COVID-19
អន្តរជាតិ
WHO ប្រាប់​ចិន​និង​អាមេរិក​ឲ្យ​ឈប់​ធ្វើ​នយោបាយ​លើ COVID-19 ដែល​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​
09, Apr 2020 , 10:27 am        
រូបភាព
លោកអគ្គនាយក WHO (កណ្ដាល), ប្រធានាធិបតីចិន (ស្តាំ) និងប្រធានាធិបតីអាមេរិក
លោកអគ្គនាយក WHO (កណ្ដាល), ប្រធានាធិបតីចិន (ស្តាំ) និងប្រធានាធិបតីអាមេរិក
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​៨ ខែមេសា បាន​ទទូច​ឲ្យ​មាន​សាមគ្គីភាព​សាកល​ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19 ដែល​សម្លាប់​មនុស្ស​ជិត​៩​ម៉ឺន​នាក់​ហើយ​។ ត្រង់ចំណុច​នេះ ប្រមុខ WHO បាន​ព្រមាន​សហរដ្ឋអាមេរិក​និង​ចិន​ឲ្យ​ឈប់​លេងល្បែង​នយោបាយ​លើ​បញ្ហា COVID-19 ប្រសិនបើ​មិន​ចង់ឃើញ​គំនរ​សាកសព​បន្ថែមទៀត​ទេនោះ​។

 
​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​អន​ឡាញ ក្នុង​ទីក្រុង ហ្សឺ​ណែវ លោក​អគ្គនាយក Tedros Adhanom Ghebreyesus អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​ចូល​ដៃ​ជាមួយ​ចិន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ល្អ​ជាង​ការលេង​ល្បែង​ចង្អុលមុខ​ដាក់គ្នា​។ 
 
«​សហរដ្ឋអាមេរិក និង​ចិន គួរតែ​រួបរួមគ្នា​ហើយ​ប្រយុទ្ធ​តទល់​នឹង​សត្រូវ​ដ៏​គ្រោះថ្នាក់​មួយ​នេះ​»​។ លោក Tedros និយាយ​បែបនេះ ដោយ​សំដៅលើ​ជំងឺ COVID-19 ដែល​ឆ្លង​មនុស្ស​ទូទាំង​ពិភពលោក​ជាង​១,៥​លាន​នាក់​។ លោក​បន្តទៀតថា រដ្ឋាភិបាល​ទាំងអស់ គួរ​យកចិត្តទុកដាក់​លើ​ការជួយ​សង្គ្រោះ​ប្រជាជន​ពួកគេ​។ ម្ល៉ោះហើយ សូមកុំ​ធ្វើ​នយោបាយ​លើ​បញ្ហា COVID-19​។ 
 
​ត្រង់ចំណុច​នេះ លោក​អគ្គនាយក WHO ព្រមាន​ដូច្នេះ​ថា​៖«​ប្រសិនបើ​អ្នក​ចង់បាន​គំនរ​សាកសព​ច្រើន​បន្ថែមទៀត អ្នកធ្វើ​វា​បន្ត​ចុះ​។ ប្រសិនបើ​អ្នក​មិន​ចង់បាន​គំនរ​សាកសព​ច្រើន​បន្ថែមទៀត​ទេនោះ អ្នក​ត្រូវ​ឈឺ​ធ្វើ​នយោបាយ​វា​»​។ ដោយ​ស្រង់​ករណី​អ្នកស្លាប់​សរុប និង​តួលេខ​អ្នក​ឆ្លង លោក Tedros ស្រែក​អង្វរ​សុំ​ថា​៖«​តើ​ប៉ុណ្ណឹង​ហើយ​ពុំទាន់​គ្រប់គ្រាន់​ទេ​ឬ​?»​។​
 
​ការលើកឡើង​របស់​ប្រមុខ WHO រូបនេះ ធ្វើឡើង​ទំនង​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលថា​អង្គការ​លោក​លំអៀង​រក​ចិន​។ កាលពី​ថ្ងៃ​៧ មេសា លោក ត្រាំ បាន​ព្រមាន​កាត់ផ្ដាច់​ជំនួយ​របស់​អាមេរិក​សម្រាប់​អង្គការ​សុខភាព​ពិភពលោក ដោយ​អះអាងថា WHO គួរ​ចេញ​បម្រាម​ធ្វើដំណើរ​ឲ្យ​លឿន ទើប​វីរុស​មិនអាច​រាលដាល​ដូច​បច្ចុប្បន្ន​។ 
 
​ទាក់ទិន​ការរិះគន់​លោក​ត្រាំ​លើ WHO ក្រសួងការបរទេស​ចិន​ក៏បាន​ចេញមុខ​ការពារ​ដោយ​លើកឡើងថា អង្គការ​សុខភាព​ពិភពលោក ក្រោម​ការដឹកនាំ​របស់​លោក Tedros បាននិងកំពុង​បំពេញការងារ​ខ្លួន​យ៉ាង​ល្អ​និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្របសម្រួល​កិច្ចប្រឹងប្រែង​អន្តរជាតិ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​សាកល​នេះ​។  
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៨ ខែមេសា អ្នកនាំពាក្យ​ក្រសួងការបរទេស លោក Zhao Lijian សង្កត់ធ្ងន់ថា ប្រសិនបើ​អាមេរិក​សម្រេច​កាត់ផ្ដាច់​ជំនួយ​ទៅ​WHO​មែន​នោះ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​របស់​អង្គការ​អន្តរជាតិ​នេះ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង COVID-19 ។ ត្រង់ចំណុច​នេះ លោក Zhao សង្ឃឹមថា បណ្ដា​ប្រទេស​ទាំងអស់​អាចធ្វើ​ការរួម​គ្នា​, ជួយ​គ្នា​ទៅវិញទៅមក​ខណៈពេល​ដ៏​លំបាក​មួយ​នេះ ហើយ​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​សាកល​ប្រឆាំង​ជំងឺ COVID-19 នេះ​៕

Tag:
 WHO
  អង្គការ​សុខភាព​ពិភពលោក​
  COVID-19
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com