COVID-19
អន្តរជាតិ
ចិន​ថា ប្រមុខ​ការទូត​អាមេរិក គ្មាន​ព័ស្តុតាង​ច្បាស់លាស់​ពី​ដើមកំណើត COVID-19 ឡើយ​
07, May 2020 , 2:34 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying។ រូបភាព៖ ក្រសួងការបរទេសចិន
ទីក្រុង​ប៉េកាំង នា​ថ្ងៃទី​៦ ខែឧសភា បាន​វាយបក​ទៅនឹង​ការលើកឡើង​របស់​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ដោយ​ថា គ្មាន​ព័ស្តុតាង​ច្បាស់លាស់​ ជុំវិញ​ការលេចចេញ​នៃ​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត (COVID-19) ពី​មន្ទីរពិសោធន៍​មួយកន្លែង​ ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។ ការឆ្លើយតប​របស់​ចិន​នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក បាន​អះអាងថា ខ្លួន​មាន​ព័ស្តុតាង​ដ៏​ច្រើន លើ​កូ​រ៉ូ​ណាវី​រុស ​លេច​ចេញពី​មន្ទីរពិសោធន៍​។

​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន កាន់តែ​មាន​ភាព​អួរ​អាប់​យ៉ាងខ្លាំង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចោទ​ចិន​ថា បានធ្វើ​ឲ្យ​បែកធ្លាយ COVID-19 ចេញពី​មន្ទីរពិសោធន៍​វីរុស ​នៅក្នុង​ទីក្រុង​វូ​ហាន និង​គ្រប់គ្រង​ជំងឺឆ្លង​មិនបាន​ល្អ​។ មិន​ត្រឹមតែ​ប្រធានាធិបតី​ទេ ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏បាន​ចេញមុខ​មកវា​យ​ប្រហារ​ចិន​ដែរ ដោយ​លើកឡើងថា អាមេរិក មាន​ព័ស្តុតាង​ជាច្រើន ដែល​បង្ហាញថា​កូ​រ៉ូ​ណាវី​រុស គឺមាន​ដើមកំណើត​ចេញពី​មន្ទីរពិសោធន៍​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​ របស់​ប្រមុខ​ការទូត​អាមេរិក លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​សន្និសីទកាសែត​ នា​ថ្ងៃទី​៦ ខែឧសភា បាន​លើកឡើងថា ប្រសិនបើ​មាន​មែន ព័ស្តុតាង​មែន អាមេរិក​គួរតែ​ប្រគល់​វា​ ឲ្យ​អ្នកវិទ្យាសាស្ត្រ និង​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​ ជា​អ្នកបកស្រាយ ហើយ​វា​មិនមែនជា​តួនាទី​របស់​អ្នកនយោបាយ ដែល​ចូលចិត្ត​កុហក ដើម្បី​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន​ឡើយ​។​
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី Hua ប្រមុខ​ការទូត​អាមេរិក តែង​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា កូ​រ៉ូ​ណាវី​រុស គឺ​លេច​ចេញពី​មន្ទីរពិសោធន៍ ហើយ​មាន​ព័ស្តុតាង​ជាច្រើន ប៉ុន្តែ​លោក​បែរជា​មិនអាច​បកស្រាយ​ ព័ស្តុតាង​ទាំង​នោះបាន​។ «​តើ​លោក ប៉ុ​ម​ប៉េ​អូ ធ្វើបាន​យ៉ាងដូចម្តេច​»​។ នេះ​ជា​សំណួរ​ របស់​លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ចោទសួរ​ត្រលប់​ទៅ​ភាគី​អាមេរិក​វិញ​ នៅ​ចំនួន​មុខ​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​។​
 
​មិន​ត្រឹមតែ​វាយបក​ទៅវិញ​ទេ អ្នកនាំពាក្យ​វ័យ​រូបនេះ ក៏បាន​ទាមទារ​ឲ្យ​ប្រមុខ​ការទូត ​របស់​ទីក្រុង​វ៉ាស៊ីនតោន ដក​ពាក្យ «​ព័ស្តុតាង​» របស់ខ្លួន​ទៅវិញ​ដែរ ដោយសារ​អាមេរិក​គ្មាន​ហេតុផល​ត្រឹមត្រូវ​។ លោកស្រី Hua ថែមទាំង​បានទាមទារ​ឲ្យ ប៉ុ​ម​ប៉េ​អូ ពន្យល់​ពី​រឿង ថា​តើ​កូ​រ៉ូ​ណាវី​រុស អាច​បែកធ្លាយ​ចេញពី​មន្ទីរពិសោធន៍ និង​កំហុស​ក្នុង​គ្រប់គ្រង​ COVID-19 ផងដែរ ។ 
 
​កន្លងមក អង្គការ​សុខភាព​ពិភពលោក ក៏ដូចជា​នាយក​វិទ្យាស្ថាន​ជាតិ ​នៃ​ជំងឺ​រមាស់ និង​ជំងឺឆ្លង លោក Anthony Fauci បាន​លើកឡើងថា គ្មាន​ព័ស្តុតាង​ណាមួយ ដែល​បង្ហាញថា កូ​រ៉ូ​ណា​វីរុស ​ត្រូវបាន​គេ​បង្កើត​នៅក្នុង​មន្ទីរពិសោធន៍​ឡើយ ប៉ុន្តែ​វា​ទំនង​កើតចេញពី​សត្វ​ច្រើនជាង​។ 
 
​បើតាម​វេ​ប​សាយ​របស់ Worldometer គិត​មក​ត្រឹម​ពេលនេះ អាមេរិក បាន​កើនឡើង​ករណី​COVID-19 សរុប​ចំនួន ១,២៦​លាន​នាក់ អ្នកស្លាប់​មាន​ចំនួន​ជាង ៧​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២១​ម៉ឺន​នាក់​។ ចំណែក​ចិន​វិញ មាន​ករណី​ឆ្លង​សរុប​ចំនួន​ជាង ៨​ម៉ឺន​ករណី មាន​អ្នកស្លាប់ ៤៦៣៣​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៧៩៥៧​នាក់​។ អ្នកជំងឺ​របស់​ចិន នៅសល់តែ ២៩៥​នាក់​ប៉ុណ្ណោះ​៕ 

Tag:
 ចិន​
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com