COVID-19
ជាតិ
សង្គមជាតិ
អ្នកស្រី សេង អែម មិន​យក​ថ្លៃ​ជួល​ផ្ទះ ពី​កម្មករ ដែល​ត្រូវ​ព្យួរការងារ
03, Apr 2020 , 10:19 pm        
រូបភាព
អ្នកស្រី សេង អែម (ស្ពាយកាបូក) ម្ចាស់ផ្ទះ​ជួល​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ក្នុង​រាជធានីភ្នំពេញ​ និង​កម្មករ​រោងចក្រ ដែល​ជួលបន្ទប់របស់អ្នកស្រី
អ្នកស្រី សេង អែម (ស្ពាយកាបូក) ម្ចាស់ផ្ទះ​ជួល​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ក្នុង​រាជធានីភ្នំពេញ​ និង​កម្មករ​រោងចក្រ ដែល​ជួលបន្ទប់របស់អ្នកស្រី
ដោយ:
​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​កម្មករ​រោងចក្រ អ្នកស្រី សេង អែម ជា​ម្ចាស់​ផ្ទះជួល​មួយកន្លែង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សម្រេច​មិន​យក​ថ្លៃ​ជួល​ផ្ទះ​រយៈពេល​៣​ខែ ចាប់ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២០​។ អ្នកស្រី មាន​បន្ទប់​ជួល​៤០​បន្ទប់ និង​មាន​កម្មករ​រោងចក្រ​ជួល​ប្រមាណ​៥០​នាក់​។​

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ អ្នកស្រី សេង អែម និយាយថា​៖«​ខ្ញុំ ឃើញ​កាលៈទេសៈ​នេះ គ្នា​ខ្វះខាត​ពេក ជួនណា​គ្នា​អត់​ថែម​ម៉ោង​។ ដល់​ជិត​ចូលឆ្នាំ​ខ្មែរ គ្នា​មាន​លុយ​តែ​៨០​ដុល្លារ ខ្លះទៀត​មានតែ​៧០​ដុល្លារ​អី​ទេ​។ ដល់ពេល​គ្នា​ត្រូវ​បង់​ទឹក​ភ្លើង បង់ថ្លៃ​បន្ទប់ វា​អស់​ខ្ទង់​៥០​ដុល្លារ​ហើយ អ៊ីចឹង​គ្នា​គ្មាន​លុយ​ណា​សម្រាប់​ទៅផ្ទះ​វិញ​។ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​សម្រេចចិត្ត​មិន​យក​តែម្តងទៅ ដោយសារ​គ្នា​ត្រូវការ​លុយ​សម្រាប់​ចាយវាយ​ពេល​ចូលឆ្នាំ​ដែរ​។ ប៉ុន្តែ​ទឹក​ភ្លើង​អី​ខ្ញុំ​គិតថ្លៃ​បន្តិចបន្តួច​ដែរ ដោយសារតែ​ត្រូវ​បង់​ឲ្យ​រដ្ឋ​»​។​
 
​អ្នកស្រី មាន​ប្រាប់ថា ការមិន​យក​ថ្លៃ​ផ្ទះជួល​រយៈពេល​៣​ខែ ធ្វើ​ឲ្យ​អ្នកស្រី  ខាតបង់​ចំណូល​ជាង​៦​ពាន់​ដុល្លារ​។ តែ​អ្នកស្រី មានប្រសាសន៍ថា អ្នកស្រី មិន​សោកស្តាយ​ឡើយ​។  
 
​អ្នកស្រី បញ្ជាក់ថា​៖«​ខ្ញុំ គិតថា​អ្នក​ជួល​ផ្ទះ​ខ្ញុំ​ទាំងអស់ គឺ​ខ្ញុំ​សុទ្ធតែ​ចាត់ទុក​ដូចជា​កូន​ខ្ញុំ​ទាំងអស់​។ បើ​រោងចក្រ ត្រូវ​បិទ គ្នា​មក​ធ្វើការ​អត់​កើត ហើយ​នៅ​ស្រុក អីវ៉ាន់​គ្នា​នៅផ្ទះ​ជួល​នេះ អាច​ទុកចោល​រយៈពេល​៥ ទៅ​៦​ខែ​នៅ​ហ្នឹង​ចុះ ដល់​ពេលណា​រោងចក្រ​បើក​វិញ អាច​ចូលមក​នៅ​វិញ​ចុះ​»​។     
 
​កន្លងមក ក៏មាន​ម្ចាស់​ផ្ទះជួល​មួយចំនួន បានប្រកាស​បញ្ចុះ​ថ្លៃ​ជួល និង មិន​យក​ថ្លៃ​ជួល​ដែរ​។ 
 
​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋាភិបាល បាន​បិទ​អាជីវកម្ម​ផ្សេង ដូចជា ក្លិប​កម្សាន្ត ខារ៉ាអូខេ រោងកុន កាស៊ីណូ និង បៀ​ហ្គា​ឌិន ជាដើម​។ បុគ្គលិក ដែល​បម្រើ​ការងារ​តាម​កន្លែង​ទាំងនេះ គឺ​សុទ្ធតែ​ត្រូវ​ព្យួរការងារ​។ 
 
​ចំពោះ​រោងចក្រ រដ្ឋាភិបាល ប្រកាសថា មិនអាច​បិទ​បានឡើយ​។ តែដោយសារ​តែ​ខ្វះ​វត្ថុធាតុដើម និង អ្នកបញ្ជា​ទិញ ផ្អាក​ការទិញ ទើប​ធ្វើ​ឲ្យ​រោងចក្រ​នៅ​កម្ពុជា ត្រូវ​បិទទ្វារ​ដោយ​ខ្លួន​ជា​បន្តបន្ទាប់​។ 
 
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២ ខែមេសា ថា មកដល់ពេលនេះ កម្ពុ​ជាមាន​រោងចក្រ​៩១​ហើយ ដែល​បាន​ព្យួរការងារ ហើយ​កម្មករ​-​កម្មការិនី​ជាង​៦,១​ម៉ឺន​នាក់ ដែល​រង​ការប៉ះពាល់​។​
 
​គិត​មកដល់​ថ្ងៃទី​៣ ខែមេសា កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១១៤​នាក់ តែ​ក្នុងនោះ​មាន​៣៥​នាក់​បានជា​សះស្បើយ​។ គិត​ជា​សាកល មាន​មនុស្ស​លើសពី​១​លាន​នាក់​ហើយ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុងនោះ មាន​អ្នកស្លាប់​ប្រមាណ​៥​ម៉ឺន​៣​ពាន់​នាក់ និង​ជាសះស្បើយ​ជាង​២១​ម៉ឺន​នាក់​៕ 
 

Tag:
 ​ផ្ទះជួល​
  កម្មករ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com