ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុទ្ធតែអះអាងថា ការអនុវត្តច្បាប់ចរាចរណ៍ គឺមិនមានការដកថយឡើយ។ មេដឹកនាំទាំងពីររូបនេះ បានប្រកាសបែបនេះ ស្របពេលពលរដ្ឋ ស្នើសុំឱ្យរដ្ឋាភិបាលពន្យាពេលអនុវត្តច្បាប់ចរាចរណ៍។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានស្រង់ប្រសាសន៍សម្ដេច ហ៊ុន សែន ដែលបានដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងន័យថា រដ្ឋាភិបាលនៅតែបន្តអនុវត្តវិធានការចរាចរណ៍ ដោយមិនរួញរា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើហ្វេសប៊ុកច្នេះថា៖«កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍។ យើងមានប្រជាជនតែ ១៥ លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់ ។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយទេ »។
ពលរដ្ឋមួយចំនួន មិនគាំទ្រការអនុវត្តវិធានការរបស់រដ្ឋាភិបាល ស្របពេលកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ឡើយ។ ពួកគេស្នើឱ្យរដ្ឋាភិបាល ពន្យារពេលអនុវត្តសិន ដោយរង់ចាំកម្ពុជា និងពិភពលោកស្ងប់ស្ងាត់ ពីកូវីដ-១៩។
ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ក៏បារម្ភពីបញ្ហាលំបាករបស់ពលរដ្ឋ ក្នុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ។នោះក៏ព្រោះតែពួកគេមិនទាន់ដឹងច្បាស់ពីលក្ខខណ្ឌច្បាប់។ លោក រតនៈ ស្នើឱ្យរដ្ឋាភិបាល ទុកពេលឱ្យពលរដ្ឋ សិក្សាយល់ដឹងពីវិធីសាស្ត្របញ្ចៀសការផាកពិន័យចរាចរណ៍ តាមរយៈការរៀបចំឯកសារ និងសម្ភារផ្សេង ដើម្បីកុំឱ្យពួកគេខាតបង់កាន់តែធ្ងន់ធ្ងរ នៅក្នុងអឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។
តែយ៉ាងណាសម្ដេច ស ខេង បានបញ្ជាក់ថា ការពន្យាពេលអនុវត្តវិធានការចរាចរណ៍នោះ វានឹងធ្វើកម្ពុជាមានអ្នកបាត់បង់ជីវិតកាន់តែច្រើន ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«កន្លងមកនេះមានមតិខ្លះក៏បានលើកឡើងដោយសុំឲ្យមានការពន្យា ឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដោយមូលហេតុផ្សេងៗ។ ប៉ុន្តែក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមជម្រាបបញ្ជាក់ជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថាតាមលទ្ធផលជាវិជ្ជមានខាងលើនេះបានបង្ហាញថា ការពន្យាឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺប្រៀបបាននឹងការបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរយើងនៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងៗថែមទៀតដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកើតឡើងនូវសោកនាដកម្ម ទាំងចំពោះគ្រួសារ និងសង្គមជាតិយើង»។
ទាំងសម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង សុទ្ធតែអះអាងថា ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ពេលនេះ មិនមែនជាការដាក់បន្ទុកលើពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ១៩ទេ ប៉ុន្តែវាជាការការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ពលរដ្ឋប៉ុណ្ណោះ។
បន្ថែមពីនេះ សម្ដេច ស ខេង ក៏បានផ្ដាំមន្ត្រីអនុវត្តច្បាប់គោរពក្រមសីលធម៌ និងបំពេញការងារឱ្យបានត្រឹមត្រូវផងដែរ។«ទោះជាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឲ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗក្នុងយុទ្ធនាការ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះខ្ញុំក៏សូមក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង»។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃ។
ការរឹតបន្តឹងចរាចរណ៍ផ្លូវគោករយៈពេល១៤ថ្ងៃមកនេះ សមត្ថកិច្ច បានផាកពិន័យយានយន្តល្មើសច្បាប់ ២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង។ ការអនុវត្តវិធានការនេះ ក៏បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះ៦៨លើក និងអ្នករងរបួសថយចុះ៩១នាក់ ហើយអ្នកស្លាប់ថយចុះ២០នាក់ដែរ បើធៀបនឹងឆ្នាំ២០១៩ទៀតផង។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង៕