COVID-19
អន្តរជាតិ
លោក ត្រាំ ទាត់ចោល​កង្វល់​ជុំវិញ​លទ្ធភាព​សាយភាយ​COVID-19​នៅ​សេត​វិមាន​
12, May 2020 , 9:52 am        
រូបភាព
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងនៅមុខអ្នកសារព័ត៌មាននៅសេតវិមានអាមេរិក កាលពីថ្ងៃទី ១១ ខែឧសភា (AFP)
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថ្លែងនៅមុខអ្នកសារព័ត៌មាននៅសេតវិមានអាមេរិក កាលពីថ្ងៃទី ១១ ខែឧសភា (AFP)
ដោយ:
​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ១១ ខែឧសភា បាន​ច្រានចោល​កង្វល់​ពាក់ព័ន្ធ​លទ្ធភាព​ការរីក​រាលដាល COVID-19 ក្នុង​សេត​វិមាន​អាមេរិក​។ ក៏ប៉ុន្តែ​មេដឹកនាំ​រូបនេះ អះអាងថា លោក​ប្រហែល​កំហិត​ការប៉ះពាល់​ជាមួយ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ។​

 
​ថ្លែង​នៅមុខ​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​អាមេរិក លោក ដូ​ណា​ល់ ត្រាំ លើកឡើងថា លោក ផេ​ន កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​លេខាធិការ​ទទួលបន្ទុក​ព័ត៌មាន​លោក មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19​។ យ៉ាងណាមិញ លោក ត្រាំ ពុំបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ត្រង់​រឿងនេះ​ឡើយ​។ 
 
​អ្នកស្រី Katie Miller អ្នកនាំពាក្យ​របស់លោក ផេ​ន បាន​ឆ្លង​COVID-19 កាលពី​សប្តាហ៍​មុន ជាមួយគ្នា​នឹង​អ្នករៀបចំ​សំលៀកបំពាក់​ឲ្យ​លោក​ត្រាំ​។ ក្រោយ​ទទួលដំណឹង​ពី​ករណី​ឆ្លង​ក្នុង​សេត​វិមាន​នេះ មន្ត្រី​សំខាន់​អាមេរិក​៣​នាក់ ដែលជា​សមាជិក​ក្រុម​ឆ្លើយតប COVID-19 អាមេរិក បានធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​។ 
 
​មន្ត្រីជាន់ខ្ពស់​ទាំងបី គឺមាន អ្នកជំនាញ​ជំងឺឆ្លង លោក Anthony Fauci, នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) លោក Robert Redfield  និង​ប្រធាន​រដ្ឋបាល​ចំណីអាហារ និង​ថ្នាំ​អាមេរិក លោក Stephen Hahn ។ លោក ម៉ៃ ផេ​ន ជា​ប្រធាន​ដឹកនាំ​ក្រុម​ឆ្លើយតប COVID-19 នេះ​។​
 
​អ្នកនាំពាក្យ​ម្នាក់​របស់លោក ផេ​ន កាលពី​ចុង​សប្តាហ៍​មុន បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា លោក​អនុ​ប្រធានាធិបតី ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ក៏ប៉ុន្តែ លោក​ត្រាំ បាន​អះអាងថា លោក​នឹង​កំហិត​ការប៉ះពាល់​ផ្ទាល់​ជាមួយ លោក ផេ​ន​។ ត្រង់ចំណុច​នេះ លោក​ត្រាំ​និយាយ​ដូច្នេះ​ថា​៖«​អំឡុងពេល​ច​ត្តា​ឡី​ស័ក​នេះ យើង​និយាយ​គ្នា តែ​ខ្ញុំ​ពុំបាន​ជួប​លោក (​ផេ​ន​) តាំងពី​ពេលនោះ​មក​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​អាម​រិ​ក​ទី​៤៥​រូបនេះ បន្តថា​៖«​យើង​អាច​និយាយ​គ្នា​តាម​ទូរ​សព្ទ​។ លោក​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន ដូច្នេះ​យើង​ត្រូវ​យល់​រឿងនេះ ក៏ប៉ុន្តែ​លោក​បាន​ជួប​ផ្ទាល់​ជាមួយ​មនុស្ស​ច្រើន​»​។​
 
​ទាក់ទិន​នឹង​កង្វល់​ជុំវិញ​លទ្ធភាព​រីកសាយ​ភាយ COVID-19 ក្នុង​សេត​វិមាន​អាមេរិក លោក ដូ​ណា​ល់ ត្រាំ អះអាងថា​៖«​យើង​ចង់​រក្សា​ប្រទេស​ដំណើរការ ដូច្នេះ​យើង​ត្រូវមាន​មនុស្ស​ជាច្រើន​ចេញ​-​ចូល​សេត​វិមាន​អាមេរិក ហើយ​អ្នក​ទាំងនោះ ភាគច្រើន ត្រូវបាន​ធ្វើតេស្ត​»​។ លោក សង្កត់ធ្ងន់ថា អ្នក​រាល់គ្នា​ដែល​ចូលក្នុង​ការិយាល័យ​ប្រធានាធិបតី ត្រូវធ្វើ​តេស្ត ហើយ​លោក​ពុំ​មើលឃើញ​កង្វល់​អ្វី​ធំដុំ​ឡើយ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១២ ខែឧសភា សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង COVID-19 សរុប​ជាង​១,៣៨​លាន​ករណី និង​អ្នកស្លាប់ ២៨៧ ២៩៣​នាក់​។ អ្នកជា​សះស្បើយ​មាន​ជាង​២៦​ម៉ឺន​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន ១៦ ៤៨៤​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers ដែល​តាមដាន COVID-19 ទូទាំង​ពិភពលោក​៕ 

Tag:
 សហរដ្ឋអាមេរិក​
  COVID-19
  សេត​វិមាន
© រក្សាសិទ្ធិដោយ thmeythmey.com