ្រា​ត​ថ្ងៃទី​៨ ឈានចូល​ថ្ងៃទី​៩ ខែកុម្ភៈ​។ 
 
​មួយថ្ងៃ​បន្ទាប់​ក្រោយ​ក្លិប​បឹងកេត​បញ្ចប់​កិច្ចសន្យា​កីឡាករ ម៉ាត់ យ៉ា​មីន បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន សុំទោស​ប្រជាពលរដ្ឋ ពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់ ចំពោះ​កំហុស​ដែល​គេ​បានធ្វើ​។ ជាមួយ​ការ​អរគុណ​ដល់​សារ​លើកទឹកចិត្ត​និង​ជូនពរ​របស់​អ្នកគាំទ្រ ដែល​បាន​ផ្ញើមក​ខ្លួន យ៉ា​មីន បាន​និយាយ​ទាំង​សោកស្តាយ​ថា​៖«​អ្វីដែល​ខ្ញុំ​ខំ​សាង​តាំងពីដើម​មក គឺ​ខ្ញុំ​ជា​អ្នក​បំផ្លាញ​វា​ដោយ​ខ្លួនឯង​»៕   

Tag:
 បាល់ទាត់​
  បែ មករា​
  ម៉ាត់ យ៉ា​មីន​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com