COVID-19៖ តើ​សម្ពាធ​ហិរញ្ញវត្ថុ​ក្នុង​ជំនួញ និង​ក្នុង​គ្រួសារ​កើនឡើង​ក្នុង​ខែ​ខាងមុខ​ឬ​?
COVID-19
ជាតិ
អចលនទ្រព្យ
COVID-19៖ តើ​សម្ពាធ​ហិរញ្ញវត្ថុ​ក្នុង​ជំនួញ និង​ក្នុង​គ្រួសារ​កើនឡើង​ក្នុង​ខែ​ខាងមុខ​ឬ​?
17, Apr 2020 , 3:32 pm        
រូបភាព
​ភ្នំពេញ​៖ វិបត្តិ​សុខភាព​កំពុង​រុញច្រាន​ឲ្យ​ប្រទេស​ជាច្រើន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ តាំងពី​ការផ្ទុះ​មេរោគ​កូ​វីដ​១៩​មក ជំនួញ​មួយចំនួន​បាន​បិទទ្វារ​ភ្លាមៗ រីឯ​ជំនួញ​ខ្លះទៀត នៅ​បន្តដំណើរ​ផ្អែក​ខ្លះ ឬ​នៅ​បន្ត​ទាំងមូល​អាស្រ័យ​លើ​ប្រភេទ​ជំនួញ​ផ្សេងៗ​គ្នា​។ តែ​ជារួម ជំនួញ​ជាច្រើន​បាន​ជាប់គាំង​តែម្តង​ដោយសារ​គ្មាន​អ្នកទិញ ឬ​គ្មាន​ការបញ្ជាទិញ​។


 
​រាប់​តាំងពី​ជំនួញ​តូចធំ ផ្លូវការ ក្រៅផ្លូវការ នៅក្នុង​ប្រទេស​កម្ពុជា សុទ្ធតែ​កំពុង​រង​ផល​បះ​ពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​ឥទ្ធិពល​មេរោគ​កូ​វីដ​១៩​ទាំងអស់​។ អ្នករកស៊ី​តូចតាច​ខាតបង់​តិចតួច អ្នក​បោះទុន​ធំ​ប្រឈម​ខាតបង់​ច្រើន​។ នៅក្នុង​បរិបទ​កូ​វីដ​១៩​នេះ គ្មាន​ជំនួញ​ណាមួយ​មិន​ខាតបង់​ឡើយ គ្រាន់តែ​កម្រិត​នៃ​ការខាតបង់​ខុសៗ​គ្នា​តែប៉ុណ្ណោះ​។ 
 
​ជាក់ស្តែង ក្រោយ​ការ​រាតត្បាត​មេរោគ​កូ​វីដ​១៩ និង​ក្រោយ​ការប្រកាស​ឲ្យ​បិទ​ប្រភេទ​ជំនួញ​មួយចំនួន​នៅ​កម្ពុជា​រួចមក បុគ្គលិក​ជាច្រើន​នៅក្នុង​វិស័យ​ផ្សេងគ្នា​បាន​បាត់បង់​ការងារ​។ រហូតមកដល់​ពេលនេះ គ្មាន​តួលេខ​ណា​បញ្ជាក់ថា មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់​បាន​បាត់បង់​ការងារ​ដោយសារ​វិបត្តិ​កូ​វីដ​១៩​នៅឡើយ​ទេ​។ 
 
​វិបត្តិ​កូ​វីដ​១៩​នេះ ដាក់​សម្ពាធ​ភ្លាមៗ​មកលើ​បុគ្គលិក​ដែលមាន​ប្រាក់ចំណូល​ទាប និង​គ្មាន​ការងារ​ធ្វើ​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩​។ សម្ពាធ​ហិរញ្ញវត្ថុ​មិនមែន​សម្រាប់តែ​ការចំណាយ​ប្រចាំថ្ងៃ​ទេ​។ ប៉ុន្តែ សម្ពាធ​នេះ កើតឡើង​ផងដែរ​សម្រាប់​បុគ្គល​មួយចំនួន​ដែល​ជំពាក់​បំណុល​ធនាគារ​ក្នុង​ហេតុផល​ផ្សេងៗ​គ្នា​។ 
 
​ងាក​មក​អ្នកជំនួញ​វិញ ពួកគេ​ប្រឈម​នឹង​វិបត្តិ​សុខភាព​កូ​វីដ​១៩​នេះ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​។ អ្នកជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​ភាគច្រើន​ប្រកាស​បិទទ្វារ​ដោយ​«​គ្មាន​ថ្លែង​»​អ្វី​ឡើយ​។ អ្នកជំនួញ​ក្នុង​វិស័យ​កាត់​ដែរ នៅ​ដំណើរ​ខ្លះ បិទទ្វារ​ខ្លះ​។ អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​ស្ថិតនៅ​ចំណុច​គាំងស្តូក​។ អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម​នៅ​បន្តដំណើរ​ខ្លះៗ​។ អ្នកជំនួញ​ក្នុង​វិស័យ​ធនាគារ​នៅ​បន្ត​ដំណើរការ​ជាមួយ​យុទ្ធសាស្ត្រ​សម្របសម្រួល​ពន្យា​ពេលវេលា​នៃ​ការបង់​បំណុល​របស់​អតិថិជន​។ 
 
