COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Fellaini ដែលលេងនៅចិន, Dybala និងមិត្តស្រី លោក Maldini និងកូនប្រុស ឆ្លង COVID-19
× Real Madrid ទើបប្រកាសពីដំណឹងមរណភាពលោក Lorenzo Sanz ដែលបានស្លាប់ក្នុងអាយុ៧៦ឆ្នាំ ក្រោយឆ្លង COVID-19។ ជាមួយគ្នានេះ កីឡាករ និងអតីតកីឡាករអាជីព ជាបន្តបន្ទាប់ មានលទ្ធផលតេស្តវិជ្ជមាននៅតំបន់ផ្សេងៗគ្នា ក្នុងនោះមានដូចជាកីឡាករឆ្នើមចិន Wu Lei ដែលលេងនៅអេស្ប៉ាញ ហើយក្រោយមកមាន Marouane Fellaini, Paulo Dybala និងលោក Paolo Maldini ជាដើម។
Marouane Fellaini ជាកីឡាករដំបូងនៅ Chinese Super League ដែលតេស្តវិជ្ជមាន #COVID19។ បច្ចុប្បន្នគេលេងនៅក្លិប Shandong Luneng ហើយតេស្តឃើញនៅខេត្ត Jinan។ Fellaini ជាសមាជិកក្រុមជម្រើសជាតិបែលហ្ស៊ិក ហើយក៏ធ្លាប់លេងនៅ Everton និង Manchester United ផងដែរ។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ក្លាយជាកីឡាករទីបីរបស់ Juventus ដែលឆ្លង COVID-19 ដោយកីឡាករ២នាក់ផ្សេងទៀតមាន Daniele Rugani និង Blaise Matuidi។ Dybala បានប្រកាសករណីខ្លួន តាម Instagram ដោយបញ្ជាក់ថា មិត្តស្រី Oriana Sabatini ដែលជាតារាចម្រៀង និងជាតារាបង្ហាញម៉ូដអាហ្សង់ទីន ក៏ឆ្លងផងដែរ។
លោក Paolo Maldini អាយុ៥១ឆ្នាំ អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី និងជានាយកបច្ចេកទេសក្លិប AC Milan រួមទាំងកូនប្រុសឈ្មោះ Daniel Maldini អាយុ១៨ឆ្នាំ ដែលលេងនៅក្លិបយុវជន AC Milan ក៏បានឆ្លងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លិបអះអាងថា ពួកគាត់មានស្ថានភាពប្រក្រតី៕
© រក្សាសិទ្ធិដោយ thmeythmey.com