កូ​វីដ​-១៩៖ តើ​អ្វីខ្លះ​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការសិក្សា​ពី​ចម្ងាយ​?
COVID-19
ជាតិ
កូ​វីដ​-១៩៖ តើ​អ្វីខ្លះ​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការសិក្សា​ពី​ចម្ងាយ​?
24, Apr 2020 , 11:55 am        
រូបភាព
​ភ្នំពេញ​៖ ការ​រាតត្បាត​នៃជំងឺ​កូ​វីដ-​១៩ ​បាន​បង្ខំ​ឲ្យ​ប្រព័ន្ធ​អប់រំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បោះជំហាន​ឆ្ពោះទៅរក​ការវិវត្ត​ នៃ​បច្ចេកវិទ្យា​កាន់តែ​លឿន​ជាង​មុន​។ ឧបសគ្គ​បង្កើត​ឱ​កាស ដំណោះស្រាយ ឬ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​? បើទោះបីជា​មានមតិ​ខ្លះ ​អបអរសាទរ​ការសិក្សា​តាម​អន​ឡាញ ឬ​ការសិក្សា​តាម​ទូរទស្សន៍​ក៏ដោយ​​ តែ​មតិ​ខ្លះទៀត​រិះគន់ថា ការសិក្សា​តាម​ទម្រង់​ថ្មី​នេះ ​ផ្តល់​លទ្ធផល​តិចតួច ហើយ​ពេលខ្លះ ទម្រង់​ថ្មី​នេះ ក៏​ដាក់ទណ្ឌកម្ម​ដល់​គ្រួសារ​ក្រីក្រ​ថែម​ទៀតផង​។


 
​ក្នុង​បរិបទ​នៃ​មេរោគ​កូ​វីដ​១៩​នេះ ការសិក្សា​ពី​ចម្ងាយ​ដែលមាន​ការសិក្សា​តាម​អន​ឡាញ និង​ការសិក្សា​តាម​ទូរទស្សន៍ ឬ​អាច​វិទ្យុ បាន និង​កំពុង​បង្ហាញ​វត្តមាន​កាន់តែច្រើន ​នៅ​សង្គម​ខ្មែរ​។ ការសិក្សា​តាម​អន​ឡាញ មានន័យថា គ្រូបង្រៀន​ត្រូវមាន​កុំព្យូទ័រ ឬ​iPad និង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ទើប​អាច​បង្រៀន​បាន​។ ចំពោះ​កូនសិស្ស និស្សិត​វិញ ពួកគេ​ក៏ត្រូវ​មាន​មាន​សម្ភារ​ដូច​លោកគ្រូ អ្នកគ្រូ​ដែរ ទើប​ពួកគេ​អាច​ចូលរួម​ការសិក្សា​បាន​។ ក្នុង​របៀប​ទី​១​នេះ គេ​ច្រើន​ប្រើប្រាស់​កម្មវិធី Google Meet, Zoom, Google Classroom…​។  
 
​ការសិក្សា​តាម​ទូរទស្សន៍ មានន័យថា លោកគ្រូ​អ្នកគ្រូ​ ត្រូវបាន​គេ​តម្រូវ​ឲ្យ​បង្រៀន​នៅលើ​កញ្ចក់​ទូរទស្សន៍។ រីឯ​សិស្ស​និស្សិត​វិញ ពួកគេ​អាច​ចូលរួម​សិក្សា​ដោយ​អង្គុយ​មើល ឬ​ទស្សនា​ទូរទស្សន៍ ​(​បច្ចុប្បន្ននេះ​មានការ​សិក្សា​តាម​វិទ្យុ​ខ្លះ​ដែរ​)​។ ក្នុង​ទម្រង់​សិក្សារ​ទី​២​នេះ លោកគ្រូ​អ្នកគ្រូ​ ត្រូវធ្វើ​កិច្ចការ​ជាមួយ​ស្ថានីយ៍ទូរទស្សន៍​ណាមួយ រីឯ​សិស្ស​និស្សិត​វិញ ពួកគេ​ត្រូវការ​តែ​ទូរទស្សន៍ និង​ភ្លើងអគ្គិសនី​ជាការ​ស្រេច​។ 
 
