មក​ដឹង​ពី​អគារ​ទីស្នាក់ការ​ដ៏​ស្កឹមស្កៃ​របស់​បក្ស​កាន់អំណាច ដែល​ទើប​កសាង​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
មក​ដឹង​ពី​អគារ​ទីស្នាក់ការ​ដ៏​ស្កឹមស្កៃ​របស់​បក្ស​កាន់អំណាច ដែល​ទើប​កសាង​
05, Jun 2020 , 7:19 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
ដោយ: ថ្មីៗ
​អគារ​ថ្មី​ជាទី​ស្នាក់ការ​កណ្តាល​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) សាងសង់​បាន​៩៥ភាគរយ​ហើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះទៅពិនិត្យ​មើល​អគារ​នេះ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​។


​អគារ​ថ្មី​នេះ សាងសង់ឡើង​នៅលើ​ផ្ទៃដី​នៃ​ទីតាំង​អគារ​ទី​ស្នាក់​កណ្តាល​ចាស់​ដដែល ដែលមាន​ទំហំ​ដី​ប្រមាណ ១,៦​ហិកតា ស្ថិត​តាម​បណ្តោយ​វិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ អគារ​ថ្មី​នេះ មាន​៥​ជាន់ បណ្ដោយ​១៥០​ម៉ែត្រ ទទឹង​៧៤ ម៉ែត្រ កម្ពស់​៤៨​ម៉ែត្រ និង ទំហំ​ប្រមាណ​៥​ម៉ឺន​ម៉ែត្រការ៉េ​។ 
 
​នៅ​ជាន់​ផ្ទាល់​ដី មាន​ចំណតរថយន្ត​ជាង​៥០០​ចំណត និង​ទីធ្លា​មុខ​អគារ អាច​ចត​រថយន្ត​បាន​៣០០​គ្រឿង​ទៀត​។ នៅ​ជាន់​លើ មាន​សាល​សម្រាប់​ប្រជុំ​ជា​លក្ខណៈ​មហាជន អាចដាក់​មនុស្ស​ដល់​ទៅ​ប្រមាណ​១​ម៉ឺន​នាក់​។​
 
​ក្នុង​អគារ​នេះ ក៏មាន​សាល​បដិសណ្ឋារកិច្ច អាចដាក់​មនុស្ស​ជាង​៥​ពាន់​នាក់ និង មាន​អាហារ​ដ្ឋា​ន​នៅ​ផ្នែក​ខាងត្បូង​អគារ អាចដាក់​មនុស្ស​១២០​នាក់​។ នៅ​បន្ទប់​ផ្សេងៗ​ទៀត រួមមាន បន្ទប់​សោតទស្សន៍ បន្ទប់​រដ្ឋបាល បន្ទប់​សម្រាប់​ជនពិការ បន្ទប់​សម្រាប់​កងការពា​រ បន្ទប់​ប្រជុំ​គណៈ​ប្រចាំការ និង បន្ទប់​ប្រជុំ​អន្តរជាតិ ការិយាល័យ​សម្រាប់​សម្រាក និង ការិយាល័យ​សម្រាប់​សម្ដេច​ប្រធានកិត្តិយស ការិយាល័យ​សម្រាប់​ប្រឹក្សា​គណៈអចិន្ត្រៃយ៍​គណបក្ស ការិយាល័យ ដែលជា​សាល​សមាជិក​អចិន្ត្រៃយ៍​គណបក្ស និង ឃ្លាំង (​សម្រាប់​ដាក់​របស់រប​រ )​។ «​សូម្បីតែ​បន្ទប់​កាត់សក់ ក៏មានដែរ​»​។ 
 
​លើសពីនេះ មាន​សាល​លៀង​សាយភោជន៍ អាចដាក់​មនុស្ស​បាន​១៥០​នាក់​។ នៅ​ជា​ន់ទី​៥​នៃ​អគារ មាន​សាលប្រជុំ​ធំ ដែលមាន​កៅអី​សម្រាប់​មនុស្ស​អង្គុយ​ជាង​៣,៤​ពាន់​នាក់ និង មា​នទី​សម្រាក​នៅ​សងខាង ដែល​អាចដាក់​មនុស្ស​ជាង​៣,៤​ពាន់​នាក់​ផងដែរ​។ 
 
​អគារ​នេះ ធ្វើឡើង​តាម​រចនាប័ទ្ម​អង្គរវត្ត រចនាប័ទ្ម​បន្ទាយស្រី និង រចនាប័ទ្ម​កណ្តាល ។ រចនាប័ទ្ម​ទាំង​៣ ដែល​ត្រូវបាន​រួមបញ្ចូល​គ្នា ហៅថា «​រចនាប័ទ្ម​រួម​សម័យ​» ។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី សរសេរ​ដូច្នេះ​ថា​៖«​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ ត្រូវបាន​សាងសង់ឡើង​រំលេច​ដោយ​ក្បូរក្បាច់​រចនាប័ទ្ម​ខ្មែរ​ដ៏​ល្អ​វិចិត្រ និង​មាន​សោភ័ណ​ភាពល្អ​ប្រណិត​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន​»​។ 
 
​ប្រភព​ដដែល សរសេរ​ទៀតថា​៖«​វត្តមាន​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការរួបរួម សាមគ្គីភាព និង ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​បង្អែក​មិនអាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង ទៅ​អនាគតកាល​»​។ 
 
​អគារ​ថ្មី​នេះ ចាប់ផ្តើម​កសាង​តាំងពី​ចុងឆ្នាំ​២០១៨​មក​។ មិនទាន់មាន​ព័ត៌មាន​ផ្លូវការ​ឬ​ជាក់លាក់​ឡើយ អំពី​ទំហំ​ថវិកា ដែល​ចំណាយ​លើ​ការសាងសង់​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​។ 
 
​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិនទាន់​ដឹង​ដែរ អំពី​ទំហំ​ថវិកា ហើយ​អគារ​នេះ នឹង​រួច​ទាល់​ទាំងស្រុង នៅ​ថ្ងៃ​ណា​ឬ​ខែ​ណា​នោះ លោក ក៏​មិនទាន់​ហ៊ាន​សន្និដ្ឋាន​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ លោក គ្រាន់តែ​អាច​ប្រាប់​បាន​ថា ថវិកា ដែល​ចំណាយ​លើ​ការសាងសង់​អគារ​ថ្មី​នេះ គឺជា​ថវិកា​របស់​គណ​បក្ស​ផ្ទាល់​។ 
 
​យ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ម្នាក់​ដែរនោះ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ចុងឆ្នាំ​២០១៩ ថា តាម​ការប្រកាស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ទឹកប្រាក់ ដែល​ចំណាយ​លើ​ការសាងសង់​អគារ​ថ្មី​នេះ គឺ​ប្រមាណ​ជា​៣០​លាន​ដុល្លារ​។ 
 
​ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រ​ទេវី​នៃ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ចុងឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើងថា អគារ​ថ្មី​ជាទី​ស្នាក់ការ​កណ្តាល​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​សាងសង់​រួចរាល់ ហើយ​គ្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ឆ្នាំ​២០២០​នេះ​។ ប្រធាន​គណបក្សកាន់អំណាច អះអាង​នៅពេលនោះ​ថា អគារ​ថ្មី​នេះ មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​អគារ​វិមាន​សន្តិភាព​៕ 
 

Tag:
 ហ៊ុន សែន​
  CPP
  អគារ​ទី​ស្នាក់​ថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com