COVID-19
សង្គមអន្តរជាតិ
អន្តរជាតិ
សភាចិន អនុម័តផែនការបង្កើតច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង កិច្ចប្រជុំសភាប្រជាជនចិនពេញអង្គលើកទី៣ នៃនីតិកាលទី១៣ ដែលបញ្ចប់នៅថ្ងៃទី២៨ ខែឧសភា ។ រូបភាព៖ Xinhua
× សភាប្រជាជនចិន នាថ្ងៃទី២៨ ខែឧសភា បានអនុម័តលើដំណោះស្រាយច្បាប់សន្តិសុខជាតិហុងកុងហើយ។ ការអនុម័តនេះ នឹងបើកផ្លូវឲ្យគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន តាក់តែងច្បាប់សន្តិសុខជាតិហុងកុងឡើង ទោះជាមានការតវ៉ាពីអ្នកនយោបាយនៃហុងកុង និងការព្រមានរបស់អាមេរិកក្ដី។
នាថ្ងៃចុងក្រោយនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃនីតិកាលទី១៣ សភាប្រជាជនចិន បានសម្រេចអនុម័តដំណោះស្រាយច្បាប់សន្តិសុខជាតិហុងកុង។ នីតិវិធីបន្ទាប់ គណៈកម្មការអចិន្ត្រៃយ៍សភាប្រជាជនចិន នឹងពិភាក្សាជាមួយរដ្ឋាភិបាលហុងកុង និងគណៈកម្មការច្បាប់មូលដ្ឋានហុងកុង ដើម្បីតាក់តែងច្បាប់ស្តីពីសន្តិសុខជាតិហុងកុងឡើង។
បន្ទាប់ពីសេចក្តីស្នើច្បាប់ស្តីពីសន្តិសុខជាតិរៀបចំរួចរាល់ វានឹងត្រូវគេអនុម័ត និងប្រកាសឲ្យប្រើប្រាស់ ដោយមិនឆ្លងកាត់សភាទីក្រុងហុងកុង។ គេរំពឹងថា ដំណើរការអនុម័តនេះ នឹងចាប់ផ្ដើមនៅខែមិថុនាខាងមុខ ជាពេលដែលគណៈអចិន្ត្រៃយ៍សភាប្រជាជនចិនបើកកិច្ចប្រជុំរៀងរាល់ពីរខែម្ដង។
ការអនុម័តដំណោះស្រាយច្បាប់ស្តីពីសន្តិសុខជាតិហុងកុងនេះ នឹងធ្វើឲ្យប្រជាជនហុងកុងតវ៉ាថែមទៀត ខណៈក្រុមបាតុករ កំពុងតវ៉ាលើការពិភាក្សាសេចក្តីស្នើច្បាប់ភ្លេងជាតិចិនលើកទីពីររបស់សភាហុងកុង។ គិតមកត្រឹមថ្ងៃទី២៨ ខែឧសភា បាតុករហុងកុងយ៉ាងហោចណាស់ ៣៦០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងអំឡុងពេលបាតុកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។
ដើម្បីបង្ការ និងទប់ស្កាត់ក្រុមបាតុករ រដ្ឋាភិបាលទីក្រុងហុងកុង បានពង្រាយកងកម្លាំងសមត្ថកិច្ចជាច្រើននាក់នៅក្នុងទីក្រុងហុងកុង និងដាក់របាំងការពារក្រុមបាតុករកម្ពស់ ១,៨៣ម៉ែត្រនៅតាមបរិវេណសភាហុងកុង។
សូមបញ្ជាក់ថា បើទោះបីជាក្នុងកាលៈទេសៈCOVID-19 ក៏ដោយ ប្រជាជនហុងកុងជាច្រើននាក់បានចេញមកបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលហុងកុងដែរ ជុំវិញដំណោះស្រាយច្បាប់សន្តិសុខជាតិហុងកុង និងសេចក្តីស្នើច្បាប់ភ្លេងជាតិចិន ព្រោះប្រជាជនហុងកុងជឿថាសេចក្តីស្នើច្បាប់ទាំងពីរនេះ នឹងលុបបំបាត់សិទ្ធិសេរីភាពរបស់ពួកគេ និងគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។ ចំណែកអាមេរិកឯណោះវិញ ក៏បានសម្រេចដកហូតឋានៈពិសេសរបស់រដ្ឋបាលហុងកុងក្រោមច្បាប់អាមេរិកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com