COVID-19
អន្តរជាតិ
ព័ត៌មាន​ផ្ទាល់ខ្លួន​អ្នកជំងឺ COVID-19 សំខាន់​សម្រាប់​មន្ត្រី​សុខាភិបាល តែ​មិនចាំបាច់​សម្រាប់​ពលរដ្ឋ​ទូទៅ​
16, Mar 2020 , 9:59 pm        
រូបភាព
ដោយ:
​ចាប់តាំងពី​មាន​ករណី​ឆ្លង COVID-19 ទី​២ នៅ​ប្រទេស​កម្ពុជា ដែល​កើត​លើ​បុរស​ម្នា​ក់នៅ​ខេត្តសៀមរាប រូបភាព​បុរស​រូបនេះ ត្រូវបាន​គេ​ចែករំលែក​ព្រោងព្រាត មិន​ថា​លើ​ហ្វេ​ស​ប៊ុ​ក (news feed) និង​តាមរយៈ​ប្រអប់​សារ (messenger)​។ ទង្វើ​ដែល​មនុស្ស​មួយចំនួនធំ​ដែល​យល់ដឹង​ពី​សារសំខាន់​នៃ​ឯកជន​ភាព​ចាត់ទុកថា «​អសីលធម៌​» បាន​កើតឡើង​សាជាថ្មី​លើ​បណ្ដាញ​សង្គម​កម្ពុជា ក្រោយពី​ក្រសួងសុខាភិបាល​បានប្រកាស​ពី​ករណី​ឆ្លង​ទី​៦​លើ​បុរស​ជនជាតិ​កាណាដា​ម្នាក់​។ តួយ៉ាង រូបភាព ឈ្មោះ និង​កន្លែងធ្វើការ​រប​ស់​អ្នកជំងឺ​រូបនេះ ត្រូវបាន​គេ​ចែករំលែក​យ៉ាង​សុះសាយ​។

 
​អ្នកខ្លះ​លើកឡើងថា ការ​បង្ហោះ​បែបនេះ  គឺ​ដើម្បី​ផ្ដល់ដំណឹង​ជូន​ដល់​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​មានលទ្ធភាព​ទៅ​ជួប​គ្រូពេទ្យ កាលណា​ពួកគេ​មាន​ចេញ​រោគសញ្ញា​។ យ៉ាងណាមិញ អ្នកខ្លះ​ទៀត​ក៏​លើក​ជា​សំណួរ​ដែរ​ថា តើ​ការធ្វើ​បែបនេះ អាចជា​វិធីសាស្ត្រ​ដ៏​ប្រសិទ្ធភាព​ដើម្បី​ទប់ទល់​ការ​រាលដាល COVID-19 ឬក៏​វា​គ្រាន់តែ​ជា​បង្កើត​ការភ័យខ្លាច និង​រើសអើង​ចំពោះ​អ្នកជំងឺ និង​ក្រុមគ្រួសារ​ពួកគេ​? ហើយ​តើ​ពលរដ្ឋ​ទូទៅ​មាន​ភាពចាំបាច់​ឬទេ​សម្រាប់​ទទួលយក​ព័ត៌មាន​ឯកជន​ច្រើន​ហួសហេតុ​របស់​អ្នកជំងឺ COVID-19 នោះ​? 
 
​ដោយហេតុថា ព័ត៌មាន​ផ្ទាល់ខ្លួន (privacy) ពី​អ្នកជំងឺ COVID-19 និង​សុខភាព​ពួកគេ មាន​សារសំខាន់​សម្រាប់​មន្ត្រី​សុខាភិបាល  វា​ពុំ​មានន័យថា ព័ត៌មាន​ទាំងនោះ​មាន​ភាពចាំបាច់​សម្រាប់​សាធារណជន​ទូទៅ​នោះឡើយ​។ ម្ល៉េះ​ហើយ ទោះបីជា​ទទួល​សំណួរ​ពី​អ្នកសារព័ត៌មាន មន្ត្រី​សុខាភិបាល សម្រេចចិត្ត​ផ្ដល់ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​អំពី​អ្នកជំងឺ ដូចជា អាយុ ភេទ សញ្ជាតិ ប្រវត្តិ​ធ្វើដំណើរ និង​អាជីព​ជាដើម ដោយ​អាស្រ័យ​ទៅតាម​កាលៈទេសៈ​។ 
 
