COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី បង្កើត «​ទូ​ATM​អង្ករ​» ជួយ​ពលរដ្ឋ​ក្រីក្រ​អំឡុង​វិបត្តិ COVID-19
12, May 2020 , 10:19 pm        
រូបភាព
ប្រជាជនឥណ្ឌូណេស៊ី មកទទួលអង្ករដោយឥតគិតថ្លៃ។ រូបភាព៖ Reuters
ប្រជាជនឥណ្ឌូណេស៊ី មកទទួលអង្ករដោយឥតគិតថ្លៃ។ រូបភាព៖ Reuters
ឥណ្ឌូណេស៊ី បាន​ដំឡើង​ម៉ាស៊ីន​ចែក​អង្ករ ឬ ATM​អង្ករ​ជាច្រើន​គ្រឿង ដើម្បី​ចែក​អង្ករ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រជាជន​របស់ខ្លួន ដែល​ទទួលរង​ផលប៉ះពាល់​ពី COVID-19​។ ប៉ុន្តែ​មានតែ​មនុស្ស​មួយចំនួន​ប៉ុណ្ណោះ​ទើប​អាច​ទទួលបាន​អង្ករ​ដោយ​ឥតគិតថ្លៃ​បាន ក្នុងនោះ​មានដូចជា​ប្រជាជន​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ បុគ្គល​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ និង​បុគ្គល​គ្មាន​ផ្ទះសម្បែង​ជាដើម​។

​គិត​ត្រឹម​ថ្ងៃទី ១១ ខែឧសភា ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​សរុប​នៅ​ឥណ្ឌូណេស៊ី បាន​កើន​ដល់ ១៤២៦៥​ករណី អ្នកស្លាប់​ចំនួន ៩៩១​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៨៨១​នាក់​។ បន្ថែម​ពីលើ​នេះ COVID-19 ក៏បាន​បង្ក​ឲ្យ​ប្រជាជន​ឥណ្ឌូណេស៊ី​ជាច្រើន​នាក់ បាត់បង់​ការងារ​ផងដែរ​។ 

 
​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្លះ សម្រាប់​ប្រជាជន​មួយចំនួន ដែល​រងគ្រោះ​ដោយសារ COVID-19 រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​បង្កើត​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ តាមរយៈ​ការដំឡើង​ម៉ាស៊ីន​ចែក​អង្ករ ឬ ATM អង្ករ ចំនួន​១០ កន្លែង​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា និង​ក្រៅ​រដ្ឋធានី​។ 

 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Ibrahim មន្ត្រី​យោធា​ម្នាក់ ដែល​គ្រប់គ្រង​ម៉ាស៊ីន​ចែក​អង្ករ​នៅក្នុង​ក្រុង​Depok បញ្ជាក់ថា ជា​រៀងរាល់​ថ្ ងៃ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ត្រៀម​អង្ករ​ចំនួន ១,៥​តោន សម្រាប់​ចែក​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន ១០០០​នាក់ ហើយ​ប្រជាជន​ម្នាក់ៗ ទទួលបាន​អង្ករ ១,៥​គីឡូក្រាម​។ 

 
​ជាការ​ពិត ការដំឡើង​ម៉ាស៊ីន​ចែក​អង្ករ​នេះ គឺ​សំខាន់​ណាស់​សម្រាប់​ប្រជាជន​ដែល​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ ប្រជាជន​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ និង​ប្រជាជន​គ្មាន​ផ្ទះសម្បែង​។ ទាក់ទិន​នឹង​បញ្ហា​នេះ ស្ត្រី​មាន​ផ្ទៃពោះ Linda Syafri វ័យ​២៨​ឆ្នាំ បាន​បញ្ជាក់ថា អង្ករ ១,៥​គីឡូក្រាម​នេះ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​គ្រួសារ​ក្នុងការ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​ខ្លួន និង​ស្វាមី​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ​។ អ្នកនាង Linda សង្កត់ធ្ងន់ថា បើទោះបីជា​ចំនួន​នេះ មិន​ច្រើន ប៉ុន្តែ​វា​អាចជួយ​ដោះ​ទ័ល​ប្រជាជន​ក្រីក្រ​បាន​មួយគ្រា​ក្នុងស្ថានភាព COVID-19​។ 

 
​នាពេល​កន្លងមក រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​បញ្ចេញ​កញ្ចប់​ថវិកា​គាំទ្រ​ចំនួន ២៥​ពាន់​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​ការរីក​សាយភាយ​នៃ​COVID-19 តាមរយៈ​ការផ្តល់​ជា​ជំនួយ​សង្គម​សម្រាប់​ប្រជាជន​ប្រមាណ ១០​លាន​នាក់ ដោយ​រួមបញ្ចូល​ទាំង​អាហារ និង​ការបញ្ចុះ​ថ្លៃ​អគ្គិសនី​។ 
​សូមបញ្ជាក់ថា ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ វៀតណាម ក៏បាន​បង្កើត​ម៉ាស៊ីន​ចែក​អង្ករ ឬ ATM​អង្ក​រដែរ សម្រាប់​ប្រជាជន​ក្រីក្រ ដែល​រងគ្រោះ​ដោយសារ COVID-19៕  

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com