COVID-19
អន្តរជាតិ
ចិន​និង​UN ប្រតិកម្ម​ចំពោះ​ការប្រកាស​របស់​អាមេរិក​ផ្អាក​ជំនួយ​ទៅ​WHO
16, Apr 2020 , 10:29 pm        
រូបភាព
អគ្គលេខាធិការ UN (ឆ្វេង) និងប្រធានាធិបតីចិន (Xinhua)
អគ្គលេខាធិការ UN (ឆ្វេង) និងប្រធានាធិបតីចិន (Xinhua)
ដោយ:
​រដ្ឋាភិបាល​ចិន តាមរយៈ​ក្រសួងការបរទេស បានបង្ហាញ​កង្វល់​ធ្ងន់ធ្ងរ​ជុំវិញ​ការសម្រេចចិត្ត​ផ្អាក​ជំនួយ​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក (WHO) ដោយ​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បំពេញ​កាតព្វកិច្ច​ខ្លួន​អំឡុង​វិបត្តិ​COVID-19​នេះ​។ ដូចគ្នានេះដែរ អង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា វា​ពុំមែន​ជា​ពេល​ត្រឹមត្រូវ​ក្នុងការ​កាត់បន្ថយ​ធនធាន​ពី​WHO​ឡើយ​។

 
«​ចិន ព្រួយ​បា​ម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការប្រកាស​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុងការ​ផ្អាក​ជំនួយ​សម្រាប់​អង្គកា​សុខភាព​ពិភពលោក​»​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Zhao Lijian បញ្ជាក់​បែបនេះ​ក្នុង​សន្និសីទ​ព័​ទ៌​មាន​មួយ នា​ថ្ងៃ​១៥ ខែមេសា​។  លោក​អះអាង​ទៀតថា​៖«​ស្ថានភាព​ជំងឺ​រាតត្បាត​សាកល​បច្ចុប្បន្ន គឺ​អាក្រក់​ខ្លាំង​។ វា​គឺជា​ពេល​ដ៏​គ្រោះថ្នាក់​បំផុត​។ ការសម្រេចចិត្ត​អាមេរិក នឹងធ្វើ​ឲ្យ​សមត្ថភាព​WHO​ចុះខ្សោយ និង​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង COVID-19»​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ចិន​រូបនេះ អះអាងថា រដ្ឋាភិបាល​ចិន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​គោរព​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ទំ​នួ​ស​ខុសត្រូវ​និង​កាតព្វកិច្ច​ពួកគេ ហើយ​គាំទ្រ​សកម្មភាព​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​WHO​ប្រឆាំង COVID-19​។ ត្រង់ចំណុច​នេះ​លោក Zhao Lijian សង្កត់ធ្ងន់ថា ភ្នាក់ងារ​អន្តរជាតិ​នេះ ដើរតួ​យ៉ាងសំខាន់​ដែល​ពុំ​អាច​ជំនួស​បាន​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សាកល​នេះ​។ 
 
​ទន្ទឹមនឹង​ការ​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres ក៏បាន​រិះគន់​ចំណាត់ការ​របស់​រដ្ឋបាល​លោក​ត្រាំ​ផងដែរ ដោយ​អះអាងថា វា​ពុំមែន​ជា​ពេលវេលា​ត្រឹមត្រូវ​នោះទេ​ក្នុងការ​កាត់បន្ថយ​ធនធាន​សម្រាប់​អង្គការ​សុខភាព​ពិភពលោក ឬ​អង្គការ​មនុស្សធម៌​នានា​ផ្សេងទៀត​ក្នុង​កាលៈទេសៈ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​។ ផ្ទុយទៅវិញ លោក​សង្កត់ធ្ងន់ថា​៖«​ពេលនេះ​គឺជា​ពេលវេលា​សម្រាប់​សាមគ្គីភាព និង​សម្រាប់​សហគមន៍​អន្តរជាតិ​ធ្វើការ​រួមគ្នា​យ៉ាងរឹងមាំ​បញ្ឈប់​វីរុស​នេះ និង​ផលវិបាក​របស់​វា​»​។​
 
​សូមបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​១៥ ខែមេសា បានប្រកាស​ផ្អាក​ការផ្តល់​ថវិកា​ទៅ​អង្គការ​សុខភាព​ពិភពលោក (WHO) ដោយ​លើកឡើងថា​អង្គការ​នេះ​បាន​លាក់បាំង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រាតត្បាត មុននឹង​បណ្តាល​ឲ្យ​សាយភាយ​ជុំវិញ​ពិភពលោក​។ សហរដ្ឋអាមេរិក ជា​ប្រទេស​ដែល​ផ្តល់​វិភាគទាន​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក​ច្រើនជាងគេបង្អស់​។ នៅ​ឆ្នាំ​២០១៩ សហរដ្ឋអាមេរិក​បាន​ផ្តល់​វិភាគទាន​ច្រើនជាង ៤០០​លាន​ដុល្លារ ដែល​ប្រហែល​១៥%​នៃ​កញ្ចប់​ថវិកា​ទាំងមូល​របស់​អង្គការ​នេះ​៕
 

Tag:
 ចិន​
 ​សហរដ្ឋអាមេរិក​
  UN
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com