​បើ​ពិនិត្យ​លើ​តថភាព​ជាក់ស្តែង បុគ្គលិក​ដែល​គ្មាន​ការងារ​ធ្វើ​កំពុង​ប្រឈម​កង្វះខាត​ហិរញ្ញវត្ថុ​។ ប៉ុន្តែ​អ្នកជំនួញ​(​ម្ចាស់​អាជីវកម្ម​)​វិញ ពួកគេ​ក៏​ប្រឈម​នឹង​កង្វះខាត​សាច់ប្រាក់​ច្រើន​ដែរ​ដោយសារ​ពួកគេ​ក៏​ជាប់បំណុល​ធនាគារ និង​ជាប់​កាតព្វកិច្ច​ច្រើន​ក្នុង​ជំនួញ​របស់​ពួកគេ ដូចជា ប្រាក់ខែ​បុគ្គលិក ថ្លៃឈ្នួល​ទីតាំង​អាជីវកម្ម​។​ល​។​
 
​នៅក្នុង​វិបត្តិ​សុខភាព​កូ​វីដ​១៩​នេះ ភាគី​ជំនួញ​ជាច្រើន​ហាក់បីដូចជា​ទម្លាក់​បន្ទុក​មកលើ​វិស័យ​ធនាគារ​ឲ្យ​ជួយ​ស្តារ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ ប៉ុន្តែ ពួកគេ​ហាក់បីដូចជា​ភ្លេច​គិតថា ធន​គារ ឬ​មីក្រូហិរញ្ញវត្ថុ​ក៏​ជា​កូនបំណុល​របស់គេ​ដែរ ហើយ​ធន​គារ ឬ​ស្ថាន​ប័ន​មីក្រូហិរញ្ញវត្ថុ​ក៏ត្រូវ​ប្រើប្រាស់​បុគ្គលិក​ច្រើន​រយ ច្រើន​ពាន់​នាក់​ផងដែរ​។ 
 
​សរុបសេចក្តី​មក នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ អ្នកពាក់ព័ន្ធ​ទាំងអស់​ពិតជា​ត្រូវ​ប្រឈម​នឹង​សម្ពាធ​ហិរញ្ញវត្ថុ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​។ តើ​គេ​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច​នៅក្នុង​គ្រា​ប្រឈម​ដ៏​លំបាក​នេះ​? គ្មាន​ឡើយ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នោះ​។ តែ​អ្វីដែល​គេ​អាច​ដោះស្រាយ​ជាក់ស្តែង​បាន​សម្រាប់​ពេលនេះ គឺ គ្រប់​តួអង្គ ដែលជា​រួមមាន អ្នកជំនួញ​(​ថៅកែ​) បុគ្គលិក ធន​គារ សាលារៀន​ឯកជន ពលរដ្ឋ​ជាទូទៅ ត្រូវ​ចូលរួម​ទទួលយក​នូវ​ការខាតបង់​នេះ​រួមគ្នា​។ 

​តើ​ពេលណា​ទើប​សេដ្ឋកិច្ចកម្ពុជា​អាច​ងើបឡើង​វិញ​? 
 
​គ្មាន​ចម្លើយ​ពិតប្រាកដ​ឡើយ ព្រោះ វិបត្តិ​សុខភាព​កូ​វីដ​១៩​ទើប​ចាប់ផ្តើម​ខ្លាំង​នៅ​អាមេរិក និង​អឺរ៉ុប ហើយ​សេដ្ឋកិច្ចកម្ពុជា​ក៏​ពាក់ព័ន្ធ​ជាមួយ​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​យ៉ាង​ពេញ​ទំហំ​ផងដែរ​។ ដូច្នេះ ប្រសិនបើ ពិភពលោក​ស្ថិតក្នុង​វិបត្តិ​សុខភាព​កូ​វីដ​១៩​យូរ ពេលនោះ សុខភាព​សេដ្ឋកិច្ចកម្ពុជា ក៏​មិន​ងាយ​ធូរស្រាល​ឡើយ ហើយ​សម្ពាធ​ហិរញ្ញវត្ថុ​ចំពោះ​អ្នកវិនិយោគ និង​អ្នកប្រើប្រាស់​ខ្មែរ​ក៏ត្រូវ​អូសបន្លាយ​ផងដែរ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com