COVID-19
ជាតិ
ករណីឆ្លងថ្មីរប៉េះរប៉ោះធ្វើឲ្យស្ថានភាព COVID-19 នៅកម្ពុជា កាន់តែពិបាកប៉ាន់ស្មាន លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មានកូវីដ-១៩ កាលពីថ្ងៃទី ២៧ ខែមេសា។
× ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែមិថុនានេះ មានករណីឆ្លងកូវីដ-១៩ ថ្មី ១បន្ថែមទៀត ដែលជាករណីនាំចូល ដោយអ្នកជំងឺបានធ្វើដំណើរពីបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង។ ការរកឃើញករណីឆ្លងថ្មីនេះ ធ្វើឱ្យក្រសួងសុខាភិបាលបារម្ភពី លទ្ធភាពនៃការចម្លង និងអាចមានរលកទី២នៃជំងឺកូវីដ-១៩នៅក្នុងប្រទេស ខណៈពលរដ្ឋមួយចំនួនកំពុងធ្វេសប្រហែស ។
តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៧ ខែមិថុនានេះ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ពលរដ្ឋមួយចំនួនមានការធ្វេសប្រហែសពីជំងឺកូវីដ-១៩ ដោយប្រជាពលរដ្ឋខ្លះ កំពុងតែចល័តដោយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសការដើរកម្សាន្ត ឬការជួបជុំគ្នាច្រើន។ ដោយមិនបានបន្តអនុវត្តវិធានការការពារខ្លួន ដែលជាហានិភ័យ អាចកើតមាននូវរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេស។
ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានក្រើនរំឮកឱ្យពលរដ្ឋ ត្រូវនាំគ្នាបន្តការការពារជំងឺកូវីដ-១៩ ដោយត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលលាងដៃ ពាក់ម៉ាស់(ក្នុងករណីចាំបាច់) ប្រើកន្សែង ឬក្រមា ក្រដាសជូនមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះពេលក្អក ឬកណ្ដាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។
បន្ថែមពីនេះ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាថា មិនមានការចម្លងជំងឺកូវីដ-១៩ នៅទីតាំងហាងរបស់ខ្លូន។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ៧ ខែ មិថុនានេះ កម្ពុជាមានអ្នកផ្ទុកកូវីដ-១៩ ចំនួន ១២៦នាក់ ក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន១២៣នាក់ ខណៈអ្នកឆ្លងជំងឺនេះនៅទូទាំងពិភពលោកកើតជិត ៧ លាននាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង ៣.៤លាននាក់ និងស្លាប់ជិត៤០ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com