ភ្នំពេញ៖ អាមេរិក អាក់អន់ចិត្តចំពោះព្រះរាជអាជ្ញាកម្ពុជា ដែលបានព្យាយាមទាញអាមេរិក ទៅពាក់ព័ន្ធនឹងករណីលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ចោទពីបទគប់គិតជាមួយបរទេស។ អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ថ្លែងបែបនេះ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយសវនាការលោក កឹម សុខា នាថ្ងៃទី១២ មីនា។
លោក W. Patrick Murphy បាននិយាយថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការកាត់ក្តីលោក កឹម សុខា នៅពេលនេះ ហើយបុគ្គលិកស្ថានទូតក៏បានព្យាយាមប្រមូលព័ត៌មានយ៉ាងល្អិតល្អន់ ជុំវិញសវនាការនេះ គ្រប់ពេលវេលាផងដែរ។ ប៉ុន្តែអ្វីដែលលោក Patrick Murphy មិនសូវសប្បាយចិត្តនោះ គឺព្រះរាជអាជ្ញាកម្ពុជា បានយកអាមេរិក ទៅផ្សារភ្ជាប់នៅក្នុងករណីលោក កឹម សុខា។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលបានចូលស្ដាប់សវនាការលោក កឹម សុខា នៅព្រឹកថ្ងៃទី១២ មីនានេះ បានធ្វើសន្និសីទកាសែត ដោយមានយ៉ាងដូច្នេះថា៖«យើងមានការរំខានចិត្ត ដោយឃើញខាងព្រះរាជអាជ្ញាបានព្យាយាមលើកឡើងពីចំណុចមួយចំនួន ដែលជារឿងមិនពិត ទាក់ទងនឹងសហរដ្ឋអាមេរិក នៅក្នុងករណីលោក កឹម សុខា »។
បើតាមលោក W. Patrick Murphy រដ្ឋាភិបាលអាមេរិកមិនដែលចង់ជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់ប្រទេសកម្ពុជាទេ ។ «យើងគោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ តែយើងគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំង ជាផ្នែកសំខាន់ចាំបាច់មួយនៃគ្រប់លទ្ធិប្រជាធិបតេយ្យ»។ នេះជាការបញ្ជាក់របស់លោក អគ្គរដ្ឋទូតអាមេរិក ដែលសង្ឃឹមថា លោក កឹម សុខា នឹងអាចទទួលសិទ្ធិនយោបាយវិញ នាពេលខាងមុខ។
សម្រាប់លោក W. Patrick Murphy លោក កឹម សុខា គឺជាអ្នកនយោបាយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនៅលើពិភពលោក ដែលជាអ្នកគាំទ្រ និងការពារសិទ្ធិមនុស្ស និងសេរីភាព។
នៅសវនាការព្រឹកថ្ងៃទី១២ មីនានេះ ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ មេធាវីដើមបណ្ដឹង និងមេធាវីចុងចោទ បានបញ្ចប់ការជជែកដេញដោលគ្នាលើអង្គហេតុទាក់ទងនឹងកិច្ចព្រមព្រៀងរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ដែលឈានទៅបង្កើតគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតឆ្នាំ២០១៣។ ក្នុងសវនាការ ក៏មានការសួរដេញដោលលើថវិកាចំណាយលើសកម្មភាពនយោបាយរបស់លោក កឹម សុខា ផងដែរ។
ទាក់ទងនឹងថវិកាធ្វើសកម្មភាពផ្សេងៗរបស់លោក កឹម សុខា នេះ ត្រូវបានមេធាវីការពារក្តីរដ្ឋាភិបាល លោក គី តិច ធ្លាប់បានអះអាងថា ខ្លួនមានភស្តុតាងដែលលោក កឹម សុខា យកលុយពីរដ្ឋបរទេស មកធ្វើសកម្មភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា។
តែយ៉ាងណាមេដឹកនាំអតីតបក្សប្រឆាំងលោក កឹម សុខា ក៏ធ្លាប់បានសង្កត់ធ្ងន់ថា ខ្មែររស់នៅក្រៅប្រទេស និងក្នុងប្រទេស ជាអ្នកផ្ដល់ថវិកាជួយបក្ស គឺអត់មានយកលុយរដ្ឋបរទេសទេ។ លោក កឹម សុខា ក៏បានទាមទារឱ្យតុលាការកោះហៅអាមេរិក មកសាកសួរជុំវិញបទចោទខ្លួនផងដែរ ប៉ុន្តែអយ្យការសាលាដំបូង អះអាងថា ច្បាប់ស្រុកខ្មែរ ដាក់ទោសតែពលរដ្ឋខ្មែរប៉ុណ្ណោះ។
ជុំវិញរឿងថវិកានេះ លោក W. Patrick Murphy បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៣ ពាន់លានដុល្លា ដល់ប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ដោយរួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
«កម្មវិធីរបស់យើងគឺសម្រាប់គណបក្សនយោបាយទាំងអស់ ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់អគ្គរដ្ឋទូតអាមេរិក នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១២ មីនា៕