ការកែ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន ត្រូវធ្វើ​នៅតាម​គ្រឹះស្ថានសិក្សា និង​មន្ទីរអប់រំ​ខេត្ត​វិញ​
ជាតិ
សង្គមជាតិ
ការកែ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន ត្រូវធ្វើ​នៅតាម​គ្រឹះស្ថានសិក្សា និង​មន្ទីរអប់រំ​ខេត្ត​វិញ​
23, Feb 2020 , 12:19 pm        
រូបភាព
​ភ្នំពេញ​៖  កន្លងមក សិស្ស តែងតែ​ឡើងទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​រាជធានី​ភ្នំពេញ​ដោយផ្ទាល់ ដើម្បី​កែតម្រូវ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម្រាប់​ត្រៀម​ដាក់ពាក្យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុយ​តិ​ភូមិ​។ ដើម្បី​ស​ម្រូ​លប​ញ្ហា​នេះ ក្រសួង​អប់រំ នឹង​ផ្ទេរ​ភារកិច្ច​កែតម្រូវ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ទៅ​ឲ្យ​គ្រឹះស្ថានសិក្សា និង​មន្ទីរអប់រំ​តាម​បណ្តា​ខេត្ត​ជា​អ្នកទទួលបន្ទុក​វិញ​។ ការកែតម្រូវ​នេះ មិន​យកប្រាក់​កម្រៃ​ពី​សិស្ស​ឡើយ​។


 
​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា គ្រឹះស្ថានសិក្សា និង​មន្ទីរអប់រំ​ខេត្ត​នីមួយៗ នឹង​កែតម្រូវ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ណា​ដែល​ខុស​ឈ្មោះ ខុស​ឈ្មោះ​ឪពុកម្តាយ ខុស​ភេទ ខុស​ថ្ងៃខែ​ឆ្នាំ​កំណើត​។ សិស្ស​ត្រូវ​ភ្ជាប់​ទៅជា​មួយ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យ​មសិ​ក្ស​បឋមសិក្សា​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​១ ច្បាប់ សំបុត្រកំណើត​១​ច្បាប់ និង​ភ្ជាប់​ទៅ​ជាមួយនឹង​សេចក្តីសម្រេច ឬ​សាលក្រម​តុលាការ​អនុញ្ញាត​ឲ្យ​កែតម្រូវ ឬ​បញ្ជាក់ថា​មនុស្ស​តែ​ម្នាក់​១​ច្បាប់ (​ច្បាប់​ថតចម្លង​ដែលមាន​នីត្យានុកូលកម្ម​) ។ 
 
​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ប្រធាន​មន្ទីរអប់រំ​តាម​បណ្តា​ខេត្ត​នីមួយៗ ត្រូវ​ផ្ញើ​បញ្ជី​ព័ត៌មាន​សិស្ស​ដែល​បាន​បានកែតម្រូវ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា មកកាន់​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ក្នុង​រយៈពេល​៣​ខែម្តង​។ 
 
​សូម​រំលឹកថា ក្រសួង​អប់រំ លែង​ឲ្យ​បេក្ខជន​ដែល​ទើបតែ​ប្រឡង​ជាប់​បាក់​ឌុប យក​វិញ្ញាបនបត្រ​បណ្តោះអាសន្ន សម្រាប់​ភ្ជាប់​ជាមួយ​ពាក្យ​ប្រឡង​ចូលរៀន នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទៀតហើយ​។ ក្រសួង​អប់រំ អនុវត្ត​គោលការណ៍​នេះ​ព្រោះ ចង់​សម្រួល​ដល់​សិស្ស​ដែល​តែងតែ​ប្រញាប់ប្រញាល់​ដាក់ពាក្យ​ចូល​ប្រឡង​អាហា​រូប​រណ៍​ផ្សេងៗ​នៅតាម​គ្រឹះស្ថានសិក្សា​៕ 
 
 
 

Tag:
 ក្រសួង​អប់រំ​
 ​សិស្ស​
 ​វិញ្ញាបនបត្រ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com