COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង កើន​ដល់​២៣៣៧​ករណី ក្រោយ​តេស្ត​ឃើញ​៣១៥​នាក់​ទៀត​
28, Feb 2020 , 5:29 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បានប្រកាស​រកឃើញ​អ្នកជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ចំនួន​៣១៥​នាក់​ថ្មី ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ឡើងដល់ ២៣៣៧​ករណី​ហើយ​។ នេះ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​បស់​កូរ៉េខាងត្បូង​។ បើ​បូក​ទាំង​តួលេខ​រកឃើញ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែលមាន​២៥៦​នាក់ ករណី​ឆ្លង​ពេញ​មួយ​ថ្ងៃនេះ មាន​ដល់​៥៧១​ករណី​។​

 
​ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនេះ ជាង​៩០​ភាគរយ​នៃ​ករណី​ឆ្លង ស្ថិតក្នុង​ទីក្រុង Daegu ដែលជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រាលដាល​ជំងឺ COVID-19 ក្នុងប្រទេស​កូរ៉េខាងត្បូង ហើយ​និង​ខេត្ត​ក្បែរ​ក្រុង​នេះ គឺ​ខេត្ត North Gyeongsang ។ បើ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​បស់​កូរ៉េខាងត្បូង (KCDC) បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ ខណៈ​អ្នកស្លាប់​នៅតែ​១៣​នាក់​ដដែល​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អភិបាលក្រុង Daegu  លោក Kwon Young-jin គូសបញ្ជាក់ថា អ្នក​ឆ្លង COVID-19 សរុប​របស់​ទីក្រុង​នេះ អាចឈាន​ដល់ ៣០០០​នាក់ ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​លទ្ធផល​ធ្វើតេស្ត​បន្ថែម​លើ​សមាជិក​វិហារ​សាសនា​គ្រឹ​ស្ត Shincheonji ចេញ​ជា​បន្តបន្ទាប់​។ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បានចាប់ផ្ដើម​ត្រួតពិនិត្យ​លើ​សុខា​ភាព​សមាជិក ២១០ ០០០ នាក់​របស់​វិហារ​សាសនា​គ្រឹ​ស្ត​នេះ​។​
 
​វិហារ​សាសនា​នេះ ក្លាយជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ COVID-19 ក្រោយពី​ស្ត្រី​កូរ៉េខាងត្បូង​វ័យ ៦១​ឆ្នាំ​ម្នាក់ បានចេញ​រោគសញ្ញា​ក្តៅខ្លួន កាលពី​ថ្ងៃ​១០ ខែកុម្ភៈ​។ ក៏ប៉ុន្តែ​លោកស្រី​បាន​ទៅកាន់​វិហារ​នេះ​យ៉ាងតិច ៤ ដង ក្នុង​ទីក្រុង Daegu ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​៤ ជាមួយ​ប្រជាជន ២,៥​លាន​នាក់ មុនពេល​ដឹងថា​កើត​ជំងឺ​៕

© រក្សាសិទ្ធិដោយ thmeythmey.com