​អ្នកស្រី Amy Fairchild ព្រឹទ្ធបុរស​និង​សាស្ត្រាចារ្យ​ម្នា​ក់នៅ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​រដ្ឋ Ohio សហរដ្ឋអាមេរិក អះអាង​ដូច្នេះ​ថា ពលរដ្ឋ​ទូទាំង ពុំ​ត្រូវការ​ព័ត៌មាន​ឯកជន​របស់​អ្នកជំងឺ COVID-19 ដើម្បី​ការពារ​ខ្លួន​ពួកគេ​ឡើយ​។ តាម​ទស្សន​វ​ដ្តី​អន​ឡាញ​អាមេរិក The Verge  សាស្ត្រាចារ្យ​ផ្នែក​សុខភាព​សាធារណៈ​រូបនេះ លើកឡើង​ទៀតថា​៖«​វា​មាន​ហេតុផល​ផ្នែក​អារម្មណ៍​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​ចង់ដឹង​ពី​ព័ត៌មាន​ទាំងនេះ ក៏ប៉ុន្តែ​វា​ពុំ​អាចជួយ​ការពារ​អ្នក ហើយក៏​ពុំ​អាច​ផ្លាស់​អ្វីដែល​អ្នក​កំពុង​ធ្វើ​ផងដែរ​»​។ 
 
​មែនទែនទៅ មន្ត្រី​សុខាភិបាល​នៅ​ទូទាំង​ពិភពលោក បារម្ភ​ថា ការបញ្ចេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ច្រើន​ហួសហេតុ​របស់​អ្នកជំងឺ ដូចជា ឈ្មោះ រូបភាព និង​កន្លែង​រស់នៅ​និង​ធ្វើការ​ពួកគេ​ច្បាស់លាស់​ពេក នឹង​បង្ករ​ឲ្យ​មានការ​រើសអើង​លើ​អ្នកជំងឺ ក៏ដូចជា​លើ​ក្រុមគ្រួសារ​និង​សហគមន៍​ពួកគេ ។ តួយ៉ាង យើង​សង្កេតឃើញ​មាន ការរើសអើង​ប្រឆាំង​ជនជាតិ​អាស៊ី​នៅ​តំបន់​អឺរ៉ុប ព្រោះតែ COVID-19 បាន​ផ្ទុះ​រីក​រាលដាល​ដំបូង​ក្នុងប្រទេស​ចិន​។ 
 
​អ្នកជំងឺ COVID-19 ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ដែល​រង​ការរើសអើង​នៅ​ប្រទេស​ខ្លួន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​នេះ​ថា​៖«​ខ្ញុំ​ជួប​ការឈឺចាប់​ផ្លូវចិត្ត ច្រើនជាង​ផ្លូវកាយ​ទៅទៀត​»​។ ទន្ទឹមនេះ​បង្ហាញ​ការឈឺចាប់​បែបនេះ រូបនាង​បានស្នើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ផ្សេងទៀត​បញ្ឈប់​ការចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​នាង​។ នាង​បន្ថែមទៀតថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​គ្រួសារ និង​មិត្ត​ខ្ញុំ​»​។ នៅ​ប្រទេស​កូរ៉េខាងត្បូង​ដដែល ក្រុមហ៊ុន ឬ​ហាង​អាជីវកម្ម ដែល​អ្នកជំងឺ​ធ្លាប់​ចូល ក៏​រងគ្រោះ​ផងដែរ​។ ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដូច្នេះ​ថា​៖«​ខ្ញុំ​កំពុង​ប្រឈម​ការលំបាក ដោយ​យើង​គ្មាន​ភ្ញៀវ​ណា​ហ៊ាន​ចូលមក​បរិភោគ​កន្លែង​យើង​ទៀតឡើយ​»​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១៦ ខែមីនា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង COVID-19 ចំនួន​១២​ករណី​ហើយ​។ ករណី​ទី​១​ជា​ជន​ជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ (​សះស្បើយ​) ករណី​ទី​២ ជា​ជនជាតិខ្មែរ​នៅ​សៀមរាប​។ ៣​ករណី​ជា​ជនជាតិ​អង់គ្លេស​នៅ​នាវា Viking Cruise ដែល​សំចត​នៅ​ខេត្តកំពង់ចាម​។ ករណី​ទី​៦​ជា​ជនជាតិ​កាណាដា​។ ករណី​ទី​៧ ជា​ជនជាតិ​បែលហ្ស៊ិក​។ ករណី​ទី​៨​ជា​ជនជាតិ​បារាំង​។​ករណី​ទី​៩ ជា​ទារក​អាយុ​៤​ខែ និង​ជា​កូន​ជនជាតិ​បារាំង (​ករណី​ទី​៨)​។ បុរស​ខ្មែរ​ពី​បារាំង ជា​ករណី​ទី​១០ និង​២​ករណី​ចុងក្រោយ ជា​ខ្មែរឥស្លាម​នៅ​ខេត្តព្រះវិហារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com