COVID-19
ជាតិ
សម្តេច ហ៊ុន សែន ចាត់ទុកជា «ភេរវករ» បើអ្នកណា បន្តបង្ហោះព័ត៌មានមិនពិតពីកូវីដ-១៩
02, Mar 2020 , 9:36 am        
រូបភាព
បើជនណាឬក្រុមណា នៅតែបន្តប្រឌិតព័ត៌មានមិនពិតពីជំងឺកូវីដ-១៩ (COVID-19) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចាត់ទុកពួកគេ ថាជា «ភេរវករ»។



ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«ការបង្ហោះព័ត៌មានដ៏អាក្រក់ពីជនទុច្ចរិត ដែលឥឡូវខ្ញុំកូរណាខ្ញុំ បានដើរដល់ចំណុចថា អ្នកឯងជាជនទុច្ចរិត នៅខាងមុខ ខ្ញុំ នឹងចាត់ទុកថា អ្នកឯងជា ពួកភេរវករ»។



ប្រមខុរដ្ឋាភិបាល បកស្រាយថា ករណីជនបរទេស២-៣នាក់ ដួលស្លាប់នៅកម្ពុជានាពេលថ្មីៗនេះ មិនមែនដោយសារជំងឺកូវីដ-១៩ទេ។ ប្រមុខរដ្ឋាភិបាល និយាយថា៖«ដើរទៅសួរលើពិភពលោកទៅ​ ដែលមានអ្នកស្លាប់ ទៅជាអ៊ីចឹងទេ?»។

ទន្ទឹមនឹងនេះ មេដឹកនាំកម្ពុជា ចោទជាសំណួរទៅកាន់អ្នកប្រឌិតព័ត៌មានពីជំងឺកូវីដ-១៩ ថា៖«តើអ្នកឯងទទួលបានអីមកវិញ?»។ មេដឹកនាំរូបនេះ បន្តថា៖«អ្នកឯង គ្រាន់តែបង្កភាពភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋនិងសម្រាប់ក្រុមគ្រួសាររបស់អ្នកឯង»។

អត្ថបទទាក់ទង

យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី មានជំនឿថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពីជំងឺកូវីដ-១៩ មិនអាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា តក់ស្លុត ហើយលែងគ្រប់គ្រងខ្លួនឯងបាននោះទេ។ ជាមួយគ្នានេះ សម្តេច បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ។  

ប្រមុខរដ្ឋាភិបាល ផ្តល់ជាយោបល់ថា៖«បើគេថា ខ្មែរឈឺអស់ហើយ ព្រះតេជគុណ បង្ហោះវិញទៅថា អាត្មាអត់ឈឺអីទេ។ [បើគេថា] ប្រជាជនកម្ពុជា ឈឺអស់ហើយ យើង មានហ្វេសប៊ុក បង្ហោះវិញថា ខ្ញុំ អត់មានឈឺអីទេ លេងអ្ហែងចេះវិញ។ អ្នកឯងថា ឈឺ ខ្ញុំថា មិន...ចុះបើយើងអត់ឈឺមែន»។

គិតត្រឹមព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ពុំទាន់មានសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋខ្មែរណាម្នាក់ ឆ្លងជំងឺកូវីដ-១៩ ឡើយ៕   

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com