ជាតិ
សង្គមជាតិ
សម្ដេច ស ខេង​៖ បើ​ចរាចរណ៍​រញ៉េរញ៉ៃ គេ​អាច​គិតថា​ប្រទេស​យើង​គ្មាន​សណ្ដាប់ធ្នាប់​
31, May 2020 , 10:59 pm        
រូបភាព
សម្តេច ស ខេង ដែល​ចូលរួម​ក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តកែប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ (រូបភាព ពីគេហទំព័រក្រសួងមហាផ្ទៃ)
សម្តេច ស ខេង ដែល​ចូលរួម​ក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តកែប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ (រូបភាព ពីគេហទំព័រក្រសួងមហាផ្ទៃ)
​ភ្នំពេញ​៖ ការបើកបរ​មិន​គោរព​ច្បាប់ មិន​ត្រឹមតែ​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំ​ឲ្យ​បាត់បង់​ជីវិត របួស ឬ​ខូចខាត​ទ្រព្យសម្បត្តិ​នោះទេ ប៉ុន្តែ​ឥរិយាបថ​នេះ ក៏​បង្ហាញ​ពី​សណ្តាប់ធ្នាប់​របស់​ប្រទេស​ដែរ​។ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​ថ្មី​ខេត្ត​កែប កាលពី​ថ្ងៃទី​២៩​ឧសភា សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា បើ​ពលរដ្ឋ​បើកបរ​រញ៉េរញ៉ៃ គេ​អាច​សន្និដ្ឋានថា​ប្រទេស​គ្មាន​សណ្តាប់​។ សម្តេច ស ខេង ថ្លែង​ដូច្នេះ​«​បើ​ភ្ញៀវ​បរទេស​មក​ប្រទេស​យើង រ​ញេ​ររ​ញ៉ៃ ធ្វើដំណើរ​ចុះឡើង វា​បញ្ជាក់​ឲ្យ​ឃើញថា​ស្រុក​ហ្នឹង​វា​មិនកើត អត់​សណ្ដាប់ធ្នាប់ អត់​របៀបរៀបរយ​។ នេះ​ជា​បញ្ហា​»​។

 
​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា រាប់ពាន់នាក់​បាត់បង់​ជីវិត របួស និង​ខាតបង់​សេដ្ឋកិច្ច​រាប់លាន​ដុល្លារ​នៅក្នុង​មួយឆ្នាំៗ រដ្ឋាភិបាល​បានចាប់ផ្តើម រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ជាថ្មី ចាប់តាំងពី​ដើមខែ​ឧសភា​មក​។ ហើយ​កាលពី​ថ្ងៃទី​២៩ ខែឧសភា នៅក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​ថ្មី​ខេត្ត​កែប   សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា រដ្ឋាភិបាល នឹងមិន​ដកថយ ចំពោះ​ការ​រឹតបន្តឹង​នេះឡើយ​។ 
 
​ទោះជា​យ៉ាងនេះ នៅក្នុង​ដំណាក់កាល​ដំបូង​នេះ សម្តេច ស ខេង ក៏បាន​រំឭក​ជាថ្មី​ថា​ទៅ​នគរបាល​ថា​មិន​ត្រូវដាក់​ប៉ា​រាស់ ដើម្បី​ឆែក​រកមើល​ឯកសារ​នោះឡើយ​។ ការឃាត់ និង​សួររក​ឯកសារ គឺធ្វើឡើង​សម្រាប់តែ​ពលរដ្ឋ​ដែល​បើកបរ​ល្មើសច្បាប់​ប៉ុណ្ណោះ​។ នេះ​បើតាម​រដ្ឋ​មន្ត្រ​ក្រសួងមហាផ្ទៃ ដែល​បាន​បន្តទៀត មន្ត្រីនគរបាល ត្រូវ​ម៉ឹង​មាត់ ប៉ុន្តែ​ក៏ត្រូវ​រក្សា​ឥរិយាបថ​ទន់ភ្លន់ រាបសារ​ជាមួយ​ប្រជាពលរដ្ឋ ក្នុងពេល​អនុវត្ត​ការងារ​ផងដែរ​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល​២៩​ថ្ងៃ នៃ​ខែឧសភា ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ខែមេសា ជនរងគ្រោះ​ដែល​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ ក្នុងនោះ អ្នកស្លាប់​ថយចុះ​១៥​នាក់ ខណៈ​អ្នករបួស ជាង​៨០​នាក់​។ ការថយចុះ​នេះ ត្រូវបាន​សម្តេច ស ខេង ចាត់ទុកថា គឺជា​ជោគជ័យ​មួយ ហើយ​ដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៅតែ​បន្ត​ឥត​ដកថយ​នោះឡើយ ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​។ 
 
​ជាមួយគ្នានេះដែរ រយៈពេល​៣០​ថ្ងៃ​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ នគរបាល​ចរាចរណ៍​បាន​ត្រួតពិនិត្យ និង​ពិន័យ​យានយន្ត​ល្មើស​ចំនួន ៤៣ ៥៣០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ចំនួន ១១ ៧៧៥​គ្រឿង និង​ម៉ូតូ ៣១ ៧៥៥​គ្រឿង​។ នេះ​បើតាម​លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទរ​នៅ​ថ្ងៃទី​៣១ ឧសភា ឆ្នាំ​២០២០៕
 
 

Tag:
 ចរាចរណ៍​
 ​ កែប​
 ​ ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com