COVID-19
បទវិភាគ
អាណាព្យាបាល និង​ម្ចាស់​សាលា​៖ មិនមែនជា​ពេលវេលា​បង្កើត​កំហឹង​ដាក់គ្នា​ឡើយ​!
25, Apr 2020 , 12:07 pm        
រូបភាព
​ភ្នំពេញ​៖ ដោយ​មិន​និយាយ​ពីសា​លា​រដ្ឋ​, អាណាព្យាបាល និង​ម្ចាស់​សាលា​ឯកជន​ជាច្រើន បាននិងកំពុង​ដំឡើង​សរសៃ​ក ដាក់គ្នា​ទៅវិញទៅមក ក្នុង​បរិបទ​វិបត្តិ​មេរោគ​កូ​វីដ​១៩​។ ដោយ​លើក​ហេតុផល​រឿង​បិទ​សាលា និង​ការសិក្សា​ពី​ចម្ងាយ​, អាណា​ព្យា​ល​មួយចំនួនធំ​ទាមទារ​ឲ្យ​ម្ចាស់​សាលា​បញ្ចុះ​ថ្លៃ​រហូតដល់​៥០​ភាគរយ​។ តែ​ម្ចាស់​សាលា​តប​វិញ​ថា ប្រាក់ចំណេញ​ក្នុង​ជំនួញ​ក្នុង​វិស័យ​អប់រំ​មិន​ច្រើន​ទេ​? តើ​អ្វី​ទៅជា​ដំណោះស្រាយ​?


​កូ​វីដ​១៩​មិនមែន​សម្លាប់​ជីវិត​មនុស្ស និង​អាជីវកម្ម​ប៉ុណ្ណោះ​ទេ តែ​មេរោគ​នេះ បាននិងកំពុង​បង្ក​ឲ្យ​មាន​ជម្លោះ​រវាង​មនុស្ស និង​មនុស្ស​ទៀត​ថែម​ទៀតផង​។ នៅក្នុង​ប្រទេស​កម្ពុជា អ្នកជំនួញ និង​អតិថិជន​ក្នុង​វិស័យ​អប់រំ​កំពុងតែ​ដំឡើង​សរសៃ​ក​ដាក់គ្នា​ទៅវិញទៅមក​ជុំវិញ​ថ្លៃ​ឈ្មួ​ល​សិក្សា​ក្នុង​បរិបទ​កូ​វីដ​១៩​នេះ​។ ដោយសារ​សាលារៀន​បាន​បិទទ្វារ​ដោយ​ជំនួស​មកវិញ​នូវ​ការសិក្សា​តាម​អន​ឡាញ ឬ​សិក្សា​ពី​ចម្ងាយ អាណាព្យាបាល​ស្នើសុំ​បង់ប្រាក់​តែ​៥០%​នៃ​ថ្លៃ​សរុប ប៉ុន្តែ​សំណើរ​នេះ ត្រូវបាន​បដិសេធ​ដោយ​ម្ចាស់​សាលា​។ 
​តើ​អ្វី​ជាហេតុ​ផល​របស់​អាណាព្យាបាល​? 
 
​គុណវិបត្តិ​នៃ​ការសិក្សា​ពី​ចម្ងាយ​មាន​ច្រើន​ក្នុងនោះ​មាន ដូចជា​៖ សិស្ស​និស្សិត មិនសូវ​យកចិត្តទុកដាក់​ស្តាប់​គ្រូ​ប៉ុន្មាន​ឡើយ ជាពិសេស កុមារ​តូចៗ​។ សិស្ស​និស្សិត​ខ្លះ បើក​តែ​កុំព្យូទ័រ​ចោល រីឯ​អា​ម្មណ៍ មិនដឹង​ជា​ហោះហើរ​ទៅដល់​ទីណា​ឡើយ​។ សិស្ស​និស្សិត​ខ្លះទៀត បើក​កុំព្យូទ័រ​បណ្តើរ រៀន​បណ្តើរ ស្តាប់​ចំរៀង​បណ្តើរ ពិសា​នេះ ឬ​នោះ​បណ្តើរ ជួនកាល​ស្តាប់​គ្រូ​ផង ឈែ​ត​ជាមួយ​មិត្តភក្តិ​ផង​។ 
 
