COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​វប្បធម៌​បារាំង លោក Frank Riester ឆ្លង​COVID-19
10, Mar 2020 , 9:47 am        
រូបភាព
លោក Frank Riester  រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង
លោក Frank Riester រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង លោក Frank Riester កាលពី​ថ្ងៃទី​៩ ខែមីនា ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​COVID-19​។ ប៉ុន្តែ​ពេលនេះ លោក​រដ្ឋមន្ត្រី​មាន​ស្ថាន​ភាពល្អ​នៅឡើយ​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP​។​

 
​បន្ទាប់ពី​រកឃើញ​សមាជិកសភា និង​បុគ្គលិក​ធ្វើការ​ក្នុង​សភា ពេលនេះ​បារាំង​បន្ត​រកឃើញ​រដ្ឋមន្ត្រី​វប្បធម៌ លោក Frank Riester មាន​ផ្ទុក​COVID-19​។ បើតាម​ការអះអាង​រប​ស់​គណៈរដ្ឋមន្ត្រី​បារាំង លោក​រដ្ឋមន្ត្រី​វប្បធម៌ ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស នៅ​ថ្ងៃទី​៩ ខែមីនា ប៉ុន្តែ​លោក​ស្ថិតក្នុង​ស្ថាន​ភាពល្អ​នៅឡើយ​ទេ​។ ពេលនេះ លោក​រដ្ឋមន្ត្រី​កំពុងស្នាក់នៅ​ក្នុងផ្ទះ​ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស​។​
 
​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា លោក​រដ្ឋមន្ត្រី​ឆ្លង​ពី​បុគ្គល​រូប​ណា ប៉ុន្តែ​គេ​ដឹង​ត្រឹម​ថា លោក Frank បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ​នៅក្នុង​សភាជាតិ​បារាំង​នា​សប្តាហ៍​មុន​។ សភាជាតិ​នេះហើយ គឺជា​កន្លែង​ដែលមាន​ករណី​ឆ្លង ៤ ឬ​៥​ករណី ក្នុងនោះ​ក៏មាន​សមាជិក​សភាជាតិ​បារាំង​ផងដែរ​។​
 
​សូមបញ្ជាក់ថា តួលេខ​អ្នក​ឆ្លង​COVID-19 នៅក្នុង​ប្រទេស​បារាំង បាន​កើនឡើង​យ៉ាងគំហុក​។ រហូតមកដល់​ពេលនេះ បារាំង​បាន​រកឃើញ​ករណី​ឆ្លង​លើសពី ១៤០០​នាក់ អ្នកស្លាប់​៣០​នាក់ និង​អ្នកជា​សះស្បើយ​១២​នាក់​។​
 
​ក្រៅពីនេះ បុគ្គល​ល្បីៗ​នៅ​បារាំង​ដែលមាន​លទ្ធផល​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស មានដូចជា លោក Marc Mezard រូប​វិទូ និង​ជា​នាយក​សាលា​ជាន់ខ្ពស់ ENS លោក Augustin de Romanet អគ្គនាយក​ក្រុមហ៊ុន​ព្រលានយន្តហោះ​ប៉ារីស (ADP) ក៏ដូចជា​សមាជិកសភា លោក Jean-Luc Reitzer លោក Sylvie Tolmont និង​លោកស្រី Michèle Victory ជាដើម​៕

Tag:
 បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com