​កូ​វីដ​៖ ខេត្តពោធិ៍សាត់ ត្រៀម​ឈានទៅ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ទាំងស្រុង​ពី​ខាងក្រៅ​
COVID-19
ជាតិ
​កូ​វីដ​៖ ខេត្តពោធិ៍សាត់ ត្រៀម​ឈានទៅ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ទាំងស្រុង​ពី​ខាងក្រៅ​
24, Apr 2020 , 2:59 pm        
រូបភាព
​ខេត្ដ​ពោធិ៍សាត់​៖ គ្រាប់ពូជ ត្រកួន ននោង ផ្ទី ស្ទៃ ជាច្រើន​តោន​បាន​បន្ត​ចែកជូន​ប្រជា​ពល​ដ្ឋ​នៅក្នុង​ខេត្តពោធិ៍សាត់​ប្រមាណ​ជា​៦០០​គ្រួសារ​ហើយ​រហូតមក​ដល់​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០​នេះ​។ នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខេត្តពោធិ៍សាត់​ក្នុង​ការជំរុញ​ការដាំដុះ​បន្លែ​ធម្មជាតិ​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​បន្លែ​គីមី​ពី​ខាងក្រៅ​ទាំងស្រុង​នាពេល​អនាគត​។


 
«​បន្លែ​ខ្មែរ ថែ​ជីវិត​»​។ នេះ គឺជា​ពាក្យស្លោក​ដែល​សាលាខេត្ត​ពោធិ៍សាត់​បាន​ប្រើប្រាស់​ក្នុង​រយៈពេល​ចុង​ក្រោយនេះ​ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​ធម្មជាតិ​បន្ថែមទៀត​នៅក្នុង​ដែនដី​ដ៏​មាន​ជីជាតិ​របស់ខ្លួន​។ មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម និង​យុវជន​ខេត្តពោធិ៍សាត់ គឺជា​អ្នកទទួលខុសត្រូវ​ជួយ​សម្របសម្រួល​ការដាំ​ដុះ​បន្លែ​ធម្មជាតិ​ដោយ​ប្រើប្រាស់​លាមក​គោ អាចម៍មាន់ និង​អាចម៍​ទា​។​ល​។ 
 
​លោក​អភិបាលខេត្ត​ពោធិ៍សាត់ ម៉ៅ ធនិន បាន​ថ្លែង​ប្រាស់​សារព័ត៌មាន Thmeythmey នៅ​ថ្ងៃ​សុក្រ​ទី​២៤​ខែមេសា​ឆ្នាំ​២០២០​នេះ​ថា ការជំរុញ​ការដាំដុះ​បន្លែ​ធម្មជាតិ​បន្ថែមទៀត​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទូទាំងប្រទេស​នាំគ្នា​ដាំ​បន្លែ​គ្រប់​ប្រភេទ​ក្នុង​បរិបទ​វិបត្តិ​មេរោគ​កូ​វីដ​១៩​នេះ​។​
 
​សូម​រម្លឹកថា កាលពីដើម​ខែមេសា​ឆ្នាំ​២០២០​កន្លងមកនេះ​, ក្នុងស្ថានភាព​ប្រទេសជាតិ​កំពុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩ (COVID-19), សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ​នានា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ សម្តេច ហ៊ុន សែន បានបញ្ជាក់​ទៀតថា វិបត្តិ​មេរោគ​កូ​វីដ​-១៩ ថ្វី​ដ្បិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម នៅ​កម្ពុជា​មែន ប៉ុន្តែ​វិបត្តិ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​នោះទេ​។ ផ្ទុយទៅវិញ កលា​នុ​វត្ត​ភាព គឺមាន​សម្រាប់​វិស័យ​កសិកម្ម ដែល​តម្រូវ​ឲ្យ​ប្រជាជន​ដាំ​ដុះ​ផលិតផល​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​យើង​ប្រើប្រាស់​ឱកាស​ដ៏​លំបាក​នេះ​ឲ្យ​ក្លាយទៅជា​កលា​នុ​វត្ត​ភាព​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែលមាន​កំណើន​យឺត​ក្នុង​រយៈពេល​កន្លងទៅ​»​។​
 
​កូ​វីដ​១៩ គឺជា​វិបត្តិ​មែន​។ តែ​លោក​អភិបាលខេត្ត​ពោធិ៍សាត់​ឆ្លៀត​យក​បរិបទ​ដ៏​លំបាក​នេះ​បង្កើត​ឲ្យ​ទៅជា​ឱកាស​នាពេល​អនាគត​សម្រាប់​ពលរដ្ឋ​នៅក្នុង​ខេត្តពោធិ៍សាត់​។ មេរោគ​កូ​វីដ​បាន​បង្ក​ឲ្យ​មាន​កម្លាំង​ពលកម្ម​នៅ​ទំនេរ​(​គ្មាន​ការងារ​ធ្វើ​)​ខ្លះ​នៅក្នុង​ខេត្ត​មួយ​នេះ​។ លោក ម៉ៅ ធនិន បាន​លម្អិត​បញ្ជាក់ប្រាប់​ថា​៖«​ខេត្តពោធិ៍សាត់ ឆ្លៀត​យក​បរិបទ​កូ​វីដ​១៩ ជំរុញ​ការដាំដុះ​បន្លែ​ធម្មជាតិ​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ខេត្តពោធិ៍សាត់​ឲ្យ​គ្រប់គ្រាន់ និង​ត្រៀម​នាំចេញ​ទៅកាន់​ខេត្ត​ក្រុង​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​»​។ 
 
​លោក​ម៉ៅ ធនិន បាន​បន្ថែមទៀតថា ការដាំដុះ​បន្លែ​ធម្មជាតិ​នេះ គឺ​ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ក្នុង​សហគមន៍ និង​ក្នុង​ខេត្តពោធិ៍សាត់ ហើយ​បន្លែ​នៅសល់​ពី​តម្រូវការ​ក្នុង​ខេត្ត ខេត្ត​នឹង​ជំរុញ​ការនាំចេញ​។  
 
​លោក អ៊ឹង គីម​លាង អភិបាលរង​ខេត្តពោធិ៍សាត់ ធ្លាប់បាន​បញ្ជាក់ថា គ្រួសារ​នីមួយៗ​នៅក្នុង​ខេត្ត​គួរ​ដាំ​បន្លែ​បី ឬ​បួន​មុខ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​ដើម្បី​រក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ក្រោយពី​ទទួលផល​រួចហើយ លោក អ៊ឹង គីម​លាង សន្យាថា ក្រុមការងារ​របស់លោក​នឹង​ជួយ​រក​ទីផ្សារ​ជូន​កសិករ​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ 
 
​ស្វយ័ត​កម្ម​សន្តិសុខ​ស្បៀង​សម្រាប់​គម្រោង​«​បន្លែ​ខ្មែរ ថែ​ជីវិត​» គឺជា​ក្តី​ស្រមៃ​ដ៏​វែងឆ្ងាយ​របស់​ខេត្តពោធិ៍សាត់​៕  



© រក្សាសិទ្ធិដោយ thmeythmey.com