COVID-19
ជាតិ
​កម្ពុជា​ដាក់​មនុស្ស​៤​នាក់​ឲ្យ​នៅ​ដាច់ដោយឡែក និង​៤០​នាក់​ក្រោម​ការតាមដាន​សុខភាព​
05, Mar 2020 , 4:42 pm        
រូបភាព
​មនុស្ស​​៤​នាក់​ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ពោលគឺ​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ចំនួន​១៤​ថ្ងៃ និង​៤០​នាក់​ទៀត​ស្ថិតក្រោម​ការតាមដាន​សុខភាព បន្ទាប់​មាន​ព័ត៌មាន​ថា ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ធ្លាប់​ស្នាក់នៅ​សៀមរាប ត្រូវបាន​រកឃើញ​វិជ្ជមាន COVID-19 នៅ​ក្រុង Nagoya ប្រទេស​ជប៉ុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​

 
​បន្ថែម​ពីលើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) របស់​ក្រសួងសុខាភិបាល បាន​អះអាង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ក្រុមមន្ត្រី​សុខាភិបាល​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ខេត្តសៀមរាប កំពុងយកចិត្តទុកដាក់​លើករ​ណី​នេះ​ដោយ​តម្លាភាព​ និង​ធ្វើការ​ប្រកបដោយ​ភាពត្រឹមត្រូវ​បំផុត​ទៅតាម​នីតិវិធីរ​បស់​អង្គការ​សុខភាព​ពិភពលោក ម​ជ្ឈ​ណ្ឌ​ល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​
 
​បច្ចុប្បន្ន ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ខេត្តសៀមរាបរ​ក​ឃើញ​មនុស្ស​៤​នាក់​ដែលមាន​ប្រវត្តិ​ប៉ះពាល់​ផ្ទាល់ និង​៤០​នាក់​ដែល​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​ជនជាតិ​ជប៉ុន​ដែល​រកឃើញ​ករ​ណី​ឆ្លង​នៅ​ប្រទេស​ជប៉ុន​។​
 
​ជនជាតិ​ជប៉ុន​ដែល​ត្រូវបាន​តេស្ត​វិជ្ជមាន​នៅ​ប្រទេស​កំណើត​ខ្លួន​នោះ ជា​អ្នក​ធុរកិច្ច​គាត់​បានធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​ក្នុង​រយ​:​ពេល​ខ្លី​ពី​វៀតណាម ថៃ ហ្វីលីពីន កម្ពុជា បន្ទាប់មក​ទៅ​វៀតណាម និង​ត្រឡប់​ចូល​ប្រទេស​ជប៉ុន​វិញ​ហើយ​រកឃើញ​វិជ្ជមាន​COVID-19 នៅ​ទីនោះ ។​
 
​លោក លី សូ​វ៉ាន់ បាន​ពន្យល់ថា មនុស្ស​៤​នាក់​ត្រូវ​ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ដោយនៅ​ដាច់ដោយឡែក​ពី​គេ​១៤​ថ្ងៃ និង​៤០​នាក់​ទៀត​អាច​ចេញ​ក្រៅ ប៉ុន្តែ​ស្ថិតក្រោម​ការតាមដាន​សុខភាព​ជាប្រចាំ ហើយ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​វិធាន​ការការពារ​ផ្សេងៗ​។ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលធ្លាប់ប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនខាងលើនេះ ហើយសង្ស័យលើសុខភាពខ្លួននោះ ពួកគេអាចទាក់ទងទៅមន្ត្រីជំនាញសុខាភិបាលខេត្ត ឬទាក់ទងទៅលេខ 115 ដើម្បីទទួលបានការពិគ្រោះយោបល់សុខភាព៕

អត្ថបទទាក់ទង
 

 

Tag:
 COVID-19
  Coronavirus
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com