ជាតិ
ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេច​ព្រះអង្គ​នាយករ​ង​ទាំងបី​ព្រះអង្គ​
27, Feb 2020 , 10:19 pm        
រូបភាព
រូប​ពី​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក
រូប​ពី​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេច​ព្រះអង្គ​នាយករ​ង​ទាំងបី​ព្រះអង្គ នៃ​គណៈមហានិកាយ ដែល​ប្រារព្ធ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ នៅ​វត្ត​មុនី​សុវណ្ណ​(​ចំពុះក្អែក​) សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ 


 
​សម្ដេចព្រះ​ពោធិវ័ង្ស កិត្តិ​បណ្ឌិត អំ លីម​ហេង ត្រូវបានតែងតាំង​ជា សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពីស​ម្តេច​សង្ឃ ព្រះ​ធម្មលិខិត លាស់ ឡាយ បាន​សោយ​ព្រះ​ទិវង្គត​កាលពី​ថ្ងៃ​អង្គារ ទី​២៩ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ព្រះ​ជន្មាយុ​១០៦​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។​
 
​ស្របពេល​ជាមួយគ្នា សម្ដេចព្រះ​វនរ័ត្ន កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក ត្រូវបានតែងតាំង​ឲ្យ​ឡើងជា សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​២ រីឯ​សម្ដេចព្រះ​ឧ​ត្ត​ម​វង្សា មួង រ៉ា ដែលជា​លេខា​ថេរ​សភា ត្រូវបាន​តែងតាំងឡើង​ជា សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​រចនាសម្ព័ន្ធ​គណៈសង្ឃ​នាយក គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ព្រះមហា​សង្ឃរា​ជា​ធិបតី ទេព វង្ស និង​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត ជា​ព្រះ​ព្រះសង្ឃ​នាយក​។​
 
​គណៈកម្មការ​មួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​រៀបចំ​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​នេះ ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ជា​ប្រធាន និង​មាន​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន លោក យូ ស៊ុនឡុង និង​លោក រង្សី វិស្សុត ជា​អនុប្រធាន​។ 
 
​គណៈកម្មការ​នេះ​មាន​ភារ​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រៀបចំ​ពិធីបុណ្យ​ស្រោចស្រព​ព្រះ​សុគន្ធវារី តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ឱ្យ​ប្រព្រឹត្តទៅបាន​ល្អប្រសើរ​។ 
 
​គណៈកម្មការ​នេះ​អាចបង្កើត​អនុគណៈកម្មការ និង​ក្រុមការងារ​បន្ថែម​ជា​ជំនួយការ និង​ប្រើប្រាស់​មន្ត្រីក្រោមឱវាទ​តាម​ការចាំបាច់ ដើម្បី​ធានា​ឱ្យ​ការរៀបចំ​ពិធីបុណ្យ​ប្រព្រឹត្ត​ទៅតាម ប្រពៃណី​ព្រះពុទ្ធសាសនា បានល្អ​ប្រសើរ​។ គណៈកម្មការ​នេះ​អាច​ប្រើប្រាស់​ត្រា​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​៕

Tag:
 សាសនា​
  ព្រះសង្ឃ​
  គណៈកម្មការ​
  សម្ដេច​
  ស្រោចស្រព​
 ​សុគន្ធវារី​
 ​រដ្ឋាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com