​ចំណុច​ខុសគ្នា​ នៃ​របៀប​សិក្សា​ទាំងពីរ​ខាងលើនេះ គឺ​នៅត្រង់ថា ការសិក្សា​ទម្រង់​ទីមួយ ​អនុញ្ញាត​ឲ្យ​សិស្ស​និស្សិត អាចមាន​ទំនាក់ទំនង​សួរ​ឆ្លើយ​ ជាមួយ​លោកគ្រូ​អ្នកគ្រូ​បាន​ភ្លាមៗ។ រីឯ ការសិក្សា​តាមរបៀប​ទី​ពីរ​វិញ សិស្ស​និស្សិត និង​គ្រូ មិនអាច​សួរ​ឆ្លើយ​ទៅវិញទៅមក​នៅលើ​កញ្ចក់​ទូរទស្សន៍​បានឡើយ ពោល គឺ​សិស្ស​និស្សិត​បានត្រឹមតែ​ស្តាប់​ប៉ុណ្ណោះ​។ តើ​ការសិក្សា​ទាំងពីរ​ប្រភេទ​នេះ ផ្តល់​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ​? 
 
​បើ​ប្រៀបធៀប​ទៅនឹង​ការសិក្សា​ក្នុង​ថ្នាក់​ផ្ទាល់ ទល់មុខ​គ្នា ផលប្រយោជន៍​ពិតជា​ខុសគ្នា​ឆ្ងាយ​ណាស់​។ ប៉ុន្តែ បើ​និយាយ​ក្នុង​បរិបទ​វិបត្តិ​កូ​វីដ-​១៩ ការសិក្សា​ទាំងពីរ​របៀប​​នេះ ពិតជា​ផ្តល់​ផលប្រយោជន៍​ច្រើន​គួរសម​ដែរ​។ ធ្វើ​ប្រសើរ​ជាង​មិន​ធ្វើ រៀន​ប្រសើរ​ជាង​មិន​រៀន​។ គុណសម្បត្តិ មានដូចជា​៖ កូនសិស្ស​អាច​រម្លឹក​មេ​រៀន​ចាស់ៗ​បាន បន្តមេរៀន​ថ្មី​ទៅមុខទៀត មិន​ចំណាយពេល​ធ្វើដំណើរ ចំណេញ​ថវិកា និង​ចំណុច​មួយទៀត​ដែល​ល្អ​ដែរនោះ គឺថា កូ​វីដ-​១៩​ អាចជា​ពេលវេលា​ដែល​បង្ខំ​ឲ្យ​សិស្ស​និស្សិត និង​គ្រូ​មួយចំនួន​ ត្រូវតែ​រត់តាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ព័ត៌មាន ទោះ​ក្នុង​កម្រិត​តិច ឬ​ច្រើនក្តី​។ ម្យ៉ាងទៀត សិស្ស​និស្សិត​ ចាប់ផ្តើម​សាកល្បង​សិក្សា​ដោយ​ខ្លួនឯង​ច្រើន ដោយ​មិនចាំបាច់​រង់ចាំ​ការ​ច​ង្អុ​ល​បង្ហាញ ​ទល់មុខ​ពី​លោកគ្រូ​អ្នកគ្រូ​។ 
 
