កីឡាជាតិ
ជាតិ
មិន​ចង់​ឲ្យ​តេ​ក្វាន់​ដូ ITF អស្ចារ្យ​តែ​ក្នុងប្រទេស​ទេ តែ​លើ​ឆាក​អន្តរជាតិ​…!
17, Feb 2020 , 10:35 am        
រូបភាព
​ភ្នំពេញ​៖ មានកំណើត​រយៈពេល​២៥​ឆ្នាំ​ក្នុងប្រទេស​កម្ពុជា សហព័ន្ធ​កីឡា​តេក្វាន់​ដូ ITF កម្ពុជា បានសម្រេច​ក្តី​សុបិន​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៩ ដោយ​ទទួលបាន​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ​អន្តរជាតិ ITF នៅក្នុង​ប្រទេស​ប៊ុលហ្គារី​។ លើសពីនេះទៅទៀត នៅក្នុង​ព្រឹត្តិការណ៍​ដដែល​នៅ​ឆ្នាំ​២០១៩​កន្លងមក​, លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូច ITF កម្ពុជា ក៏ត្រូវ​បានតែងតាំង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អន្តរជាតិ​។

 
​បើទោះបីជា​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​រីកចម្រើន​យ៉ាង​លឿន និង​មិន​ឈប់ឈរ​ក៏ដោយ​ក្តី តែ​ថ្នាក់ដឹកនាំ​ស្ថាប័ន​មួយ​នេះ​ហាក់​មិនទាន់​ស្កប់ចិត្ត​នៅឡើយ​។ «​យើង​មិន​ចង់ឃើញ​តេ​ក្វាន់​ដូ ITF ល្បី​តែ​នៅក្នុង​ប្រទេស​ទេ តែ​លើ​ឆាក​អន្តរជាតិ​, លើ​ពិភពលោក​…​។ យើង​ចង់​ឲ្យ​គេ​គោរព​ទង់ជាតិ​យើង​…»​។ នេះ គឺជា​ការលើកឡើង​រប​ស់លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់​ដូ ITF កម្ពុជា​កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៥​នៅឯ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​ជាតិ​អូឡាំពិក​កម្ពុ​ជានា​រាជធានី​ភ្នំពេញ​។ 


 
​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​កីឡា​តេ​ក្វា​ដូ ITF និង កីឡាករ​, លោក រ៉េមី បាន​ប្រាប់​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តេក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​២​នៅ​ចុងឆ្នាំ​២០២០​ខាងមុខនេះ​។ ជាមួយនឹង​ការប្រកួត​នេះ លោក​ប្រធាន​សហព័ន្ធ កែវ រ៉េមី ប្រកាសថា លោក​ចង់ឃើញ​លទ្ធផល​ល្អ​បន្ថែមទៀត​ពី​កីឡាករ​-​កីឡាការិនី​។ 
​នៅក្នុង​ពិធី​មហាសន្និបាត​នោះដែរ​, លោក បួន​ហ៊ីង សុធី​យ៉ា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​តេក្វាន់​ដូច ITF កម្ពុជា​បាន​រាយការណ៍​ពី​សមិទ្ធផល​នានា​ជម្រាបជូន​អង្គសន្និបាត​ដោយ​លោក​បានបញ្ជាក់​បន្ថែមថា សហព័ន្ធ​កីឡា​តេក្វាន់​ដូច ITF នឹង​ពង្រីក​ក្លិប​ឲ្យ​បាន​កាន់តែច្រើន និង​សន្យា បណ្តុះបណ្តាល និង​កែលម្អ​គុណភាព​ធនធានមនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ 
 
​បើទោះបីជា​សហព័ន្ធ​កីឡា​តេក្វាន់​ដូ ITF កម្ពុជា​ល្បី​ទាំង​ក្នុង និង​នៅលើ​ឆាក​អន្តរជាតិ​ក៏ដោយ តែ​គេ​នៅ​មិនដឹង​នៅឡើយ​ទេ​ថា តើ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​នឹង​អាច​ត្រូវបាន​គេ​ដាក់បញ្ចូល​ឲ្យ​ចូលរួម​ប្រកួត​នៅក្នុង​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅក្នុង​ប្រទេស​កម្ពុជា​ដែរឬទេ​? នេះ គឺជា​សំណួរ​ដែល​កំពុង​រង់ចាំ​ចម្លើយ​ជាក់លាក់​៕ 







Tag:
 ITF
© រក្សាសិទ្ធិដោយ thmeythmey.com