ជាតិ
២៥ខេត្ត/រាជធានី
លក្ខណពិសេសរបស់«សត្វផ្សោត»នៅទន្លេមេគង្គ អាចមានកូនភ្លោះបាន!
×
ក្រចេះ៖ «ផ្សោត»ជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងពពោះរយៈពេល១៤ខែ។ អ្នកស្រី ប៊ុត ចាន់មេត្តា មន្ត្រីជាន់ខ្ពស់ផ្នែកអប់រំផ្សព្វផ្សាយរបស់អង្គការ WWF កម្ពុជា បានអះអាងថា ផ្សោតទន្លេមេគង្គមានលក្ខណពិសេសដែលអាចពពោះកូនភ្លោះបាន តែនេះជាករណីកម្រនឹងកើតមាន បំផុត។
សូមអញ្ជើងលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖
VIDEO
អ្នកស្រី ប៊ុត ចាន់មេត្តា បញ្ជាក់ដូច្នេះថា៖«យើងធ្លាប់ប្រទះឃើញផ្សោតមានកូន២នៅក្នុងពោះ ប៉ុន្តែករណីនេះ ជាករណីកម្រណាស់»។ កូនផ្សោត ដែលទើបកើតត្រូវការទឹកដោះពីមេរបស់វារហូតដល់ទៅមួយឆ្នាំ មុនពេលកូនផ្សោតទាំងនោះ អាចចាប់ត្រីជាអាហារដោយខ្លួនឯងបាន។
មន្ត្រីជាន់ខ្ពស់ផ្នែកអប់រំផ្សព្វផ្សាយរបស់អង្គការ WWF រូបនេះក៏បានឲ្យដឹងផងដែរថា ក្រុមការងាររបស់អង្គការ WWF តែងតែមានការស្រាវជ្រាវពិសេស ដើម្បីប្រមូលភស្តុតាងសាកសពផ្សោត ដើម្បីប្រមូលព័ត៌មាន។
អង្គការ WWF Cambodia បានបង្ហាញរបាយការណ៍ថា នៅឆ្នាំ២០១៩ ផ្សោតចំនួន៨ក្បាលបានស្លាប់ និងមានផ្សោតចំនួន១៣ក្បាលបានកើតថ្មី នៅអន្លង់ផ្សោតខេត្តក្រចេះនិងស្ទឹងត្រែង។ បច្ចុប្បន្ន កម្ពុជា មានផ្សោតចំនួន៩២ក្បាល ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ ចំនួនសត្វផ្សោតទន្លេមេគង្គនេះ កំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជ ដោយសារការដាក់ម្មងរបស់អ្នកនេសាទខុសច្បាប់៕ © រក្សាសិទ្ធិដោយ thmeythmey.com