​រីឯ គុណវិបត្តិ​នៃ​ការសិក្សា​ពី​ចម្ងាយ​វិញ ក៏មាន​ច្រើន​ដែរ​។ សិស្ស​និស្សិត​ មិនសូវ​យកចិត្តទុកដាក់​ស្តាប់​គ្រូ​ប៉ុន្មាន​ឡើយ ជាពិសេស កុមារ​តូចៗ​។ សិស្ស​និស្សិត​ខ្លះ បើក​តែ​កុំព្យូទ័រ​ចោល រីឯ​អា​ម្មណ៍​ មិនដឹង​ជា​ហោះហើរ​ទៅដល់​ទីណា​ឡើយ​។ សិស្ស​និស្សិត​ខ្លះទៀត បើក​កុំព្យូទ័រ​បណ្តើរ រៀន​បណ្តើរ ស្តាប់​ចំរៀង​បណ្តើរ ពិសា​នេះ ឬ​នោះ​បណ្តើរ ជួនកាល​ស្តាប់​គ្រូ​ផង ឈែ​ត​​ជាមួយ​មិត្តភក្តិ​ផង​។ និយាយ​ជារួម ប្រសិទ្ធភាព​នៃ​ការសិក្សា​ពី​ចម្ងាយ ​មាន​កម្រិត​ទាប ជាពិសេស សម្រាប់​កុមារ​តូចៗ​។ ហើយ​នេះ គេ​នៅ​មិនទាន់​និយាយ​ ពី​ឧបសគ្គ​សម្រាប់​សិស្ស​និស្សិត​មកពី​គ្រួសារ​ក្រីក្រ​ផង​។

សិស្ស​និស្សិត មកពី​គ្រួសារ​ក្រីក្រ ពិតជា​មិនអាច​មាន​ប្រាក់​គ្រប់គ្រាន់ ​ទិញ​សម្ភារ​សម្រាប់​សិក្សា​តាម​អន​ឡាន​បានឡើយ ព្រោះពួកគេ​ត្រូវការ​កុំ​ព្យួ​ទ័​រ ឬ​iPad ឬ​ទូរ​សព្ទ បូក​នឹង​ប្រព័ន្ធ​អី​ន​ធឺ​ណិ​ត​។ ម្យ៉ាងទៀត ការសិក្សា​តាម​អន​ឡាញ ​កំពុង​ក្លាយទៅជា​រឿង​ជម្លោះ​រវាង​អាណាព្យាបាល និង​ម្ចាស់​សាលា​ឯកជន ព្រោះអាណាព្យាបាល​មិន​ចង់​បង់ថ្លៃ​សាលា​ ក្នុង​ចំនួន​ពេញ​ដូច​ការសិក្សា​ក្នុង​ថ្នាក់​។ 
 
​សម្រាប់​ការសិក្សា​តាម​ទូរទស្សន៍ គុណវិបត្តិ​របស់​វា ​ក៏​មិនសូវ​ខុសគ្នា​ពី​ការសិក្សា​តាម​អន​ឡាញ​ប៉ុន្មាន​ឡើយ​។ តែ​ការសិក្សា​តាម​ទូរទស្សន៍​ អនុញ្ញាត​ឲ្យ​កូនសិស្ស​ក្រីក្រ មធ្យម ឬ​គ្រួសារ​ធូរធា​អាច​សិក្សា​បាន​ដូចគ្នា ដោយ​គ្រាន់​តែមាន​ទូរទស្សន៍ និង​ភ្លើងអគ្គិសនី​ប៉ុណ្ណោះ​។ 
 
​សរុបសេចក្តី​មក ការសិក្សា​ពី​ចម្ងាយ​តាម​ទូរទស្សន៍​ក្តី ឬ​តាម​អន​ឡាញ​ក្តី មិន​ទទួលបាន​ផល​ដូច​ការសិក្សា​ផ្ទាល់​នៅ​សាលា​មែន​។ តែ​អំឡុងវិបត្តិកូ​វីដ​-១៩ ការសិក្សា​ពី​របៀប​ខាងលើ ពិតជា​ចូលរួមចំណែក​មិនអាច​ខ្វះ​បាន ​ក្នុង​ការជួយ​តម្រង់ទិស​ដល់​សិស្ស​និស្សិត​។ សិក្សា ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ ក៏​ប្រសើរ​ជាង​លេង​ហ្គេ​ម​។ សិក្សា ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ តែងតែ​ទទួលបាន​ផល​ក្នុង​កម្រិត​តិច ល្មម ឬ​ច្រើន​។ តែបើ​មិន​សិក្សា​វិញ លទ្ធផល គឺ​សូន្យ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com