COVID-19
ជាតិ
Covid-19៖កម្ពុជានៅតែគ្មានករណីថ្មី ខណៈអ្នកជំងឺនៅសល់តែ៣នាក់
28, Apr 2020 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា គ្មានករណីថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញនោះទេ ហើយក៏មិនទាន់មានអ្នកសះស្បើយបន្ថែមទៀតដែរ។ គិតត្រឹមថ្ងៃទី២៨ ខែមេសានេះ កម្ពុជាមានអ្នក​សះស្បើយសរុប ១១៩នាក់ ក្នុងចំណោមអ្នកផ្ទុកកូវីដ-១៩សរុប ១២២នាក់។



កម្ពុជានៅសល់អ្នកជំងឺតែ៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ ក្នុងចំណោម​អ្នក​មានផ្ទុកកូវីដ-១៩ សរុប១២២នាក់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨មេសានេះ។ បើតាមក្រសួងសុខាភិបាល អ្នក​សះស្បើយទាំង១១៩នាក់ រួមមាន ស្រី៣៧​នាក់ និងប្រុស៨២នាក់ ក្នុងនោះជនជាតិចិនចំនួន៣​នាក់​,អង់គ្លេស ៥នាក់,អាមេរិកាំង២នាក់,បែលហ្សិក១នាក់,បារាំង៤០នាក់,ម៉ាឡេស៊ី១៣នាក់,​កាណាដា២នាក់,វៀតណាម៣នាក់,​ឥណ្ឌូណេស៊ី​២នាក់ និង​ជនជាតិខ្មែរ ៤៨នាក់។ 

ក្រសួងបានឲ្យដឹងដែរថា កម្ពុជាក៏មិនមានរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩នោះដែរ នៅថ្ងៃនេះ។ មានន័យថា រយៈពេល១៦ថ្ងៃជាប់គ្នាហើយ ដែលអវត្តមានកូវីដ-១៩ នៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់សុខាភិបាល រួមទាំងអ្នក​ជំនាញអង្គការសុខភាពពិភពលោកនៅតែព្រមានពីភាពស្រួចស្រាល់នៃជំងឺនេះនៅកម្ពុជា ដ្បិតវានៅមិនទាន់ផុតរលត់ទាំងស្រុងនោះទេ។ ក្រសួងសុខាភិបាល ក៏បានព្រមានជារឿយៗពីលទ្ធភាពនៃការរាលដាលជាសហគមន៍ផងដែរ ប្រសិនបើពលរដ្ឋមិនបានអនុវត្តវិធានអនាម័យឲ្យបានត្រឹមត្រូវ និងការរក្សាគម្លាតសុវត្ថិភាពទេនោះ។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៧ ខែមេសា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអះអាងដែរថា កូវីដ-19 អាចកើតឡើងវិញតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ប្រសិនពលរដ្ឋខ្វះការយកចិត្តទុកដាក់ការងារ និងទប់ស្កាត់៕

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com