COVID-19
អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់ទៀត ស្លាប់​ដោយសារ COVID-19
02, Mar 2020 , 4:55 pm        
រូបភាព
ប្រភពរូប៖ សារព័ត៌មាន Iran Front Page
ប្រភពរូប៖ សារព័ត៌មាន Iran Front Page
ដោយ:
​លោក Seyyed Mohammad Mirmohammadi សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សា​ផ្ដល់យោបល់ (Expediency Discernment Council) របស់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​អ៊ីរ៉ង់  Iran Front Page នៅ​ថ្ងៃ​០២ ខែមីនា​។​

 
​មន្ត្រីជាន់ខ្ពស់​របស់​អ៊ីរ៉ង់​អាយុ ៧២ ឆ្នាំ​រូបនេះ បាន​ស្លាប់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​មន្ទីរពេទ្យ​មួយ​ឈ្មោះថា Masih Daneshvari ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់ ។ មន្ទីរពេទ្យ​នេះ បានទទួល​ព្យាបាល​អ្នកជំងឺ COVID-19 ជាច្រើន​ឲ្យ​សម្រាក​នៅទីនេះ​។ 
 
​លោក Mirmohammadi ត្រូវបានតែងតាំង​ដោយផ្ទាល់​ពី​មេដឹកនាំ​កំពូល Ayatollah Seyyed Ali Khamenei កាលពី​សីហា ឆ្នាំ​២០១៧ ជា​សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សា​ផ្ដល់យោបល់ (Expediency Discernment Council) ។ តួនាទី​របស់​ក្រុមប្រឹក្សា​នេះ គឺ​ដោះស្រាយ​រាល់​ជម្លោះ​នានា ដែល​កើតឡើង​រវាង​សភាតំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​អាណាព្យាបាល​របស់​អ៊ីរ៉ង់​។​
 
​មុន​កាន់តំណែង​នេះ លោក​ក៏​ធ្លាប់ជា​សមាជិកសភា​រប​ស់​អ៊ីរ៉ង់​ចំនួន​ពីរ​អាណត្តិ​ផងដែរ​។ ម្យ៉ាងវិញទៀត លោក​ក៏​ជា​ក្មួយប្រុស​របស់​មេដឹកនាំ​សាសនា​ឥស្លាម​ម្នាក់ ដែល​បាន​ស្លាប់​ព្រោះ​ជំងឺ COVID-19 កាលពីពេល​ថ្មីៗ​នេះ​។ មុន​ករណី​ស្លាប់​របស់លោក Mirmohammadi អតីត​អគ្គរដ្ឋទូត​របស់​អ៊ីរ៉ង់​ប្រចាំ​បុរី​វ៉ា​ទី​កង់ លោក Hadi Khosroshahi ក៏បាន​ស្លាប់​ដោយសារ COVID-19 ផងដែរ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ ទី​០២ មីនា នេះ អ៊ីរ៉ង់ មាន​ករណី​ឆ្លង COVID-19 សរុប ៩៧៨ ករណី​ហើយ ខណៈ​អ្នកស្លាប់​ឡើងដល់ ៥៥​នាក់​។ ក្នុងនោះ​អ្នកជា​សះស្បើយ​មាន​១៧៥​នាក់​។ 
 
​កាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ​សប្តាហ៍​មុន លោកស្រី Masoumeh Ebtekar អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ ទទួលបន្ទុក​កិច្ចការនារី និង​គ្រួសារ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស​។ អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៊ីរ៉ង់ ក៏បាន​អះអាងថា ខ្លួន​បាន​ឆ្លង COVID-19 ផងដែរ​៕

Tag:
 អ៊ីរ៉ង់​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com