ភ្នំពេញ៖ សម្ដេច ហ៊ុន សែន មិនចង់ឱ្យមជ្ឈដ្ឋានទូទៅវាយតម្លៃបែបអវិជ្ជមានលើទំនាក់ទំនងរវាងកម្ពុជា-ចិន ឡើយ។ ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ឱ្យពលរដ្ឋរង់ចាំមើលលទ្ធផលចុងក្រោយនៃទំនាក់ទំនងភាគីទាំងពីរសិន មុននឹងឈានដល់ការវាយតម្លៃ។
«ខ្ញុំគ្រាន់តែបញ្ជាក់ថា បើចិនមិនជួយកម្ពុជាទេ តើមានវត្តមានផ្លូវជាតិលេខ៥៨ ប្រវែង១៧៤គីឡូនៅថ្ងៃនេះទេ?...។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាត់ទុករាល់ការរិះគន់លើទំនាក់ទំនងរវាងកម្ពុជា-ចិន កន្លងមកថា ជាការគិតបែបអគតិ និងយល់មិនទាន់ច្បាស់ពីនយោបាយការទូតនៃភាគីទាំងពីរ។
សម្រាប់លោកនាយករដ្ឋមន្ត្រី ទំនាក់ទំនងកម្ពុជា-ចិន គឺផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយស្មើមុខស្មើមាត់រវាងរដ្ឋនិងរដ្ឋ ហើយគ្មានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាឡើយ។ ដោយសារមើលឃើញពីភាពវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីនេះ ទើបប្រមុខរដ្ឋាភិបាលកម្ពុជា មិនចង់ឱ្យអ្នកណាម្នាក់វាយតម្លៃ និងយល់ខុស នូវអ្វីដែលរដ្ឋាភិបាលកំពុងអនុវត្តនោះទេ។
សម្ដេច ហ៊ុន សែន ដែលបានលើកពីសមិទ្ធផលនានារបស់កម្ពុជា ក្រោមការជួយជ្រោមជ្រែងពីចិននោះ បានឆ្លៀតរិះគន់ទៅលើអ្នកវាយតម្លៃអវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-ចិន ដូច្នេះថា៖«អ្នកបានគិត(អវិជ្ជមានលើទំនាក់ទំនងកម្ពុជា-ចិន) ខុសហើយ។ អ្នកគិតពីបញ្ហាអ្វីជារឿងរបស់អ្នក ប៉ុន្តែអ្នកបានបំផ្លិចបំផ្លាញផលប្រយោជន៍នៃប្រជាជនកម្ពុជាលើភាពជាក់ស្ដែង»។
កាលពីខែធ្នូ ឆ្នាំ២០១០ កម្ពុជា និងចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតទ្វេភាគី។ ការសម្រេចនេះ ធ្វើឡើងអំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (Wen Jiabao) ។
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺសុទ្ធតែផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាង។ ជារួមភាគីទាំងពីរ នឹងជួយគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើន ស្ទើរតែទាំងអស់ទាំងសេដ្ឋកិច្ច, នយោបាយ, សន្តិសុខ,ការទូត,ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, វប្បធម៌និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ ទំនាក់ទំនងបែបនេះ វានឹងជួយឱ្យសម្រេចបានគោលដៅដែលបានដាក់ចេញ ក៏ដូចជាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ និងការជួយគ្នាទៅវិញទៅមកលើឆាកអន្តរជាតិផ្សេង។
ព្រោះតែភាពវិជ្ជមានទាំងនេះហើយ ទើបធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា ជឿជាក់លើនយោបាយការទូតរបស់ខ្លួន។ «សូមអ្នកទាំងអស់គ្នា រង់ចាំមើលលទ្ធផលចុងក្រោយ នូវលទ្ធផលចុងក្រោយ តើកម្ពុជានឹងសម្រេចបាននូវទំនាក់ទំនងនេះ យ៉ាងម៉េច?...។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
ដ្បិតចិនជួយកម្ពុជា កសាងស្ពាន មន្ទីពេទ្យ ផ្លូវថ្នល់ និងអគារធំៗពិតមែន ប៉ុន្តែវាក៏សុទ្ធតែជាហិរញ្ញប្បទាន ឬបំណុល ដែលកម្ពុជា ខ្ចីយកមកកសាង និងត្រូវបង់សងត្រឡប់ទៅវិញដែរ។ នោះក៏ព្រោះវា ស្ថិតនៅក្នុងក្រោមគម្រោងគំនិតផ្ដួចផ្ដើមថ្មីរបស់ចិនមាន «ខ្សែក្រវ៉ាត់មួយ វិថីមួយ» «ផ្លូវសូត្រសមុទ្រ» និង ធនាគារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលកំពុងដើរតួសំខាន់ផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើនដែរ។ គំនិតផ្ដួចផ្ដើមទាំងនេះ បានផ្ដល់ឱកាសទូលំទូលាយឲ្យកម្ពុជា ដែលត្រូវការការវិនិយោគពីបរទេស ដើម្បីអភិវឌ្ឍប្រទេសនោះ។
តើវាជាអន្ទាក់បំណុលមែនទេ?នេះជាការលើកឡើងសាធារណជនដែលព្រួយបារម្ភ និងរិះគន់ថា កម្ពុជានឹងធ្លាក់ចូលអន្ទាក់បំណុលចិន តាមរយៈគម្រោង«ខ្សែក្រវាត់ និងវិថី» របស់ចិន បើទោះគម្រោងនេះ ផ្ដល់ប្រយោជន៍ដល់ប្រទេសជាដៃគូសហការក្តី។
«ខ្ញុំមិនជឿថា កម្ពុជាធ្លាក់ចូលអន្ទាក់បំណុលចិនឡើយ»។ សម្ដេច ហ៊ុន សែន ហ៊ានអះអាងកន្លងមកបែបនេះ ដោយសម្អាងថា រដ្ឋាភិបាលខ្លួន មានការគ្រប់គ្រង និងចាត់ចែងរាល់ប្រាក់កម្ចីពីបរទេសច្បាស់លាស់ ដែលមិនធ្វើឱ្យងាយផុងចូលអន្ទាក់បំណុលទេ។ សម្រាប់ប្រមុខរដ្ឋាភិបាល ការរិះគន់កម្ពុជាថា កំពុងធ្លាក់ចូលអន្ទាក់បំណុលចិននោះ គឺជាការមើលស្រាលកម្ពុជា។
បើមេដឹកនាំកម្ពុជា ពិតជាមានជំហរការពារប្រយោជន៍ជាតិច្បាស់ នោះក៏មិនជាប់អន្ទាក់បំណុលចិនឡើយ។ ជំហរការពារប្រយោជន៍ជាតិរបស់មេដឹកនាំកម្ពុជា ដែលគេចង់ឃើញនោះ គឺការចរចាដោយស្មើភាព និងផ្ដល់ប្រយោជន៍រួម ដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងចីរភាព ។ ជាពិសេសការបើកទូលាយឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សិក្សាស្រាវជ្រាវ និងពិភាក្សា រាល់ការវិនិយោគរបស់ចិន តាមរយៈគម្រោង«ខ្សែក្រវាត់ និងវិថី» ដើម្បីបញ្ចៀសហានិភ័យ និងភាពរងគ្រោះដល់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលត្រូវគ្រប់គ្រងហិរញ្ញប្បទានសាងសង់គម្រោងនីមួយៗ ឲ្យមានតម្លាភាព និងគណនេយ្យភាព ទប់ស្កាត់អំពើពុករលួយ ដែលនាំឲ្យជាប់អន្ទាក់បំណុលបរទេសជាដើម។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី៕