តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រាស់បង្គាប់តែងតាំងប្រធាននិងអនុប្រធាននៃសាលាឧទ្ធរណ៍តំបន់ទាំង៣ គឺ ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ដែលទើបនឹងបង្កើតឡើង។
លោក ម៉ុង មុនីចរិយា ដែលបច្ចុប្បន្ន ជាប្រធានសាលាដំបូងខេត្តព្រៃវែង នឹងទៅធ្វើជាប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានលោក វ៉េង ប៊ុនធឿន ជាអនុប្រធាន។
នៅសាលាឧទ្ធរណ៍បាត់ដំបង គឺលោក សម ប៊ុនថុន ជាប្រធាន ហើយលោក ធូ មណី ជាអនុប្រធាន។ លោក សម ប៊ុនថុន ធ្លាប់ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
រីឯ សាលាឧទ្ធរណ៍ព្រះសីហនុ មានលោក ប៉ាក ច័ន្ទសំបូរ ជាអនុប្រធាន។ ក្នុងព្រះរាជក្រឹត្យ ពុំទាន់ឃើញមានតែងតាំងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុនោះទេ។
ដោយផ្នែកតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដដែល ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជក្រឹត្យមួយទៀត តែងតាំងអគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និង ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ទាំង៣នេះ។
លោក ហួត វុទ្ធី ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយមានលោក តន់ សីហតេជ ជាអគ្គព្រះរាជអាជ្ញារង ហើយលោក កុល បុន និង លោក ស្រី ម៉ាកនី ជាព្រះរាជអាជ្ញា។
លោក សរ យសថាវរៈ ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ អមដោយលោក យូ ទិត្យវឌ្ឍនៈ ជាអគ្គព្រះរាជអាជ្ញារង រួមទាំងព្រះរាជអាជ្ញា៣រូប គឺ លោក ខៀវ ផល្លា លោក ផាន់ សុភ័ក្ត្រ និង លោក ស៊ឺ វណ្ណនី។
ចំពោះមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងវិញ មានតែព្រះរាជអាជ្ញា៣រូបសិនប៉ុណ្ណោះ គឺ លោក រៀម ចន្ទម្នី លោក ហេង លុយ និង លោក ហ៊ឹង ប៊ុនថន ដោយអគ្គព្រះរាជអាជ្ញា និង អគ្គព្រះរាជរង នៅមិនទាន់ឃើញតែងតាំងក្នុងព្រះរាជក្រឹត្យឡើយ។
ដោយឡែក ចៅក្រម ក្រឡាបញ្ជី និង មន្ត្រីតាមផ្នែកផ្សេងៗទៀត នៃសាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ទាំង៣នេះ ក៏មិនទាន់ឃើញមានការតែងតាំងនិងរៀបចំដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទយ៉ាងខ្លីថា៖«ប្រហែលជាមិនទាន់អាចតែងតាំងម្តងទាំងអស់បាន»។
លុះត្រាតែដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ទើបសាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ទាំង៣នេះ ចាប់ផ្តើមដំណើរការជាផ្លូវការ។ នេះបើតាមព្រះរាជ្យក្រឹត្យ ដែលចេញកាលពីខែសីហា ឆ្នាំ២០១៩៕