រដ្ឋាភិបាល​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថ្មី​៩​កន្លែង នៅ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​
ជាតិ
រដ្ឋាភិបាល​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថ្មី​៩​កន្លែង នៅ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​
27, May 2020 , 11:55 am        
រូបភាព
ភ្នំពេញ​៖ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថ្មី​ចំនួន​៩​កន្លែង ដែលមាន​ផ្ទៃដី​សរុប​៣,៤១៨​ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើតឡើង ដើម្បី​កា​ពារ និង​អភិរក្ស​ជីវៈ​ចម្រុះ​ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​។ ក្នុងចំណោម​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថ្មី​ទាំង​៩​នោះ មាន​៣​កន្លែង ស្ថិតនៅ​ខេត្តបាត់ដំបង និង​៦​កន្លែង​ទៀត ស្ថិតនៅ​ខេត្តបន្ទាយមានជ័យ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ កាលពី​ថ្ងៃ​២៥​ឧសភា ឆ្នាំ​២០២០​។​

 
​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថ្មី​៣​កន្លែង ដែល​ស្ថិតនៅ​ខេត្តបាត់ដំបង​នោះ មាន​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​«​ភ្នំ​ប្រាំពីរ​»​មាន​ផ្ទៃដី ៣៥៣,៩​ហិកតា នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​«​គិរី​យង់​»​មាន​ផ្ទៃដី​ជិត​១​ពាន់​ហិកតា និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​«​ភ្នំ​បាក់​ទ្រាំង​» មាន​ផ្ទៃដី​ជិត​៨០​ហិកតា មាន​ទីតាំងនៅ​ឃុំ​ត្រែង និង​ឃុំ​រស្មី​សង្ហារ ស្រុក​រតនមណ្ឌល​។ 
 
​រីឯ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​៦​ទៀត នៅ​ខេត្តបន្ទាយមានជ័យ​នោះ មាន​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​«​ភ្នំ​ជញ្ជាំង​»​ផ្ទៃដី​១៩​ហិកតា​។ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​«​ភ្នំ​ស្វាយ​»​ផ្ទៃដី​១៦​ហិកតា និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​«​ភ្នំ​បាក់​»​ផ្ទៃដី​៣៦​ហិកតា គឺ​ស្ថិតនៅ​ក្រុង​សិរី​សោ​ភណ្ឌ​។ ដោយឡែក តំបន់​បេតិកភណ្ឌ​ធម្មជាតិ «​ភ្នំ​ព្រះនេត្រព្រះ​» ផ្ទៃដី​១៣​ហិកតា មាន​ទីតាំងនៅ​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ​។ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​«​ភ្នំ​ព្រះ​-​ភ្នំ​វែង​»​មា ន​ផ្ទៃដី​រហូតដល់ ១,៥០០​ហិកតា ស្ថិតនៅ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​«​យាយ​សំ​» មាន​ផ្ទៃដី​ជាង​៤០០​ហិកតា ស្ថិតនៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។ 


 
​ក្នុង​អនុក្រឹត្យ បាន​បញ្ជាក់ថា ការបង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ទាំង​៩​នេះ​ឡើង គឺ​ដើម្បី​ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ជា​ប្រយោជន៍​របស់​មនុស្ស​ជំនាន់​ក្រោយ​។ ការពារ​សោភ័ណភាព ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ នៃ​តំបន់​សម្រាប់​បម្រើ​ដល់​ការកម្សាន្ត ការ​ទស្សនា ការអប់រំ ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ជំនឿ ដោយ​ធានាថា​គ្រប់​សកម្មភាព​ទាំងនេះ មិន​បង្ក​ការគំរាមកំហែង​ដល់​បរិស្ថាន ធម្មជាតិ  និង​វប្បធម៌​ក្នុង​មូលដ្ឋាន​ឡើយ​។ ពិសេស​រក្សា​កម្រិត​ដល់​ការប្រើប្រាស់​ធនធាន​ជីវៈចម្រុះ​ធនធានធម្មជាតិ ធនធាន​វប្បធម៌ និង​មុខងារ​នៃ​តំបន់​នេះ​។​
 
​លើសពីនេះ ការបង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថ្មី​នេះ នឹង​ផ្តល់​សេវាកម្ម​ធម្មជាតិ និង​វប្បធម៌ សម្រាប់​ការប្រើប្រាស់​ដោយ​និរន្តរភាព  ជាមួយនឹង​ការលើកកម្ពស់​ការចូល​រួម​ពី​សហគមន៍​មូលដ្ឋាន  ក៏ដូចជា​សាធារណជន ក្នុងការ​រួមចំណែក​ដ​ល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ​ធនធានធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​។ 


 
​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួងបរិស្ថាន​រៀបចំ និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ថ្មី​ទាំងនេះ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​រដ្ឋបាល​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដើម្បី​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព ស្រម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​៕






 
 

Tag:
 ទេសចរណ៍
 បេតិកភណ្ឌ​
  អភិរក្ស​
 ​ធនធានធម្មជាតិ​
 ​បាត់ដំបង​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com