ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី ស្នើឱ្យពលរដ្ឋអនុវត្ត និងគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ជាជាងក្នក់ចិត្តជាមួយរដ្ឋាភិបាល ចំពោះការរឹតបន្តឹងច្បាប់នេះ។ បើតាមលោកស្រី មាណវី ការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋ ក៏ជាចំណែកលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ជាតិផងដែរ។
«ប្រទេសនីមួយៗ វាត្រូវតែមានច្បាប់ អ៊ីចឹងសុំឱ្យប្រជាពលរដ្ឋរបស់យើងគោរពតាមច្បាប់»។ នេះជាការអំពាវនាវរបស់លោកស្រី មឹន មាណវី ដែលស្នើឱ្យពលរដ្ឋរួមគ្នា កែប្រែអត្តចរិក និងឥរិយាបទ ងាកមកគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន។
បើតាមអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករូបនេះ ការអនុវត្តច្បាប់របស់ពលរដ្ឋ វាមិនត្រឹមតែជួយធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមទេ ប៉ុន្តែវាថែមទាំងជួយលើកកម្ពស់មុខមាត់ និងកិត្យានុភាពជាតិទៀតផង។
ថ្លែងក្នុងសន្និសីទកាសែតស្តីពីការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១២ ឧសភា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានបញ្ជាក់ដូច្នេះថា៖«អាកប្បកិរិយាគោរពច្បាប់របស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ គឺវាស្ថិតនៅលើការធ្វើចរាចរណ៍នៅតាមដងផ្លូវនេះឯង។ សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិនីមួយៗ ក៏វាបង្ហាញទៅតាមហ្នឹងដែរ»។
រយៈពេល១១ថ្ងៃ នៃការអនុវត្តអនុក្រឹត្យថ្មីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ នគរបាលចរាចរណ៍ បានឃាត់យន្តយន្ត ប្រមាណជិត២ម៉ឺនគ្រឿង ដោយក្នុងនោះ ទោចក្រយានយន្តនិងត្រីចក្រយានយន្ត មានជាង១,៤ម៉ឺនគ្រឿង ហើយរថយន្ត មានជាង៤ពាន់គ្រឿង។ នេះបើតាមលោក ហ៊ឹម យ៉ាន ស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក។
លោក ហ៊ឹម យ៉ាន់ បានបន្ថែមទៀតថា ចាប់តាំងពីអនុវត្តវិធានការរឹតបន្តឹងចរាចរណ៍មក ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះជិត៦០ភាគរយ ខណៈអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថយចុះ៤០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩។
នគរបាលចរាចរណ៍បានកំណត់យកបទល្មើសអាទិភាព ដើម្បីអនុវត្តលើបទល្មើសចរាចរណ៍ រួមមាន៖ ល្បឿន, មិនពាក់មួកសុវត្ថិភាព, ស្រវឹង, មិនគោរពភ្លើង និងស្លាកសញ្ញា, ល្មើសការបត់ និងវ៉ាជែង, ដឹកលើចំណុះ, គ្មានស្លាកលេខ, គ្មានបណ្ណបើកបរ, ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស និងនិយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង។
រីឯការផាកពិន័យអន្តរការណ៍នៃច្បាប់ចរាចរណ៍ ដែលរដ្ឋាភិបាលកំពុងអនុវត្តតាមអនុក្រឹត្យថ្មីនេះ វាមានទំហំទឹកប្រាក់ចាប់ពី៦ម៉ឺនរៀល រហូតទៅដល់ជាង២លានរៀល អាស្រ័យតាមប្រភេទបទល្មើសចរាចរណ៍។ ទំហំនៃការផាកពិន័យនេះ វាមានការកើនឡើងពី៣ ទៅ៥ដង បើធៀបនឹងទំហំទឹកប្រាក់ផាកពិន័យចាស់ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
ពលរដ្ឋមួយចំនួន មិនគាំទ្រការអនុវត្តវិធានការរបស់រដ្ឋាភិបាល ស្របពេលកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ឡើយ។ ពួកគេស្នើឱ្យរដ្ឋាភិបាល ពន្យារពេលអនុវត្តសិន ដោយរង់ចាំកម្ពុជា និងពិភពលោកស្ងប់ស្ងាត់ ពីកូវីដ-១៩។
ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ក៏បារម្ភពីបញ្ហាលំបាករបស់ពលរដ្ឋ ក្នុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ។ លោក រតនៈ ស្នើឱ្យរដ្ឋាភិបាល ទុកពេលឱ្យពលរដ្ឋ យល់ដឹងពីវិធីសាស្ត្របញ្ចៀសការផាកពិន័យចរាចរណ៍ តាមរយៈការរៀបចំឯកសារ និងសម្ភារផ្សេង ដើម្បីកុំឱ្យពួកគេខាតបង់កាន់តែធ្ងន់ធ្ងរ នៅក្នុងអឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។
ឆ្លើយតបទស្សនៈប្រតិកម្មរបស់ពលរដ្ឋជុំវិញវិធានការនេះ សម្ដេច ស ខេង ធ្លាប់បានបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ គឺដើម្បីបញ្ចៀសគ្រោះថ្នាក់លើដងផ្លូវ និងធានាសុខសុវត្ថិភាពពលរដ្ឋ ពោលគឺមិនមែនដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ។
«ការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថាក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ ដែលដឹកនាំនិងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រជាពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ»។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៅថ្ងៃទី៣០ មេសាកន្លងមក៕