COVID-19
អន្តរជាតិ
អូស្ត្រាលី​ទាត់ចោល​ការអះអាង​ចិន​ថា អូស្ត្រាលី​ជាទី​អ​សុវត្ថិភាព​សម្រាប់​និស្សិត​អន្តរជាតិ​
10, Jun 2020 , 8:39 pm        
រូបភាព
ដោយ:
​មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី និង​តំណាង​សកល​វិទ្យាល័យ​ឈានមុខ​នៅ​អូស្ត្រាលី នៅ​ថ្ងៃទី​១០ ខែមិថុនា បានបង្ហាញ​ការជំទាស់​ចំពោះ​ការអះអាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​និស្សិត​ចិន​ប្រុងប្រយ័ត្ន​នៅពេល​ជ្រើសរើស​ការសិក្សា​ក្នុង​អូស្ត្រាលី ។ រឿងរ៉ាវ​នេះ​កើតឡើង​ក្រោយ​មាន​កង្វល់​ជុំវិញ​ការរើសអើង​ពូជសាសន៍​អំឡុង​ជំងឺ​រាតត្បាត COVID-19 ។

 
 
 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋមន្ត្រី​អប់រំ​អូស្ត្រាលី លោក Dan Tehan គូសបញ្ជាក់ថា ប្រទេស​លោក គឺជា​សង្គម​ពហុវប្បធម៌​មួយ ដែល​ស្វាគមន៍​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់​។ លោក​បន្តថា​៖«​ភាពជោគជ័យ​យើង​ក្នុងការ​ទប់ស្កាត់ COVID-19 មានន័យថា យើង​គឺជា​ប្រទេស​មាន​សុវត្ថិភាព​បំផុត​មួយ​ក្នុង​ពិភពលោក សម្រាប់​និស្សិត​អន្តរជាតិ​»​។​
 
​ប្រតិកម្ម​ចំពោះ​ការព្រមាន​របស់​រដ្ឋាភិបាល​ចិន លោក​រដ្ឋមន្ត្រី​រូបនេះ សង្កត់ធ្ងន់ថា​៖«​យើង​បដិសេធ​ការអះអាង​ថា​ចិន ដែលថា អូស្ត្រាលី​គឺជា​ទិសដៅ​អ​សុវត្ថិភាព​សម្រាប់​និស្សិត​អន្តរជាតិ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត​ឥ​មាន AFP ។​
 
​បន្ថែម​ពីលើ​នេះ អ្នកស្រី Vicki Thomson អគ្គនាយក​នៃ​សម្ព័ន្ធ​សកលវិទ្យា​ល័យ​ល្បីៗ​របស់​អូស្ត្រាលី (Group of Eight) បាន​ប្រាប់ AFP ថា អ្នកស្រី​បារម្ភ​ខ្លាំង​នៅពេល​រដ្ឋាភិបាល​ចិន​ចេញ​សេចក្តី​ព្រមាន​ប្រឆាំង​និស្សិត​ត្រលប់​ទៅ​រៀន​ក្នុងប្រទេស​អូ​ស្រា្ត​លី​វិញ​បែបនេះ​។ 
 
​អ្នកស្រី អះអាងថា​៖«​យើង​គ្មាន​ទទួលបាន​ភស្តុតាង ដែល​បង្ហាញ​ករណី​រើសអើង​ពូជសាសន៍​កើតឡើង​នៅ​សកល​វិទ្យាល័យ​ពួកយើង​ឡើយ ហើយ​នៅ​ខណៈ​នេះ យើង​ក៏​គ្មាន​និស្សិត​ច្រើន​នាក់​ឡើយ​នៅ​រៀន​ក្នុង​សកល​វិទ្យាល័យ​យើង »​។ ម្យ៉ាងវិញទៀត អ្នកស្រី Thomson សោក​ស្តោ​យ​ថា វិស័យ​អប់រំ​នេះ ជាប់​ក្នុង​សំណាញ់​នៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​។ 
 
​សូមបញ្ជាក់ថា ក្រសួង​អប់រំ​ចិន នៅ​ថ្ងៃទី​៩ ខែមិថុនា បាន​ព្រមាន​ថា វា​កើតមាន​ឧបទ្ទវហេតុ​រើសអើង​ច្រើន​ករណី​ប្រឆាំង​ជនជាតិ​អាស៊ី​ក្នុងប្រទេស​អូស្ត្រាលី អំឡុង​ជំងឺ​រាតត្បាត COVID-19​។ ការចេញ​សេចក្តី​ព្រមាន​បែបនេះ គឺជា​វិធានការ​ចុងក្រោយ​ស្របពេល​ការកើនឡើង​កម្តៅ​តានតឹង​រវាង​ក្រុង​ប៉េកាំង​និង​ក្រុង​កង់​បេ​រ៉ា ដែល​ដុនដាប​កាន់តែខ្លាំង​ក្រោយ​អូស្ត្រាលី​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​ជុំវិញ​ប្រភព​ជំងឺ COVID-19 និង​វិធានការ​ដោះស្រាយ​ជំងឺ​នេះ​៕
 

Tag:
 ​អូស្ត្រាលី​
  ចិន​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com