COVID-19
ជាតិ
សង្គមជាតិ
ក្រសួងអប់រំ បន្តបិទសាលា ដោយមិនទាន់ដឹងថា អាចបើកវិញនៅពេលណា
17, Apr 2020 , 5:47 pm        
រូបភាព
ទិដ្ឋភាពវិទ្យាល័យព្រះស៊ីសុវត្ថិ
ទិដ្ឋភាពវិទ្យាល័យព្រះស៊ីសុវត្ថិ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានចេញសេចក្តីណែនាំមួយទៀត នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្តីពីការពន្យារពេលចូលរៀនវិញនៅគ្រប់គ្រឹះស្ថានអប់រំ។ លោករដ្ឋមន្រ្តី មិនអាចកំណត់ឡើយថា នឹងបើកសាលាវិញនៅពេលណា ដោយលោក គ្រាន់តែអាចបញ្ជាក់ថា ការពន្យារពេលចូលរៀននេះ គឺមានរយៈពេលរហូតដល់មានការជូនដំណឹងថ្មី។



តាមរយៈសេចក្តីណែនាំ រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តមាតាបិតា និងអាណាព្យាបាល ឲ្យបន្តជំរុញកូនចៅ ឲ្យប្រឹងប្រែងសិក្សាដោយខ្លួនឯង និងសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ដែលក្រសួងអប់រំ បានបង្កើតឡើង។ លើសពីនេះ លោក បានរម្លឹកឪពុកម្តាយ ឲ្យមើលថែកូនៗ និងនាំគ្នាអនុវត្តវិធានការអនាម័យ ហើយជៀសវាងទៅកន្លែងណា ដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។

ចំណែកការប្រឡងមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០២០នេះ ក៏ត្រូវពន្យារពេលដែរ។ 

អត្ថបទទាក់ទង


ក្រសួងអប់រំ បន្តបិទសាលានេះ ស្ថិតក្រោមហេតុផលដដែល គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ មិនមែនតែសាលាទេ សារមន្ទីរនិងព្រះបរមរាជវាំង ក៏ត្រូវបិទដែរ រួមទាំងអាជីវកម្មនានា ដូចជា ខារ៉ាអូខេ ក្លិបកម្សាន្ត រោងកុន ប៊ីហ្កាឌិន ក្លិបហាត់ប្រាណ កាស៊ីណូ និង កន្លែងម៉ាស្សា-ស្ប៉ា ជាដើម។ រីឯ ការប្រគំតន្រ្តីតាមទីសាធារណៈនិងការជួបជុំក្នុងសាសនា ត្រូវបានហាមឃាត់។

គិតត្រឹមថ្ងៃទី១៧ ខែមេសា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ១២២នាក់ តែបានជាសះស្បើយវិញ៩៨នាក់ ខណៈ២៤នាក់ទៀត កំពុងសម្រាកព្យាបាល៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com