​និយាយ​ជារួម ប្រសិទ្ធភាព​នៃ​ការសិក្សា​ពី​ចម្ងាយ មាន​កម្រិត​ទាប ជាពិសេស សម្រាប់​កុមារ​តូចៗ​។ ម្យ៉ាងទៀត អាណាព្យាបាល​លើក​ហេតុថា សាលា​មិន​ចំណាយ​ផ្នែក​រដ្ឋបាល ចំណាយ​លើទឹក ភ្លើង​។​ល​។ ម្យ៉ាងទៀត អាណាព្យាបាល​បាន​លើក​ហេតុផល​ថា ពួកគេ​ក៏​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​ដែរ ព្រោះ ជំនួញ​ពួកគេ​មិន​ដំណើរការ​។ ដូច្នេះ សាលា​ត្រូវតែ​បញ្ចុះតម្លៃ​យ៉ាងតិច​៥០%​។ 
 
​ហេតុផល និង​ការទាមទារ​របស់​អាណា​ព្យាបាល​មិន​ខុស​ទេ​។ តែ​អ្នកជំនួញ​ក្នុង​វិស័យ​អប់រំ​បាន​ពន្យល់​តប​វិញ​ថា ជំនួញ​ក្នុង​វិស័យ​អប់រំ​នេះ មិន​ចំណេញ​ច្រើន​ទេ​។ អ្នកជំនួញ​ក្នុង​វិស័យ​អប់រំ​បាន​ពន្យល់ថា ជាទូទៅ​ក្នុងពេល​ធម្មតា សាលា​ត្រូវ​ចំណាយ​លើ​ប្រាក់បៀវត្សរ៍ អគារ ទឹក ភ្លើង រដ្ឋបាល ថ្លៃ​បណ្តុះបណ្តាល​គ្រូ ការស្រាវជ្រាវ ទីផ្សារ ទំនាក់ទំនង​សាធារណៈ ថ្លៃបង់​រំ​លោះ​បំណុល​។​ល​។ ដូច្នេះ ប្រាក់ចំណេញ​សល់​ពី​ចំណូល គឺមាន​កម្រិត​ក្នុង​រង្វង់​តែ​១០​ទៅ​២០%​ប៉ុណ្ណោះ​។ ហើយ​នេះ គេ​នៅ​មិនទាន់​គិតពី​ការចំណាយ​ផ្សេងៗ​ទៀតផង​។ 
 
​ម្ចាស់​សាលា​ឯកជន ឬ​អ្នកជំនួញ​ក្នុង​វិស័យ​អប់រំ បាន​បន្ត​ពន្យល់​ទៀតថា ការសិក្សា​ពី​ចម្ងាយ​ធ្វើ​ឲ្យ​សាលា​បន្ត​ចំណាយ​ច្រើន​គួរសម និង​ស្មុគស្មាញ​បន្ថែមទៀត ព្រោះ សាលា​ត្រូវ​បន្ត​ធ្វើការ​រដ្ឋបាល​សម្រប​សម្រួល​ជាមួយ​អាណាព្យាបាល​ច្រើនជាង​មុន ជាពិសេស សិស្ស​តូចៗ​។ ម្យ៉ាងទៀត សាលា​ត្រូវ​បណ្តុះបណ្តាល​គ្រូ​មួយចំនួន​ដែល​មិនសូវ​ចេះ​បច្ចេកវិទ្យា​ព័ត៌មាន​។ លើសពីនេះទៅទៀត សាលា​ខ្លះ​ត្រូវ​វិនិយោគ​បន្ថែម​លើ​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ​នេះ​។ 
 
​សរុបសេចក្តី​មក ម្ចាស់​សាលា​ឯកជន និង​អាណា​ព្យា​ល ដែល​រងគ្រោះ​ដោយសារ​មេរោគ​កូ​វីដ​១៩​ដូចគ្នា មិនគួរ​បង្កជម្លោះ​នឹង​គ្នា​ឡើយ​។ ផ្ទុយទៅវិញ ពួកគេ​គួរ​រក​ដំណោះស្រាយ​រួមគ្នា មានន័យថា សាលា​គួរ​បញ្ចុះ​ថ្លៃ​បន្តិច​(២០%) អាណាព្យាបាល​សុខចិត្ត​ខាត​បន្តិច (២០ ឬ​៣០%) គ្រូបង្រៀន​គួរ​ធ្វើ​សម្បទាន​២០ ឬ​៣០% រីឯ​ម្ចាស់​អគារ​អាជីវកម្ម​គួរ​ចុះថ្លៃ​ខ្លះ​។ ប្រសិនបើ​គ្រប់ភាគី​ពាក់ព័ន្ធ​សម្រេច​ធ្វើ​យ៉ាងនេះ ពេលនោះ គ្មាន​បញ្ហា​កើតឡើង​ឡើយ​។ ក្នុង​គ្រា​ប្រឈម​ដ៏​លំបាក​នេះ គ្រប់ភាគី​មិនគួរ​បង្កបញ្ហា​ឡើយ តែ​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​ជាការ​ប្រសើ​រ​ជាង​៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com