ទ័ព​មួក​ខៀវ​កម្ពុជា​៣​នាក់​នៅ​ម៉ាលី​ដែល​ឆ្លង​កូ​វីដ​-១៩ មាន​ស្ថានភាព​ល្អប្រសើរ​ច្រើន​ហើយ​
COVID-19
ជាតិ
ទ័ព​មួក​ខៀវ​កម្ពុជា​៣​នាក់​នៅ​ម៉ាលី​ដែល​ឆ្លង​កូ​វីដ​-១៩ មាន​ស្ថានភាព​ល្អប្រសើរ​ច្រើន​ហើយ​
04, May 2020 , 3:10 pm        
រូបភាព
អ្នកស្រី កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
អ្នកស្រី កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
​ភ្នំពេញ​៖ កងទ័ព​យោធា​មួក​ខៀវ​កម្ពុជា​៣​នាក់ នៅ​ប្រទេស​ម៉ាលី​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩(COVID-19) នោះ បាន​ធូរស្រាល​ច្រើន​ពី​ជំងឺ​នេះហើយ​។ នេះ​ជា​លើកឡើង​របស់​អ្នកស្រី កុសល ម៉ា​លីន​ដា អគ្គនាយិកា​រង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ដោយ​បញ្ជាក់ថា អ្នក​ទាំង​៣​នាក់​នោះ បន្ត​ស្នាក់នៅ និង​ប្រើប្រាស់​ថ្នាំ​ព្យាបាល​នៅក្នុង​បន្ទាយ​ទាហាន​ដាច់ដោយឡែក​ក្នុង​រយៈពេល​១០​ថ្ងៃ​ទៀត ដោយ​រង់ចាំ​ការយក​សំណាក​ទៅធ្វើ​តេស្ត​បញ្ជាក់ថា​ពួកគេ​អវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩ ពី​អង្គការ​សហ​ប្រជាជា​តិ (UN)​។​


 
​អ្នកស្រី ម៉ា​លីន​ដា បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ (ThmeyThmey)​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​៤​ឧសភា​នេះ ថា សព្វថ្ងៃ​យោធា​ទាំង​៣​នាក់​នោះ មាន​លក្ខណៈ​ធូរស្រាល​ពី​ជំងឺ​កូ​វីដ​-១៩ ប្រហែល​៨៥​ភាគរយ​ហើយ ដោយ ក្នុងនេះ​មាន​២​នាក់ គឺមាន​សុខភាព​ល្អ​ដូច​មនុស្ស​ទូទៅ ដោយ​មិនមាន​អាកា​រៈ​ឬ​រោគសញ្ញា​អ្វី​ឡើយនៃ​ជំងឺ​កូ​វីដ​-១៩ និង​១​រូប​ទៀត នៅ​ក្អក​បន្តិចបន្តួច​។ 
 
​បើតាម​អគ្គនាយិកា​រង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​រូបនេះ ថ្វី​ដ្បិតថា​កងកម្លាំង​យោធា​មួក​ខៀវ​៣​នាក់​នោះ មាន​សុខ​ភាពល្អ​ធម្មតា​ដូច​មនុស្ស​ទូទៅ ពោលគឺ​គ្មាន​រោគសញ្ញា​ណាមួយ​នៃ​ជំងឺ​កូ​វីដ​-១៩​ទៀត​ក៏ដោយ ក៏​អ្នក​ទាំងនោះ​បន្ត​ស្នាក់នៅ និង​ប្រើប្រាស់​ថ្នាំ​ព្យាបាល រហូតដល់​មានការ​បញ្ជាក់ថា​គ្មាន​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ខ្លួន​។ អ្នកស្រី កុសល ម៉ា​លីន បាន​និយាយ​ដូច្នេះ​៖ «​បច្ចុប្បន្ន យើង​អត់​ទាន់​ហ៊ាន​អះអាង​ទេ ថា​គាត់​អវិជ្ជមាននៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​យើង​នៅ​រង់ចាំ​ការយក​សំណាក​ធ្វើតេស្ត​ជា​លើក​ទី​២​ពី​អង្គការសហប្រជាជាតិ​សិន​»​។​
 
​កងទ័ព​មួក​ខៀវ​កម្ពុជា​៣​នាក់​ដែល​ឆ្លង​កូ​វីដ​-១៩​នៅ​ម៉ាលី គឺ​ស្ថិត​ក្នុងចំណោម​កម្លាំង​សរុប​៨២​នាក់ ដែល​ប្រចាំការ​តំបន់​គី​ដាល់​របស់​ប្រទេស​ម៉ាលី ដោយ​អ្នកស្រី ម៉ា​លីន​ដា បាន​បញ្ជាក់ថា ក្រៅពី​កងទ័ព​ទាំង​៣​នាក់​នោះ គឺ​គ្មាន​កងទ័ព​កម្ពុជា​ឆ្លង​មេរោគ​ជំងឺ​កូ​វីដ​-១៩​នេះ​ទៀត​ទេ​។ 
 
​បច្ចុប្បន្ន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា ជាង​៨០០​នាក់ កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៨​គឺ ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី ឆាដ ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦ មក កម្ពុជា បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាង​៦​ពាន់​នាក់​ហើយ ទៅ​បំពេញបេសកកម្ម​ក្នុងប្រទេស​ទាំង​៨​នេះ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​៕ 

Tag:
 ទាហាន​មួក​ខៀវ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com