COVID-19៖ អាមេរិក​ផ្ដល់​ថវិកា​ជាង​៧​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​វិញ​
COVID-19
ជាតិ
COVID-19៖ អាមេរិក​ផ្ដល់​ថវិកា​ជាង​៧​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​វិញ​
21, May 2020 , 3:41 pm        
រូបភាព
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាគ្នា នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២០
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាគ្នា នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២០
ភ្នំពេញ​៖ រដ្ឋាភិបាល​អាមេរិក ផ្ដល់​ថវិកា​៧,៥​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​វិញ បន្ទាប់​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩ រាតត្បាត​។ ថវិកា​ទាំងនេះ ត្រូវបាន​ប្រកាស​រួមគ្នា ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នៅ​ថ្ងៃទី​២១ ឧសភា​។​

 
​ក្នុងចំណោម​ទឹកប្រាក់​៧, ៥​លាន​ដុល្លារ​នេះ គឺ​អាមេរិក​ផ្ដល់​៥​លាន​ដុល្លារ សម្រាប់​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩​។ ចំណែក​ថវិកា​២, ៥​លាន​ដុល្លារ​ទៀត ជា​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​ឆ្លើយតប​នឹង​ការការពារ​សុខមាលភាព​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចំពោះ​ការប្រើប្រាស់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ក្នុង​រយៈពេល​ខ្លី​នឹងត្រូវ​ប្រើប្រាស់​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​ជំងឺ​រាតត្បាត​នេះ​។ ហើយដោយ​ឡែក​ក្នុង​រយៈពេល​មធ្យម​នឹង​ជួយ​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ការងារ​ឡើងវិញ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​វិស័យ​ឯកជន​»​។​
 
​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចាត់ទុក​ជំនួយ​របស់​អាមេរិក គឺជា​កាយវិការ​អន្តរាគមន៍​ចំ​គោលដៅ​និង​ទាន់ពេលវេលា ប្រកបដោយ​អត្ថន័យ​សម្រាប់​ប្រជាជន​កម្ពុជា​។ លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា «​ជំងឺ​កូ​វីដ​១៩ មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខមាលភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​គំរាមកំហែង​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។​ហើយ​កម្ពុជា​ក៏ដូចជា​ប្រទេស​ដទៃទៀត​ដែរ បាន​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​នេះ​»​។​
 
​កាលពី​អំឡុង​ពេលដែល​កម្ពុជា មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នោះ អាមេរិក ក៏បាន​ផ្ដល់ជំនួយ​ហិរញ្ញប្បទាន​ជា​បន្តបន្ទាប់ ក្នុង​ទំហំ​ទឹកប្រាក់ ៣ ,៥ លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ជួយ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះដែរ​។​
 
​កន្លងមក​សម្ដេច ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល បាន​ត្រៀម​ថវិកា​៨០០​លាន​ដុល្លារ ទៅ​២​ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ បើសិនជា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) អូសបន្លាយ​ពេល​យូរ​ទៀត​។ ថវិកា​នេះ អាច​ដោះស្រាយ​សេដ្ឋកិច្ច​ពី​រយៈពេល​៦​ខែ​ទៅ​១​ឆ្នាំ​។ រដ្ឋាភិបាល ក៏​កាត់បន្ថយ​ការចំណាយ​៥០​ភាគរយ ពី​ក្រសួង និង​ស្ថាប័នរដ្ឋ លើកលែងតែ​ក្រសួង​៣ ដែល​កាត់​តែ​២៥​ភាគរយ​។ សម្ដេច ហ៊ុន សែន បាន​អះអាងថា ការកាត់បន្ថយ​ការចំណាយ​តាម​ក្រសួង​នេះ វា​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​អង្គភាព​ទាំង​នោះទេ ។​
 
 
​ទន្ទឹមនឹង​ការត្រៀម​ថវិកា​ដោះស្រាយ​បញ្ហា​កូ​វីដ​១៩​នេះ ក៏​ជំនួយ​ថវិកា​ពី​មន្ត្រីរាជការ​ជាង​៩​លាន​ដុល្លារ ពី​មន្ត្រីរាជការ តាមរយៈ​ការ​កាត់​ប្រាក់បៀវត្ស​ពួកគេ​។ ក្រៅពីនេះ ក៏មាន​ថវិកា​ពី​សប្បុរសជន ជាង​១៤​លាន​ដុល្លារ (​ប្រើប្រាស់​អស់​ជាង​៧​លាន​ដុល្លារ​) ខណៈ​ដៃគូ​អភិវឌ្ឍន៍ ក្នុងនោះ​មាន​ធនាគារពិភពលោក ផ្ដល់​ថវិកា​២០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ​។ ថវិកា​របស់​ដៃគូ​អភិវឌ្ឍន៍ ត្រូវបាន​ក្រសួងសុខាភិបាល ប្រើប្រាស់​អស់​ជាង​៨​លាន​ដុល្លារ​ហើយ ក្នុង​ការទិញ​សម្ភារ​ពេទ្យ​។ នេះ​បើតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៥ ឧសភា​។​
 
​បច្ចុប្បន្ននេះ កម្ពុជា​គ្មាន​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី​ទៀត​នោះទេ ក្រោយពី​អ្នកជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ១២២​នាក់​បានជា​សះស្បើយ ៕

Tag:
 COVID-19
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com