COVID-19
ជាតិ
សង្គមជាតិ
រដ្ឋាភិបាលផ្តល់៨០ដុល្លារ ដល់អ្នកបាត់បង់ការងារ តាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន...
21, Apr 2020 , 1:22 pm        
រូបភាព
ក្រសួងទេសចរណ៍ សម្រេចជាថ្មីថា អ្នកបម្រើការងារតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារ ក្នុង១ខែ សម្រាប់រយៈពេលត្រឹម២ខែ។



ការផ្តល់ប្រាក់ឧបត្ថម្ភនេះ មានកំណត់នៅក្នុងសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបន្ថែមរបស់រដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ ដែលចេញដោយលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជំនួសលោក ថោង ខុន ជារដ្ឋមន្រ្តី ហើយបានផ្ញើជូនទៅកាន់គ្រប់ប្រធានមន្ទីរទេសចរណ៍តាមរាជធានី-ខេត្ត។

តាមរយៈសេចក្តីណែនាំ ដែលចេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ បញ្ជាក់ថា ការឧបត្ថម្ភថវិកានេះ មិនតម្រូវឲ្យអ្នកបម្រើការងារតាមអាជីវកម្មទាំង៤ប្រភេទខាងលើ ចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់ ដែលមានចែងក្នុងវិធានការជុំទី១និងជុំទី២ឡើយ។

គោលការណ៍លើកមុន (ជុំទី២) ដែលចេញដោយរដ្ឋាភិបាល កំណត់ថា អ្នកបម្រើការងារ ក្នុងអាជីវកម្មទាំង៤ប្រភេទខាងលើ ដែលត្រូវព្យួរការងារ គឺទទួលបានប្រាក់ឧបត្ថម្ភ២០ភាគរយនៃប្រាក់ខែគោល ជាប្រចាំខែ ហើយពួកគេ តម្រូវឲ្យទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់ ទើបទទួលបានប្រាក់ឧបត្ថម្ភនេះ។

អត្ថបទទាក់ទង
 
យ៉ាងណា ទាំងគោលការណ៍លើកមុននិងលើកក្រោយនេះ នៅកំណត់ដូចគ្នាដដែល គឺលើកលែងពន្ធរយៈពេល៣ខែ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍។

សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ត្រូវបានចាត់ទុកជាប្រភេទអាជីវកម្ម ដែលស្ថិតក្នុងចំណោមនៃវិស័យទេសចរណ៍។ តាមពិត អាជីវកម្មទាំង៤ប្រភេទនេះ រដ្ឋាភិបាល មិនបានតម្រូវឲ្យបិទឡើយ តែដោយសារតែភ្ញៀវទេសចរណ៍ធ្លាក់ចុះយ៉ាងគំហុក ទើបបណ្តាលឲ្យអាជីវកម្មទាំងនេះមួយចំនួន ត្រូវបិទទ្វារដោយខ្លួនឯង ហើយខ្លះទៀត ទោះមិនបិទទ្វារ តែបានកាត់បន្ថយបុគ្គលិក។

ការរាតត្បាតជំងឺកូវីដ-១៩ ធ្វើឲ្យវិស័យទេសចរណ៍និងវិស័យកាត់ដេរនៅកម្ពុជា រងផលប៉ះពាល់ខ្លាំងជាងគេ។ យ៉ាងណា រដ្ឋាភិបាល ប្រកាសថា កម្ពុជា មិនអាចបិទរោងចក្រឡើយ។ កម្មករ-កម្មការិនីរោងចក្រ ដែលត្រូវព្យួរការងារ ទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារ ជាប្រចាំខែ ដោយក្នុងនោះ រដ្ឋាភិបាលចេញ៤០ដុល្លារ ហើយម្ចាស់រោងចក្រចេញ៣០ដុល្លារ។

ចំណែក អាជីវកម្មមួយចំនួនទៀត រួមមាន កាស៊ីណូ ក្លិបកម្សាន្ត ខារ៉ាអូខេ ប៊ីហ្កាឌិន រោងកុន កន្លែងម៉ាស្សា-ស្ប៉ា  និង កន្លែងហាត់ប្រាណ ជាដើម ត្រូវបានរដ្ឋាភិបាលសម្រេចបិទបណ្តោះអាសន្ន ដោយបារម្ភខ្លាចជំងឺកូវីដ-១៩ រាតត្បាត។ ប៉ុន្តែ រដ្ឋាភិបាល មិនទាន់ចេញគោលការណ៍នោះទេថា អ្នកបាត់បង់ការងារតាមអាជីវកម្មទាំងនេះ អាចទទួលបានប្រាក់ឧបត្ថម្ភដែរ ឬក៏អត់។ អាជីវកម្មទាំងនេះ អាចបើកដំណើរការឡើងវិញបាន លុះត្រាតែស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ធូរស្បើយ៕

Tag:
 COVID-19
  ប្រាក់ឧបន្ថម្ភ
  កម្មករនិយោជិត
  សណ្ឋាគារ
  ផ្ទះសំណាក់
  ភោជនីយដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com