COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ ស្នើ​ឪពុកម្តាយ​ទិញ​ទូរទស្សន៍ កំ​ព្យូ​ទ័​រ ឬ​ទូរ​សព្ទ និង ភ្ជាប់​អ៊ីនធឺណិត សម្រាប់​ឲ្យ​កូន​រៀន​
26, Apr 2020 , 8:59 am        
រូបភាព
សកម្មភាពកុមារ​រៀន​តាម​កម្មវិធីThink Think ដែលជួយបង្កើន​ការ​គិតផ្នែក​គណិតវិទ្យា រូបភាពពីThinkThink Cambodia
សកម្មភាពកុមារ​រៀន​តាម​កម្មវិធីThink Think ដែលជួយបង្កើន​ការ​គិតផ្នែក​គណិតវិទ្យា រូបភាពពីThinkThink Cambodia
ដោយ:
​ភ្នំពេញ​៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា បានស្នើ​ឲ្យ​ឪពុកម្តាយ​និង​អាណាព្យាបាល បំពាក់​ទូរទស្សន៍ កុំព្យូទ័រ ឬ​Ipad និង​ភ្ជាប់​សេវា​អ៊ីនធឺណិត​នៅតាម​ផ្ទះ សម្រាប់​ឲ្យ​កូន សិក្សា​តាម​អន​ឡាញ ប្រកបដោយ​គុណភាព​ខ្ពស់​។   

 
​តាមរយៈ​សេចក្តីណែនាំ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ លោក ហង់ ជួន ណា​រ៉ុ​ន បានស្នើ​ឲ្យ​ឪពុកម្តាយ​ចំណាយពេល​អង្គុយ​បង្រៀន​កូន​រាល់​ម៉ោង ដែល​គ្រូ បង្រៀន​នៅក្នុង​កម្មវិធីសិក្សា​ពី​ចម្ងាយ​នានា ដើម្បី​ឲ្យ​សិស្ស​ទទួលបាន​ចំណេះដឹង​ពេញលេញ​។ 
 
​លោក​រដ្ឋមន្ត្រី ប្រាប់​ទៅ​ឪពុកម្តាយ​និង​អាណាព្យាបាល​ថា​៖«​កុំ​គិតថា​ខ្លួន​មិនចេះ ឬ​ចេះ​តិចជាង​កូន មិនអាច​ជួយ​កូន​បាន ប៉ុន្តែ​ត្រូវ​គិតថា​នៅពេលដែល​បាន​នៅក្បែរ​កូន​ពេល កំពុង​រៀន គឺជា​ការលើកទឹកចិត្ត​ដ៏​ប្រពៃ​»​។ 
 
​ជាមួយគ្នានេះ លោក បាន​បង្គាប់​ឲ្យ​គណៈ​គ្រប់គ្រង​សាលា​នីមួយៗ រៀបចំ​ជា​ឯកសារ​មេរៀន និង​បែងចែក​កាលវិភាគ​បង្រៀន​ឲ្យ​បាន​ទៀងទាត់ ណែនាំ​ឲ្យ​អាណាព្យាបាល​សិស្ស​ទាំងអស់​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក និង​ណែនាំ​ឲ្យ​គ្រូ​នីមួយៗ ត្រូវមាន​ទំនាក់ទំនង​ជាមួយ​អាណាព្យាបាល​សិស្ស ដើម្បី​ឆ្លើយតប​ចម្ងល់​សិស្ស និង​ការស្នើសុំ​របស់​អាណាព្យាបាល​។ 
 
​លើសពីនេះ មុន​បើក​សាលា​ឲ្យ​ដំណើរការ​វិញ រដ្ឋមន្ត្រី​អប់រំ ណែនាំ​ឲ្យ​គ្រប់​គណៈ​គ្រប់គ្រង​សាលា​បោសសម្អាត​បរិវេណ​សាលា និង​បន្ទប់រៀន​ឲ្យ​បាន​ស្អាត​។ លោក អះអាងថា ពេល​បើក​សាលា​វិញ ក្រសួង​នឹង​ពិចារណា ពី​ការបន្ថែម​ពេលវេលា​រៀន និង​កាត់បន្ថយ​រយៈពេល​វិស្សមកាល​ធំ​ផងដែរ​។ 
 
​សូម​រម្លឹកថា ក្រសួង​អប់រំ  បាន​បន្ថែម​ការផ្សាយ​មេរៀន​តាម​ទូរទស្សន៍​២​ប៉ុស្តិ៍​បន្ថែមទៀត​គឺ​ទូរទស្សន៍​អប្សរា និង​ទូរទស្សន៍​One TV ដែល​ឡើងដល់​ការផ្សាយ​ចំនួន​៦០​ប៉ុស្តិ៍​ហើយ និង​បន្ត​ការផ្សាយ​មេរៀន​តាម​កម្ម​វី​ធី​Think Think សម្រាប់​កុមារ​តូចៗ និង​ផ្សាយ​តាម​វិទ្យុ​សម្រាប់​កុមារ​ជនជាតិភាគតិច​ចាប់ពី​ថ្នាក់​មេ​ត្ត​យ្យ​ដល់​ថ្នាក់​ទី​៣ ពីលើ​កម្មវិធី E-Learning School, E-School Cambodia និង​BEEP៕ 
 
 
 

Tag:
 COVID-19
  រៀន​អន​ឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com